ទោះជាលោកអ្នកកំពុងឈានទៅរកដំណាក់កាលមួយទៀត នៃទំនាក់ទំនងគូស្នេហ៍ ឬមានគម្រោងរៀបការក៏ដោយ វាច្បាស់ណាស់ថា អ្នកទាំងពីរនឹងក្លាយជាម្ចាស់កម្មសិទ្ធិ លើទ្រព្យសម្បត្តិក្រោយរៀបការ រួមមានដីធ្លី ផ្ទះសម្បែង និងរថយន្តជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ តើលោកអ្នកបានបញ្ជាក់ច្បាស់លាស់ ជាមួយដៃគូរបស់អ្នក អំពីទ្រព្យសម្បត្តិមុនពេលរៀបការហើយឬនៅ? ប្រសិនបើទ្រព្យសម្បត្តិទាំងនោះបានមកដោយប្រាក់កម្ចី តើលោកអ្នកយល់ព្រមសងផ្តាច់ ឬចូលរួមបង់រំលស់ប្រចាំខែជាមួយគ្នាដែរឬទេ? ហើយតើវានឹងក្លាយជាទ្រព្យសម្បត្តិរួម ក្រោយពេលរៀបការមែនឬទេ?
ដើម្បីស្មើភាពគ្នា លោកអ្នកគួរតែជជែក ចរចា និងសម្រេចចិត្តទៅតាមស្ថានភាពជាក់ស្តែងរបស់ខ្លួន មុនពេលឈានទៅរកជីវិតអាពាហ៍ពិពាហ៍។ សូមចងចាំថា លោកអ្នកនឹងត្រូវរស់នៅ និងកសាងអនាគារជាមួយគ្នា អស់មួយជីវិត។