Back
វិធីសាស្រ្តសន្សំ  
រៀបចំផែនការសម្រាប់ អនាគតរបស់ខ្ញុំ  
គន្លឹះធ្វើដំណើរ  
សេវា​ផ្ទេរ​ប្រាក់  
សេវាធនាគារដោយខ្លួនឯង  
កម្មវិធីពិសេសថ្មីៗ  
កម្មវិធីពិសេស សម្រាប់ប័ណ្ណឥណទាន  
អត្រា និង ការបង់ប្រាក់  
សំណួរ ដែលសួរញឹកញាប់  
ទំនាក់ទំនងយើងខ្ញុំ  
មកកាន់ទីតាំងយើងខ្ញុំ  
គោលការណ៍ ស្តីពីការផ្តល់ តម្លៃដល់អតិថិជន ដោយស្មើភាពគ្នា  
របាយការណ៍ប្រចាំឆ្នាំ  
You're viewing:
សេវាកម្មបុគ្គល
Other Sites
logo
KH - ខ្មែរ

បញ្ញត្តិ និងលក្ខខណ្ឌសម្រាប់គ្រប់គ្រងប្រតិបត្តិការគណនីក្រុមហ៊ុន

បញ្ញត្តិ និងលក្ខខណ្ឌខាងក្រោមនេះ គឺសម្រាប់គ្រប់គ្រងគណនីរបស់អតិថិជន ដែលមាន​ជាមួយធនាគារ ស៊ីអាយអិបប៊ី ភីអិលស៊ី។

 

I. និយមន័យ

នៅពេលអ្នកអាន បញ្ញត្តិ និងលក្ខខណ្ឌនេះ សូមធ្វើការកត់​សម្គាល់នូវអត្ថន័យដូចខាងក្រោម៖

(ក) 'អ្នក', 'របស់អ្នក', 'ម្ចាស់គណនី', 'អតិថិជន' មានន័យថាបុគ្គលដែលមានឈ្មោះក្នុងគណនី និងរួមបញ្ចូលសន្តតិជន ឬអ្នកតំណាងផ្ទាល់ខ្លួនរបស់បុគ្គលនោះ។

(ខ) 'បុគ្គល' រួមមានសាជីវកម្ម ក្រុមហ៊ុន ក្រុមហ៊ុនសហកម្មសិទ្ធិ ក្រុមហ៊ុនសហកម្មសិទ្ធិទទួលខុសត្រូវមានកម្រិត សង្គម សមាគម សហជីព ស្ថាប័ន និងអាជីវកម្មផ្សេងទៀត ស្ថាប័នច្បាប់ និងទីភ្នាក់ងារ និងអាជ្ញាធររដ្ឋាភិបាល ក្នុងស្រុក ឬ     បរទេស។

(គ) 'យើង', 'របស់យើង', 'ពួកយើង' និង 'ធនាគារ' សំដៅលើធនាគារ ស៊ីអាយអឹមប៊ី ភីអិលស៊ី និងសន្តតិជន និងអ្នកតំណាង។

(ឃ) 'គណនី' មានន័យថាគណនីណាមួយដែលបានបើកជាមួយធនាគារក្រោមឈ្មោះរបស់អ្នក៖ គណនីចរន្ត គណនីចរន្តរូបិយប័ណ្ណបរទេស (FCCA) គណនីបញ្ញើមានកាលកំណត់ គណនីបញ្ញើមានកាលកំណត់រូបិយប័ណ្ណបរទេស (FCFD) និងគណនីផ្សេងទៀតដែលធនាគារបានណែនាំនៅពេលណាមួយ ដែលបានបើកក្រោមឈ្មោះរបស់អ្នក និងដែលបញ្ញត្តិ និងលក្ខខណ្ឌទូទៅ និង​ដោយឡែក នៃគណនីនីមួយៗត្រូវកំណត់នៅក្នុងបញ្ញត្តិ និងលក្ខខណ្ឌនេះ។

(ង) 'ថ្ងៃធ្វើការ' មានន័យថា ថ្ងៃណាមួយដែលធនាគារនៅកម្ពុជា និងធនាគារបើកសម្រាប់ប្រតិបត្តិការធនាគារ។

(ច) 'ថ្ងៃទូទាត់' មានន័យថា ថ្ងៃធ្វើការណាមួយដែលមិនរាប់បញ្ចូលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក។

(ឆ) 'បទប្បញ្ញត្តិ' មានន័យថា បទប្បញ្ញត្តិ បទបញ្ជា សេចក្តីណែនាំផ្លូវការ សំណើរដ្ឋាភិបាល ក្រមនៃការអនុវត្ត ឬគោលការណ៍ណែនាំ (ទោះជាករណីនីមួយៗមាន ឬមិនមានអានុភាពអនុវត្តតាមច្បាប់ក៏ដោយ) ដែលចេញដោយស្ថាប័នរដ្ឋាភិបាល ភ្នាក់ងារ នាយកដ្ឋាន អាជ្ញាធរពន្ធដារ ឬអាជ្ញាធរផ្សេងទៀត ឬអង្គភាពក្នុងយុត្តាធិការណាមួយ និង/ឬបុគ្គល ឬ    ស្ថាប័នផ្សេងទៀតដែលមានយុត្តាធិការលើធនាគារ ហើយដែលអាចដាក់ចេញឱ្យអនុវត្តនៅពេលណាមួយ (រួមទាំងនិងមិនកម្រិតត្រឹម ការតម្រូវ​ឱ្យ​មាន​ប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម តម្រូវការរបស់រដ្ឋាភិបាល ការដាក់ទណ្ឌកម្ម ឬការគ្រប់គ្រងលើការប្តូររូបិយបណ្ណ័បរទេស។ )។

(ជ) ឯកវចនៈរួមបញ្ចូលពហុវចនៈ និងបញ្ច្រាស់មកវិញ។ ភេទ រួមបញ្ចូលគ្រប់ភេទទាំងអស់។

(ឈ) ប្រសិនបើបទប្បញ្ញត្តិណាមួយនៅក្នុងបញ្ញត្តិ និងលក្ខខណ្ឌនេះ បាន ឬក្លាយជាអសុពលភាព មិនស្របច្បាប់ ឬ មិនអាចអនុវត្តបានក្រោមច្បាប់ណាមួយ នោះបញ្ញត្តិដទៃទៀតនៅតែ​បន្តមានសុពលភាព និង បន្តអនុវត្តពេញលេញ។

(ញ) ធនាគារមានសិទ្ធិ​បោះបង់ក្នុង​ការអនុវត្តប្រការណាមួយក្នុងករណីណាមួយ ប៉ុន្តែការបោះបង់នេះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ធនាគារក្នុងការអនុវត្តសិទ្ធិរបស់ខ្លួនលើប្រការដដែលនោះ​ ក្នុងករណី ឬពេលវេលាណាមួយផ្សេងទៀតឡើយ។

(ដ) បញ្ញត្តិ និងលក្ខខណ្ឌនេះ ត្រូវចងកាតព្វកិច្ច និងអនុវត្តចំពោះទាយាទ អ្នកតំណាងបុគ្គល ប្រតិបត្តិករ និងសន្តតិជនដែលទទួលសិទ្ធិ។

 

II. បញ្ញត្តិ និង លក្ខខណ្ឌនៃការអនុវត្តទូទៅ

១. ការបើកគណនី

១.១ ការបើកគណនី ស្ថិតក្រោមការយល់ព្រមពីធនាគារ និងពាក្យស្នើសុំត្រូវភ្ជាប់ជាមួយការណែនាំដ៏ត្រឹមត្រូវស្របតាម និងនៅពេលដែល​ធនាគារតម្រូវ។

១.២ អ្នក ត្រូវផ្តល់ឱ្យធនាគារនូវរាល់ឯកសារ ព័ត៌មាន និងការផ្តល់សិទ្ធិ ដែលតម្រូវក្នុងការបើកគណនី និងរក្សាគណនីរបស់អ្នកជាមួយធនាគារ។ ឯកសារនេះ រាប់បញ្ចូលទាំងព័ត៌មានដែលតម្រូវដោយធនាគារសម្រាប់គោលបំណងបំពេញតាមគោលការណ៍ "ស្គាល់អតិថិជនរបស់អ្នក" តម្រូវការនៃការប្រឆាំងការសម្អាតប្រាក់និងប្រឆាំងការផ្តល់ហិរញ្ញប្បទានភេរវកម្ម រួមទាំងច្បាប់ និងបទប្បញ្ញត្តិផ្សេងទៀតដែលតម្រូវឱ្យធនាគារអនុវត្តតាម។

១.៣ ធនាគារមានសិទ្ធិកំណត់ទឹកប្រាក់អប្បបរមាដើម្បីបើកគណនី តាមឆន្ទានុសិទ្ធិរបស់ធនាគារតែមួយគត់ (ទឹកប្រាក់អប្បបរមានេះអាចនឹងប្រែប្រួលនៅពេលណាមួយតាមឆន្ទានុសិទ្ធិរបស់ធនាគារតែមួយគត់)។

១.៤ ធនាគារ អាចបដិសេធក្នុងការភ្ជាប់ទំនាក់ទំនងជាមួយម្ចាស់គណនីណាមួយ ដែលមានស្មារតីមិនប្រក្រតី​​ចំពោះមុខធនាគារក្នុងការគ្រប់គ្រងខ្លួនឯង ឬគណនីរបស់ខ្លួនបាន។

 

២. សំណើរបស់អតិថិជន

២.១ រាល់ការបញ្ជា ទាក់ទងនឹងគណនីមួយៗ​ ត្រូវតែផ្តល់ដោយអតិថិជន ឬអ្នកតំណាងអតិថិជន ស្របតាមការផ្តល់ការអនុញ្ញាត ឬការផ្ទេរសិទ្ធិយ៉ាងតឹងរ៉ឹង នៅអំឡុង​ពេលក្នុងការ​ធ្វើប្រតិបត្តិការ​លើ​គណនី។ ការបញ្ជាទាំងនោះត្រូវធ្វើជាលាយលក្ខណ៍អក្សរ ឬក្នុងទម្រង់ និង/ឬវិធីសាស្រ្តផ្សេងទៀត ដែលយល់​ព្រម​ដោយធនាគារនៅពេលណាមួយ។

២.២ រាល់ការបញ្ជា ដលទទួល​បាន​ដោយធនាគារមិនអាចលុបចោល ដក​វិញ​  ឬកែប្រែឡើយ លុះត្រាតែមាន​ការ​យល់ព្រម​តាមឆន្ទានុសិទ្ធិពីធនាគារ ។

២.៣ ធនាគារអាចជ្រើសរើសមិនធ្វើសកម្មភាពតាមការបញ្ជារបស់អតិថិជន នៅពេល​ដែល​​ចំនួនទឹកប្រាក់សរុបដើម្បីធ្វើការទូទាត់លើសពីសមតុល្យនៅក្នុងគណនី ប៉ុន្តែប្រសិនបើធនាគារអនុវត្តតាមការបញ្ជានេះ ធនាគារអាចជ្រើសការអនុវត្តតាម​ការបញ្ជាទាំងអស់ ឬដោយផ្នែក ឬតាមការបញ្ជាណាមួយ ដោយមិនយោងលើពេលវេលាដែលទទួលបានការបញ្ជា​របស់អតិថិជននោះទេ។

២.៤ ហត្ថលេខាគំរូ និង សិទ្ធិក្នុងការចុះហត្ថលេខារបស់អតិថិជន ឬហត្ថលេខីដែលទទួលសិទ្ធិ ដែលបានផ្តល់ជូនមកធនាគារជាលាយលក្ខណ៍អក្សរត្រូវមានសុពលភាពរហូត លើកលែងតែធនាគារទទួលបានលិខិតដកហូតសិទ្ធិ​ជាលាយ​លក្ខណ៍​អក្សរពីអតិថិជនវិញ។

២.៥ ធនាគារ​​ មានសិទ្ធិផ្ទៀងផ្ទាត់ហត្ថលេខា ដោយធ្វើការប្រៀបធៀបជាមួយនឹងហត្ថលេខាគំរូដែលបានកត់ត្រាជាមួយធនាគារ។ ធនាគារមានសិទ្ធិមិនទូទាត់មូលប្បទានបត្រណាមួយ ករណីដែលហត្ថលេខារបស់អតិថិជន ឬអ្នកតំណាងដែល​បាន​ទទួលសិទ្ធិពី​អតិថិជន​ (ក្នុងករណីណាមួយ) ខុសពីហត្ថលេខាគំរូដែលបានរក្សាទុកនៅជា​មួយ​ធនាគារ តាមសេចក្តីសម្រេចតែមួយគត់របស់ធនាគារ ដែល​ជា​សេចក្តី​សម្រេច​ចុងក្រោយ​ និង​ស្ថាពរ។​

២.៦ អតិថិជនត្រូវជូនដំណឹងទៅធនាគារជាលាយលក្ខណ៍អក្សរអំពីការផ្លាស់ប្តូរព័ត៌មានណាមួយរបស់ខ្លួន រួមទាំងការផ្លាស់​ប្តូរអាណត្តិ ការផ្លាស់ប្តូរ ឬការប្រែប្រួលហត្ថលេខារបស់ខ្លួន ឬ ហត្ថលេខារបស់អ្នកតំណាង​ ឬការផ្លាស់ប្តូរអ្នកតំណាងក្នុងបញ្ជីហត្ថលេខីដែលទទួលសិទ្ធិ ឬរបៀបនៃការចុះហត្ថលេខា (ប្រសិនបើមាន) ការផ្លាស់ប្តូរនៅ​ក្នុង​ស្ថាប័ន​របស់អតិថិជន (រួមទាំងការផ្លាស់ប្តូរដៃគូអាជីវកម្ម ការផ្លាស់ប្តូរលក្ខន្តិកៈក្រុមហ៊ុន (ប្រសិនបើមាន)) ការផ្លាស់ប្តូរ អាសយដ្ឋាន ឬព័ត៌មានលម្អិតសម្រាប់ទំនាក់ទំនង។ ធនាគារមានសិទ្ធិដំណើរ​ការផ្លាស់ប្តូរ​តាមការជូនដំណឹង ក្នុង​ពេល​វេលា​​សមស្របមួយ ក្នុងអំឡុងពេលយ៉ាងតិចប្រាំពីរ (៧) ថ្ងៃនៃថ្ងៃធ្វើការ ចាប់ពីពេលបានទទួលបានការបញ្ជា ('អំឡុងពេលផ្លាស់ប្តូរ')​។ ធនាគារមិនទទួលខុសត្រូវចំពោះអតិថិជន ចំពោះសកម្មភាព ឬភាពអសកម្មដែល​ធ្វើឡើងដោយផ្អែកលើការ​បញ្ជា ឬ​ ​អាណត្តិ​ ឬ​ ការ​តំណាងសិទ្ធិដែលមាន​ស្រាប់​ នៅក្នុងអំឡុងពេលផ្លាស់ប្តូរឡើយ។

២.៧ ប្រសិនបើអតិថិជន បានដាក់ពាក្យស្នើសុំបើកគណនីផ្សេងទៀតជាបន្តបន្ទាប់ ធនាគារអាច (ប៉ុន្តែមិនមានកាតព្វកិច្ច) យកព័ត៌មានដែលមាននៅក្នុងពាក្យស្នើសុំថ្មី ដើម្បីជំនួសព័ត៌មានពីមុនដែលផ្តល់ដោយអតិថិជនបាន។

២.៨ ធនាគារអាចបដិសេធមិនធ្វើសកម្មភាពតាមការបញ្ជាណាមួយ ប្រសិនបើ ការបញ្ជានោះមិនសមស្របនឹងច្បាប់ បទដ្ឋាន ឬ បទប្បញ្ញត្តិផ្សេងទៀតជាធរមាន​។

២.៩ ប្រសិនបើមានភាពមិនច្បាស់លាស់ ឬភាពមិនស៊ីសង្វាក់គ្នា ឬ ភាពមិនស្របគ្នា​រវាងការបញ្ជាផ្សេងៗរបស់អតិថិជន ធនាគារអាចជ្រើសរើសមិនអនុវត្តតាមការបញ្ជានោះ រហូតដល់ភាពមិនច្បាស់លាស់ ឬភាពមិនស្របគ្នា​ត្រូវបានដោះស្រាយតាមតម្រូវការរបស់ធនាគារ ឬធនាគារអាចជ្រើសរើសអនុវត្តតែការបញ្ជា​របស់ហត្ថលេខីដែលទទួលសិទ្ធិទាំងអស់ បើទោះបីជាអាណត្តិ ឬការបញ្ជាដែលមានស្រាប់កំណត់ផ្សេងពីនេះក៏ដោយ។

 

៣. ប្រាក់បញ្ញើ

៣.១ ដោយមិនប៉ះពាល់ដល់ប្រការ ៣.២ ធនាគារត្រូវទទួលយកប្រាក់បញ្ញើណាមួយដែលបានដាក់ដោយអតិថិជន ហើយរៀបចំដាក់ប្រាក់បញ្ញើនោះទៅក្នុងគណនីតាមការពេញចិត្ត​របស់អតិថិជន។ ការគ្រប់គ្រងគណនីនេះ ត្រូវកំណត់នៅក្នុង​បញ្ញត្តិ និង លក្ខខណ្ឌជាក់លាក់ក្នុង​ផ្នែក (III) ដែលពាក់ព័ន្ធ។

៣.២ ធនាគារ​ អាចបដិសេធការដាក់ប្រាក់ណាមួយ ឬកំណត់ចំនួនទឹកប្រាក់ដែលអាចដាក់ប្រាក់បញ្ញើ និងប្រគល់មកវិញទាំងអស់ ឬមួយផ្នែក នៃចំនួនទឹកប្រាក់ដែលត្រូវដាក់នៅធនាគារ ​នៅពេលណាដោយមិនមានការជូនដំណឹងជាមុនដល់អតិថិជន និងតាមឆន្ទានុសិទ្ធិតែមួយគត់របស់ខ្លួន និង ដោយពុំទទួលខុសត្រូវ ឬការផ្តល់​ព័ត៌មាន ឬផ្តល់ហេតុផលណាមួយដល់អតិថិជនឡើយ។

៣.៣ រាល់ការដាក់ប្រាក់ដែលធ្វើឡើងដោយអតិថិជនត្រូវធ្វើឡើងតាមមធ្យោបាយ ឬ រូបិយប័ណ្ណដែលអនុញ្ញាតដោយធនាគារ។ អតិថិជន ត្រូវអនុវត្តតាមនីតិវិធីដែលកំណត់ដោយធនាគារនៅពេលណាមួយ​ និង​តាម​ឆន្ទា​នុសិទ្ធិ​របស់​ធនាគារតែមួយគត់​។ បង្កាន់ដៃទទួលប្រាក់បញ្ញើនឹងត្រូវ​បញ្ជាក់​ដោយ​ត្រារបស់ធនាគារ ឬបោះពុម្ពចេញពីម៉ាស៊ីនកុំព្យូទ័រ​របស់ធនាគារ ឬដោយមន្ត្រីរបស់ធនាគារ។

៣.៤ ប្រាក់បញ្ញើជាសាច់ប្រាក់​ អាចដកបាននៅថ្ងៃធ្វើការបន្ទាប់ពីថ្ងៃដាក់ប្រាក់។

 

៤. ការទូទាត់​មូលប្បទានបត្រ

៤.១ រាល់មូលប្បទានបត្រ និង ឧបករណ៍ទូទាត់ហិរញ្ញវត្ថុផ្សេងទៀតទាំងអស់ដែលដាក់មកធនាគារ ត្រូវ​​ទទួលបាន​ដោយធនាគារសម្រាប់ទូទាត់​ ក្នុង​តួនាទីជាភ្នាក់ងារទូទាត់។ ធនាគារអាច៖

(ក) បញ្ជូនមូលប្បទានបត្រនីមួយៗ ឬឧបករណ៍អាចជួញដូរបានផ្សេងទៀតសម្រាប់ទូទាត់ ទៅកាន់អ្នកចេញប័ណ្ណ  បហារិត អ្នកយល់ព្រម ឬអ្នកទទួលប្រាក់ផ្សេងទៀត ឬតាមរយៈភ្នាក់ងារទូទាត់ណាមួយរបស់ខ្លួន​ ដោយយោងតាម និងអនុលោមតាមវិធាន និងបទប្បញ្ញត្តិរៀងៗខ្លួន និងសម្រាប់ការទូទាត់ជាសាច់ប្រាក់ មូលប្បទានបត្រធនាគារឬផ្សេងទៀត។

(ខ) បដិសេធក្នុងការ​ទូទាត់ ប្រមូល ឬផ្តល់ការជូនដំណឹងអំពីការមិនបង់ប្រាក់ ឬ មិនទូទាត់សងមូលប្បទានបត្រ ឬឧបករណ៍អាចជួញដូរបានផ្សេងទៀត នៅថ្ងៃសៅរិ៍ ថ្ងៃអាទិត្យ ឬថ្ងៃបុណ្យជាតិដែលបានកំណត់។

៤.២ រាល់ការផ្ទេរប្រាក់ ទោះជាទទួលបានតាមរយៈការផ្ញើ​សារ​អេឡិចត្រូនិច​ ទូរលេខ ឬមធ្យោបាយអេឡិចត្រូនិច ឬ ឧបករណ៍​ដែលអាច​ជួញដូរ​បានណាមួយ មិនអាចដកវិញបានទេ រហូតដល់ផ្ទេរប្រាក់ត្រូវបានទទួលដោយធនាគារ។ នៅពេលដែលការផ្ទេរប្រាក់នោះត្រូវបានលុបចោលដោយមូលផលណាក៏ដោយ ​ហើយទឹកប្រាក់​នៅក្នុង​គណនីរបស់អតិថិជន​នឹងត្រូវបានកាត់​ភ្លាមៗ នោះធនាគារនឹងដកការប្រាក់ដែលត្រូវបានគណនា ឬបញ្ចូលទៅក្នុងគណនីនោះមកវិញដែរ។

៤.៣ ធនាគារអាចបដិសេធមិនទទួលយកប្រាក់បញ្ញើ ឬមូលប្បទានបត្រ និងឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតដែលចេញដោយភាគីទីបី។ នៅពេលដែលធនាគារទទួលយក ការទទួលយកនោះ នឹងមិនមានភ្ជាប់ទទួលខុសត្រូវរបស់ធនាគារឡើយ ហើយអតិថិជននឹងទទួលខុសត្រូវទាំងស្រុងចំពោះភាពត្រឹមត្រូវ និងសុពលភាពលើរាល់​បិដ្ឋិលេខ។ បិដ្ឋិលេខជា​ច្រើនលើមូលប្បទានបត្រ ឬ ឧបករណ៍អាចជួញដូរបានផ្សេងទៀតដែលធ្វើឡើងតាមបញ្ជារបស់ភាគីទីបីនឹងមិនត្រូវបានទទួលយកដោយធនាគារទេ លុះត្រាតែមានការព្រមព្រៀងជាមុនជាមួយធនាគារ។

៤.៤ មូលប្បទានបត្រ និង ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតដែលទទួលបានសម្រាប់ការទូទាត់នឹងត្រូវបានបញ្ចូលទៅក្នុងគណនី​របស់អតិថិជន បន្ទាប់ពីធនាគារបានទទួលការទូទាត់រួចរាល់តែប៉ុណ្ណោះ។

៤.៥ មូលប្បទានបត្រដែលចេញជាមួយធនាគារក្នុងស្រុក អាចត្រូវបានទូទាត់តែនៅថ្ងៃទូទាត់មូលប្បទានបត្រ​ដែលជាថ្ងៃធ្វើការ​ដែលបានកំណត់ប៉ុណ្ណោះ។

៤.៦ មូលប្បទានបត្រដែលចេញជាមួយធនាគារក្នុងស្រុក នឹងត្រូវបានបញ្ចូលទៅក្នុងគណនី ប៉ុន្តែមិនអាចទូទាត់បាននោះទេ​ លុះត្រាតែមានទឹកប្រាក់នៅក្នុងគណនីដែលចេញមូលប្បទានបត្រនោះ។ ធនាគារនឹងដកនូវមូលប្បទានបត្រពីគណនី ប្រសិនបើមូលប្បទានបត្រទាំងនេះមិនត្រូវបានទូទាត់​ ឬមិនមានទឹកប្រាក់គ្រប់គ្រាន់។

៤.៧ ប្រការ ៤.៤ ​ប្រការ ៤.៥ និង ប្រការ ៤.៦ ត្រូវអនុវត្តដូចគ្នា​ចំពោះរាល់មូលប្បទានបត្រដែលដាក់ជាមួយធនាគារ មិនថាតាមបញ្ជរ ឬតាមរយៈសេវាម៉ាស៊ីនដាក់មូលប្បទានបត្រ ឬតាមរយៈមធ្យោបាយណាមួយ។

៤.៨ ធនាគាររក្សាសិទ្ធិក្នុងការដកប្រាក់​ពីគណនីរបស់អតិថិជននៅពេលទទួលបានមូលប្បទានបត្រដាក់​មកធនាគារ ប៉ុន្តែធនាគារអាចប្រគល់មូលប្បទានបត្រមកអតិថិជនវិញដោយមិនទូទាត់។

៤.៩ រាល់មូលប្បទានបត្រធនាគារ​ លិខិតសន្យា រូបិយាណត្តិ និងការបញ្ជាទិញផ្សេងទៀតសម្រាប់ការទូទាត់ (ពីពេលនេះតទៅហៅថា​ 'ឧបករណ៍ទូទាត់') ដែលធនាគារបានទទួលសម្រាប់ដាក់ក្នុងគណនី ត្រូវ​ស្ថិតនៅក្រោមបញ្ញត្តិ និង​លក្ខខណ្ឌដូចខាងក្រោម៖

(ក) នៅពេលដែលការទូទាត់ត្រូវបានធ្វើឡើងទៅក្នុងគណនី រាល់ទឹកប្រាក់​ដែលបានដាក់​ក្នុងគណនី គឺបណ្តោះអាសន្ន ហើយអាចនឹងត្រូវដកមកវិញ លុះត្រាតែការទូទាត់នេះត្រូវបានទទួលដោយធនាគារ។

(ខ) ធនាគាររក្សាសិទ្ធិ ក្នុងការទទួលយកឧបករណ៍ទូទាត់ណាមួយ សម្រាប់តែធ្វើបេឡានិច័យប៉ុណ្ណោះ។ ធនាគារអាចបញ្ជូនឧបករណ៍ទូទាត់​ ទៅធនាគារដែលជាកន្លែងទូទាត់ដោយផ្ទាល់ ឬទៅភ្នាក់ងារណាដែលជ្រើសតាំង ដើម្បី ប្រមូលឧបករណ៍ទូទាត់តាមរយៈភ្នាក់ងាររងមួយ ឬច្រើនដែលជ្រើសតាំងដោយភ្នាក់ងារនោះ។ ភ្នាក់ងារទូទាត់/ភ្នាក់ងាររងណាមួយអាចត្រូវចាត់ទុកថាជាភ្នាក់ងាររបស់អតិថិជន។

(គ) សិទ្ធិរបស់ធនាគារ ក្នុងការទាមទារសំណងពីអតិថិជនលើឧបករណ៍ទូទាត់ណាមួយ មិនត្រូវប៉ះពាល់ដោយ (១) ការបាត់បង់ ការបំផ្លិចបំផ្លាញ ឬ មិនមានទឹកប្រាក់លើឧបករណ៍ទូទាត់ណាមួយឡើយ (២) ដំណាក់កាលនីតិវិធីណាមួយធ្វើឡើងដោយធនាគារ ឬ (គ) ការចុះការព្រមព្រៀងណាមួយ​ (ដែលត្រូវបានអនុញ្ញាតដោយអតិថិជន) ជាមួយភាគីទីបីណាមួយ។

(ឃ) ធនាគារ នឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬការពន្យារពេលក្នុងការទូទាត់ចូលគណនី ទោះជា​ការ​បាត់បង់ ឬ​ការ​ពន្យា​រនោះ កើតឡើង​ពី​ (ប៉ុន្តែមិនកំណត់ចំពោះ) (i) ការបញ្ឈប់ការទូទាត់ (ii) ការបាត់បង់តាមរយៈសារអេឡិចត្រូនិច (iii) ការយឺតយ៉ាវ ឬ ការខកខាននៃការធ្វើបង្ហាញការទូទាត់ ការទាមទារ ការទូទាត់ ឬការផ្តល់សេចក្តីជូនដំណឹងអំពីការមិនទូទាត់ ឬ (iv) ឧបករណ៍ទូទាត់ ប័ណ្ណប្រាក់ ឬរបាយការណ៍មិនមានទឹក​ប្រាក់គ្រប់គ្រាន់​ក៏ដោយ។

(ង) អតិថិជនបានបោះបង់ការតវ៉ា ការបង្ហាញ និងការជូនដំណឹងអំពីឧបករណ៍ទូទាត់ណាមួយដែលមិនមានប្រាក់គ្រប់គ្រាន់ និងតទៅនេះលះបង់សិទ្ធិក្នុងការទាមទារសំណង ឬទូទាត់សងពីធនាគារ។

៤.១០ ការដាក់មូលប្បទានបត្រ និងឧបករណ៍អាចជួញដូរបានផ្សេងទៀតមិនអាចដកសំរាប់ប្រើប្រាស់បានឡើយ លុះត្រាតែធនាគារបានទទួលការទូទាត់រួចរាល់​តែប៉ុណ្ណោះ។

៤.១១ អតិថិជនត្រូវ​ចេញសងការចំណាយ​ជូនធនាគារដែលជាភ្នាក់ងារទូទាត់ លើ​ការចំណាយ ការបាត់បង់ ការខូចខាត ឬការទទួលខុសត្រូវផ្សេងទៀតដែលអាចកើតឡើងលើ ឬប៉ះពាល់​ដល់​ធនាគារ ដោយមូលហេតុណាមួយ តាមរយៈ​ការយល់ព្រមទូទាត់ ឬមូលប្បទានបត្រមិនមាន​សាច់ប្រាក់​គ្រប់គ្រាន់ ដែលអតិថិជនតម្កល់ទុកសម្រាប់ការទូទាត់។

៤.១២ ធនាគារមានសិទ្ធិគិត ថ្លៃសេវា ឬកម្រៃជើងសារធម្មតារបស់ខ្លួនក្នុងនាមជាភ្នាក់ងារទូទាត់ និងត្រូវបានអនុញ្ញាតឱ្យកាត់ថ្លៃសេវា​ទាំងនោះ​ពីគណនីនោះបាន។

 

៥. ការដកប្រាក់

៥.១ ការបញ្ជា​ដើម្បីដកប្រាក់ដោយអតិថិជន ត្រូវធ្វើជាលាយលក្ខណ៍អក្សរ ឬតាមរបៀបដែលធនាគារកំណត់។ អតិថិជនត្រូវអនុវត្តតាមនីតិវិធីដូចដែលធនាគារបានកំណត់ណាពេលណាមួយ និង​ តាមឆន្ទានុសិទ្ធិរបស់ធនាគារតែ​មួយ​គត់។ អតិថិជន អាចដកប្រាក់ប្រចាំថ្ងៃ ទៅតាមចំនួនដែល​កំណត់ដោយធនាគារ។

៥.២ នៅពេលធនាគារទទួលបានការបញ្ជាដកប្រាក់ស្របតាមទម្រង់របស់ធនាគារ អតិថិជនត្រូវទទួលខុសត្រូវលើការបញ្ជា​នេះ​ មិនថាគណនីដែលពាក់ព័ន្ធនោះ មានសមតុល្យសំរាប់ទូទាត់ ឬផ្សេងពីនេះ។ ធនាគារមិនមានកាតព្វកិច្ច  អនុវត្តតាមសំណើដកប្រាក់ណាមួយឡើយ ប្រសិនបើក្នុងគណនីរបស់អតិថិជនមានទឹកប្រាក់​មិនគ្រប់គ្រាន់ ហើយមិនមានការព្រមព្រៀងច្បាស់លាស់ណាមួយផ្សេងពីនេះ ។

៥.៣ នៅពេលដែលការបញ្ជាផ្ទេរប្រាក់ត្រូវបានប្រគល់ទៅឱ្យធនាគារ នោះអតិថិជនមិនអាច​លុប ដក ឬ​កែប្រែការបញ្ជា​នោះបានទេ លុះត្រាតែធនាគារយល់​ព្រមផ្សេងពីនេះតាមឆន្ទានុសិទ្ធិរបស់ធនាគារតែ​មួយ​គត់។

៥.៤ នៅក្នុងករណីដែលធនាគារទទួលបានការបញ្ជាសម្រាប់ការទូទាត់មួយចំនួន ឬប្រតិបត្តិការផ្សេងទៀត ដែលទឹកប្រាក់សរុបលើសពីចំនួនសមតុល្យមាននៅក្នុងគណនីមួយ ឬហួសពីចំនួនទឹកប្រាក់ដែលបានអនុញ្ញាត នោះធនាគារនឹងមានសិទ្ធិតាមឆន្ទានុសិទិ្ធរបស់​ខ្លួន​ក្នុងការជ្រើសរើសប្រតិបត្តិការណាមួយត្រូវអនុវត្តជា​បន្តបន្ទាប់ ដោយមិនយោងទៅលើកាលបរិច្ឆេទនៃការផ្ញើរចេញ ឬពេលវេលានៃការទទួលបានការ​បញ្ជាឡើយ។

៥.៥ ការបញ្ជារបស់អតិថិជនត្រូវតែអនុវត្ត​ស្របតាម ផ្នែកមួយហៅថា 'ការបញ្ជារបស់អតិថិជន' នៅក្នុងបញ្ញត្តិ និង លក្ខខណ្ឌ​នេះ។

៥.៦ ធនាគារអាចដកប្រាក់ពីគណនីរបស់អ្នក ទោះជាគណនីនេះមានសមតុល្យគ្រប់គ្រាន់ឬមិន​គ្រប់គ្រាន់​​ក៏ដោយ ប្រសិនបើការទូទាត់ ឬការដកប្រាក់ត្រូវបានធ្វើឡើងតាមរយៈទម្រង់ស្នើសុំដកប្រាក់ដែលបំពេញបានត្រឹមត្រូវ ឬមូលប្បទានបត្រដែលចុះហត្ថលេខា ស្របជាមួយនឹងឯកសារដែលមាននៅក្នុងកំណត់ត្រារបស់ធនាគារ និង/ឬការផ្តល់នូវអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់អ្នក ឬហត្ថលេខីដែលទទួល​បាន​អនុញ្ញាតពី​អ្នក  តាមការស្នើសុំរបស់ធនាគារ។

៥.៧ ទោះបីជាមានសមតុល្យគ្រប់គ្រាន់នៅក្នុងគណនីរបស់អ្នកក៏ដោយ ធនាគារមិនមានកាតព្វកិច្ចធ្វើទៅតាមការបញ្ជា​ណាមួយដែលទាក់ទងនឹងការបង់ប្រាក់ ឬសំណើដកប្រាក់របស់អ្នក ប្រសិនបើ៖

(ក) ហត្ថលេខា ខុសពីហត្ថលេខាគំរូដែលបានផ្តល់ឱ្យធនាគារ ឬ មិនបានចុះហត្ថលេខាតាមលក្ខខណ្ឌប្រតិបត្តិការដែលបានអនុញ្ញាត ឬ មិនបានស្នើសុំដកប្រាក់ស្របតាមទម្រង់ហត្ថលេខាដែលតម្រូវនៅពេលស្នើសុំធ្វើប្រតិបត្តិការនោះ។

(ខ) មូលប្បទានបត្រ/ឧបករណ៍ហិរញ្ញវត្ថុដែលបានផ្តល់​ជូន លើសពីប្រាំមួយ (៦) ខែ ឬ ហួសពីរយៈពេលដែលបានបញ្ជាក់​នៅលើមូលប្បទានបត្រ/ឧបករណ៍ហិរញ្ញវត្ថុ ចាប់ពីកាលបរិច្ឆេទនៃមូលប្បទានបត្រ/ឧបករណ៍ហិរញ្ញវត្ថុបានចេញ។

(គ) ក្នុងករណីមូលប្បទានបត្រដែលពាក្យ 'អ្នកកាន់' ត្រូវបានលុបចោល។

(ឃ) សមតុល្យនៅក្នុងគណនីត្រូវបានគេបង្អាក់ដោយហេតុផលណាមួយ។

(ង) ធនាគារបានទទួល ឬមានកាតព្វកិច្ចគោរពតាមការតម្រូវ​របស់បទប្បញ្ញត្តិ សេចក្តីសម្រេចតុលាការ ឬបទដ្ឋាននៃយុត្តាធិការពាក់ព័ន្ធណាមួយ ឬសំណើមិនឱ្យទូទាត់​ប្រាក់ ឬសំណើដកប្រាក់ ឬដើម្បីទូទាត់ទៅស្ថាប័នរដ្ឋាភិបាល ឬទីភ្នាក់ងារណាមួយ ឬធនាគារត្រូវអនុវត្តតាម​ដីការបស់តុលាការ ឬដំណើរនីតិវិធីតាមច្បាប់ផ្សេងទៀត ដែលតម្រូវឱ្យធនាគារ​បង្កកគណនី ឬមិនអនុញ្ញាតឱ្យដកប្រាក់។

(ច) ការប្រតិបត្តិតាមបញ្ជាទំាងនេះ នឹងនាំឱ្យធនាគារបំពាន ឬ មិនអនុលោមតាមការដាក់ទណ្ឌកម្ម ការតម្រូវរបស់រដ្ឋាភិបាល ដីកា​របស់តុលាការនៃយុត្តាធិការពាក់ព័ន្ធ អាជ្ញាធរគ្រប់គ្រងលើការប្តូររូបិយប័ណ្ណបរទេស ការតម្រូវ​ទាក់ទងនឹងការ​ប្រឆាំងការសម្អាត​ប្រាក់​ ឬការប្រឆាំង     ហិរញ្ញប្បទានភេរវកម្ម និង/ឬច្បាប់ និងបទប្បញ្ញត្តិផ្សេងទៀតដែលធនាគារចាំបាច់ ឬត្រូវអនុវត្តតាម។ និង

(ឆ) ធនាគារក៏មានសិទ្ធិធ្វើការទូទាត់ និងដកប្រាក់តាមលំដាប់ ឬអាទិភាពណាមួយតាមការ​កំណត់របស់ធនាគារ។​

៥.៨ ធនាគារមិនមានកាតព្វកិច្ចក្នុងការហៅទូរសព្ទ ឬជូនដំណឹងដល់អ្នកអំពីការកើតឡើងនៃហេតុការណ៍ណាមួយដែលរៀបរាប់ក្នុងប្រការ ៥.៧ ខាងលើ ឬ នៅពេលដែលគណនីរបស់អ្នកត្រូវបានដកប្រាក់​លើសសមតុល្យនោះទេ​។

៥.៩ ការកែ​ណាមួយលើមូលប្បទានបត្រ ឬសំណើដកប្រាក់ផ្សេងទៀត ត្រូវតែបញ្ជាក់ដោយហត្ថលេខាពេញលេញរបស់​ហត្ថលេខី ដែលស្របតាមហត្ថលេខាគំរូ។ ធនាគារ​មិនមានកាតព្វកិច្ចទូទាត់មូលប្បទានបត្រ ឬអនុវត្តតាម​សំណើដកប្រាក់ណាមួយឡើយ នៅពេលដែលការកែប្រែនោះ ត្រូវ​បញ្ជាក់​ដោយ​ហត្ថលេខាសង្ខេប​ ឬហត្ថលេខាមិនពេញលេញ និងមិនស្រប​តាមហត្ថលេខាគំរូ។

 

៦. ការបញ្ជា​អចិន្រ្តៃយ៍

ទោះបីជាមានការទទួលយកការបញ្ជាអចិន្ត្រៃយ៍ពីអតិថិជនក៏ដោយ ធនាគារនឹងមិនស្ថិតនៅក្រោមកាតព្វកិច្ចណាមួយក្នុងការអនុវត្ត​តាមការបញ្ជានោះឡើយ ប្រសិនបើគណនីមិនមានសមតុល្យ​គ្រប់គ្រាន់នៅកាលបរិច្ឆេទកំណត់ដើម្បីឱ្យ​ធនាគារ​ធ្វើការទូទាត់។ ធនាគារនឹងមិនស្ថិតនៅក្រោមកាតព្វកិច្ចក្នុងការអនុវត្តការបញ្ជា​អចិន្ត្រៃយ៍ណាមួយឡើយ ប្រសិនបើមូលនិធិក្នុងគណនីត្រូវបានទទួលនៅកាលបរិច្ឆេទណាមួយ ក្រោយ​កាលបរិច្ឆេទដែលបានកំណត់ដើម្បីឱ្យ​ធនាគារ​ធ្វើការទូទាត់។ ទោះបីជាមានកិច្ចព្រមព្រៀងណាមួយរវាងធនាគារ និងអតិថិជនដូចរៀបរាប់ខាងលើក៏ដោយ ធនាគារនឹងមិនទទួលខុសត្រូវចំពោះអតិថិជនឡើយ ប្រសិន​បើធនាគារសម្រេចបដិសេធ ឬមិន​អនុវត្តតាមការបញ្ជា​អចិន្ត្រៃយ៍ដែលទទួលបានពីអតិថិជន។

 

៧. កន្លែងទូទាត់

ប្រាក់ទាំងអស់នៅក្នុងគណនីនឹងត្រូវទូទាត់តែនៅសាខារបស់ធនាគារក្នុងប្រទេសកម្ពុជា ដែលគណនីបានបើក ឬនៅសាខាណាមួយ ឬកន្លែងផ្សេងទៀតក្នុងប្រទេសកម្ពុជា ឬទីតាំងដែលកំណត់ដោយ​ធនាគារ តាម​ឆន្ទានុសិទ្ធិ​ដាច់ខាតរបស់ខ្លួនតែមួយគត់។

 

៨. របាយការណ៍គណនី

៨.១ លុះត្រាតែមានចែងផ្សេងពីនេះ នៅក្នុង​បញ្ជា​ដែលគ្រប់គ្រងសេវាកម្មធនាគារអេឡិចត្រូនិករបស់ធនាគារ ឬ លុះត្រាតែតែមាន​ការ​រៀបចំផ្សេងពីនេះដោយធនាគារ របាយការណ៍គណនីនឹងត្រូវបានផ្តល់ជូនជារៀងរាល់ខែ ដែលអតិថិជនអាចទទួលពីសាខាដែលគណនីត្រូវបានបើក។ ម្ចាស់គណនីត្រូវពិនិត្យមើលប្រតិបត្តិការដែលបានកត់ត្រានៅក្នុងរបាយការណ៍គណនី និងជូនដំណឹងមកធនាគារ​ករណីមានកំហុស ភាពមិនប្រក្រតី ភាពមិនត្រឹមត្រូវ ការទាមទារ ឬការកាត់ប្រាក់​ដែលមិនមានការអនុញ្ញាត។ ប្រសិនបើធនាគារមិនទទួលបានការជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីកំហុស ឬភាពមិនត្រឹមត្រូវទាក់ទងនឹងការកត់ត្រាប្រតិបត្តិការដកប្រាក់​ ឬដាក់​ប្រាក់​នៅក្នុងរបាយការណ៍ក្នុងរយៈពេល ១៤ ថ្ងៃចាប់ពីថ្ងៃចុងក្រោយនៃខែចេញរបាយការណ៍នោះទេ ធនាគារចាត់ទុកថា ម្ចាស់គណនីទទួលយករាល់​ការ​កត់ត្រា​ទាំងអស់នៅក្នុង​របាយការណ៍គណនី និង​ចាត់​ទុកថាជារបាយការណ៍នេះត្រឹមត្រូវ​ និង​ស្ថាពរ។

៨.២ ប្រតិបត្តិការដែលបានធ្វើឡើងបន្ទាប់ពីពេលវេលាកំណត់របស់ធនាគារសម្រាប់ការបោះពុម្ពរបាយការណ៍នឹងត្រូវបានរួមបញ្ជូលទៅក្នុងរបាយការណ៍​គណនីនៃខែបន្ទាប់។

៨.៣ លើសពីនេះ ធនាគាររក្សាសិទ្ធិដើម្បីបន្ថែម និង/ឬផ្លាស់ប្តូព័ត៌មាន​ប្រតិបត្តិការនៅក្នុងរបាយការណ៍គណនី និងសន្លឹកប្រតិបត្តិការ សន្លឹកប្រតិបត្តិការបញ្ចូលប្រាក់ និងកំណត់ត្រា ប្រសិនបើមានការបញ្ចូលព័ត៌មានមិនត្រឹមត្រូវ ឬបាត់ ឬចំនួនទឹកប្រាក់​មិន​ត្រឹម​ត្រូវ​នៅក្នុង​ឯកសារទាំងនោះ ដោយមិនមានការជូនដំណឹងជាមុនដល់អ្នក។ ធនាគារនឹងជូនដំណឹងដល់អ្នកនៅពេលបន្ទាប់នោះ។

៨.៤ ធនាគារអាចលុបចោល ទាញយកប្រតិបត្តិការ​មកវិញ ទាមទារឱ្យ​សងវិញ ឬកាត់ប្រាក់​ចេញពីគណនី បង្អាក់​ទឹកប្រាក់​មួយចំនួនមិនឱ្យ​ដកចេញ ឬចាត់ទុកគណនីអ្នកជាគណនីដែលដកប្រាក់​លើសសមតុល្យ​ ព្រមទាំងធ្វើការកែតម្រូវទៅលើរបាយការណ៍គណនី ធ្វើការបញ្ជាក់គណនីប្រសិនបើ៖

(ក) ធនាគារត្រូវកែតម្រូវកំហុស ឬការខកខានណាមួយ។

(ខ) ធនាគារតម្រូវឱ្យប្រគល់ប្រាក់ត្រលប់ទៅឱ្យអ្នកបង់ប្រាក់ ឬបហារិត។

(គ) ធនាគារមិនបានទទួលមូលនិធិដែល​បាន​ទូទាត់ និងមូលនិធិគ្មានលក្ខខណ្ឌពេញលេញ ឬទាន់ពេលវេលា។ និង

(ឃ) នៅពេលដែលធនាគារមានមូលហេតុសមរម្យ​ដើម្បីធ្វើសកម្មភាព​នោះ ទោះជាមូល​ហេតុ​ណាមួយក៏ដោយ​​។

 

៩. កាតព្វកិច្ចរបស់អតិថិជន

៩.១ អតិថិជនត្រូវ៖

(ក) ត្រួតពិនិត្យសមតុល្យគណនីរបស់អ្នកគ្រប់ពេល ហើយជូនដំណឹងជាលាយលក្ខណ៍អក្សរភ្លាមអំពីការកាត់​ប្រាក់ ឬ ការដកប្រាក់ដែលមិនមាន​ការអនុញ្ញាត ឬអំពីបញ្ហាណាមួយ ដែលទាក់ទងនឹងគណនីរបស់អ្នក ដែលមានការសង្ស័យ។

(ខ) ជូនដំណឹងភ្លាមមកធនាគារ​ជាលាយលក្ខណ៍អក្សរ អំពីការផ្លាស់ប្តូរស្ថានភាពណាមួយរបស់អ្នក ដែលអាចធ្វើឱ្យការប្រកាស និង/ឬ ការអះអាងណាមួយ (រួមទាំងដោយមិនកំណត់ចំពោះការប្រកាស ឬ ការអះអាង​ដែលទាក់ទងនឹងពន្ធ ឬបទល្មើសធ្ងន់ធ្ងរណាមួយ​ឡើយ) ដែលធ្វើឡើងដោយអ្នកនៅលើពាក្យស្នើសុំបើកគណនី ឯកសារ​ស្នើសុំ បញ្ញត្តិ និង លក្ខខណ្ឌ និង/ឬ ព័ត៌មាន និង/ឬ ឯកសារ​ផ្សេងទៀតផ្សេងទៀត​ទាំងអស់ដែលបានដាក់ជូន ឬ ផ្តល់ដោយអ្នក ឬ ក្នុងនាមអ្នក​ទៅកាន់ធនាគារ ក្លាយ​​ជាព័ត៌មានមិនពិត មិនត្រឹមត្រូវ ឬធ្វើឱ្យភន្តច្រឡំ។

(គ) ចុះហត្ថលេខា និង បញ្ជាក់លើសន្លឹកឯកសារ​បញ្ជាក់ណាមួយ រួមទាំងឯកសារក្នុង​គោលបំណងធ្វើសវនកម្ម (ប្រសិនបើត្រូវបានស្នើសុំ) ហើយជូនដំណឹងភ្លាមមកធនាគារ​អំពីការផ្លាស់ប្តូរណាមួយទាក់ទងនឹងអាសយដ្ឋាន ឬព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។

(ឃ) ពិនិត្យប្រតិបត្តិការកាត់​ប្រាក់ និង ការបញ្ចូល​ប្រាក់​ទាំងអស់នៅក្នុងរបាយការណ៍គណនី របាយការណ៍ និងកំណត់ត្រាប្រតិបត្តិការធនាគារ និង រាយការណ៍ពីការខកខាន ឬ កំហុសក្នុងការកាត់​ប្រាក់ ឬបញ្ចូលប្រាក់ ឬធ្វើឡើងដោយមិនមានការអនុញ្ញាត ឬកត់ត្រា​មិនត្រឹមត្រូវនៅក្នុងរបាយការណ៍គណនី និង/ឬ កំណត់ត្រាប្រតិបត្តិការ។ អ្នក ត្រូវបដិសេធ​ចំពោះប្រតិបត្តិការកាត់​ប្រាក់ ឬ​បញ្ចូល​ប្រាក់​ ឬ ការខកខាន ឬភាពមិនត្រឹមត្រូវណាមួយក្នុងរយៈពេល ១៤ ថ្ងៃបន្ទាប់ពីទទួលបានរបាយការណ៍គណនី ឬ កំណត់ត្រាប្រតិបត្តិការ។ ប្រសិនបើអ្នកមិនធ្វើដូច្នេះទេ (ធនាគាររក្សាទុកជាកំហុសដែលទទួលស្គាល់ដោយអតិថិជននៅក្នុងតុលាការដែលត្រូវ​​បានធ្វើឡើងដោយធនាគារ) ៖

(i) ការបញ្ជូល​ព័ត៌មាននៅក្នុងរបាយការណ៍គណនី ឬកំណត់ត្រាប្រតិបត្តិការនេះ នឹងត្រូវបានចាត់ទុកថាត្រឹមត្រូវ និងស្ថាពរ ដោយអ្នកមិនអាចប្រឆាំងបាន ថារបាយការណ៍គណនី ឬកំណត់ត្រាប្រតិបត្តិការនេះមានព័ត៌មានបញ្ចូល​ប្រាក់​ទាំងអស់ដែលគួរតែមាននៅក្នុងឯកសារ ហើយមិនមានព័ត៌មានកាត់​ប្រាក់ណាមួយ ដែលមិនគួរមាននៅក្នុងឯកសារទាំងនេះឡើយ។

(ii) អ្នកនឹងត្រូវបានចងភ្ជាប់កាតព្វកិច្ច​ជាមួយរបាយការណ៍គណនី និងកំណត់ត្រាប្រតិបត្តិការ។និង

(iii) ធនាគារនឹង​រួច​ផុត​ពី​ការ​ទាមទារសំណងទាំង​អស់​ទាក់​ទង​នឹង​រាល់​ឥណពន្ធ ឬ​ឥណទាន​ដែល​បង្ហាញ​នៅ​ក្នុង​របាយការណ៍​គណនី និង​កំណត់ត្រា​ប្រតិបត្តិការ។

៩.២ ប្រសិនបើអ្នកមានសៀវភៅមូលប្បទានបត្រចេញឱ្យអ្នក ហើយអ្នកត្រូវ​មានកាតព្វកិច្ច៖

(ក) ជូនដំណឹងជាលាយលក្ខណ៍អក្សរមកធនាគារភ្លាម ប្រសិនបើអ្នកមិនបានទទួលសៀវភៅមូលប្បទានបត្ររបស់អ្នក (ដែលអ្នកបានស្នើសុំឱ្យបញ្ជូនមក) ក្នុងរយៈពេលពីរ (២) សប្តាហ៍គិតចាប់ពីកាលបរិច្ឆេទនៃការស្នើសុំនោះ។

(ខ) ដើម្បីជូនដំណឹងមកធនាគារភ្លាម និងបញ្ជាបញ្ឈប់​ការទូទាត់ប្រាក់លើមូលប្បទានបត្រ ប្រសិនបើមូលប្បទានបត្រណាមួយរបស់អ្នកត្រូវបានបាត់ ឬត្រូវបានលួច ឬភ្លេចបាត់។ និង

(គ) មិនគួររក្សាទុកសៀវភៅមូលប្បទានបត្រ ចេញមូលប្បទានបត្រ ឬដំណើរការគណនីក្នុងលក្ខណៈដែលអាចជួយសម្រួលដល់ការលួច ការក្លែងបន្លំ ការផ្លាស់ប្តូរ ឬ ការក្លែងក្លាយ និង គួរអនុវត្តតាមបទប្បញ្ញត្តិ និង លក្ខខណ្ឌចែងលើគម្របសៀវភៅមូលប្បទានបត្រ និងក្នុងកិច្ចព្រមព្រៀងណាមួយលើសេវាកម្មដែលផ្តល់ដោយធនាគារ​ដែលជាចំណុចមួយគួរបង្កើនការប្រុងប្រយ័ត្ន។

  

១០. គណនីក្នុងនាមក្រុមហ៊ុន

ជាគណនីដែលបានបើកក្នុងឈ្មោះក្រុមហ៊ុន ធនាគារអាចអនុញ្ញាតឱ្យមានការផ្លាស់ប្តូរហត្ថលេខីទទួលសិទ្ធិ ប៉ុន្តែធនាគារមិនមានកាតព្វកិច្ចការទទួលយកការផ្លាស់ប្តូរនេះទេ លុះត្រាតែការផ្លាស់ប្តូរ​បានទទួលការអនុញ្ញាតត្រឹមត្រូវពីក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ឬ តាមរយៈឯកសារ ឬ លិខិតណាមួយដែលតម្រូវនៅក្នុងកិច្ច​ព្រមព្រៀងសហការ ឬ លក្ខន្តិកៈក្រុមហ៊ុន ឬ ច្បាប់គ្រប់គ្រងលើក្រុមហ៊ុន។

 

១១. ការគិតថ្លៃ/កម្រៃជើងសារ និងអត្រាប្តូរប្រាក់បរទេស    

១១.១ ធនាគាររក្សាសិទ្ធិក្នុងការកំណត់ថ្លៃសេវា ការផាកពិន័យ (រួមទាំងថ្លៃសេវាផ្លូវច្បាប់លើមូលដ្ឋានសំណងពេញលេញ និងថ្លៃតែម) និង/ឬ កម្រៃជើងសារតាមអត្រាធម្មតាលើសេវាកម្មណាមួយដែលផ្តល់ដោយធនាគារ។ ធនាគារអាចដកចំនួនទឹកប្រាក់ពីគណនីរបស់អតិថិជនសម្រាប់ថ្លៃសេវា កម្រៃ ឬ ចំនួនទឹកប្រាក់​ជំពាក់​ផ្សេងទៀតដែលត្រូវបង់ទៅធនាគារ។

១១.២ ធនាគារអាចផ្លាស់ប្តូរអត្រាធម្មតា និង/ឬ ចំនួនថ្លៃសេវា ឬ កម្រៃដែលត្រូវបង់ដោយអតិថិជន នៅពេលណាតាមឆន្ទានុសិទ្ធិរបស់ខ្លួនតែមួយគត់ និងដោយមានការជូនដំណឹងជាលាយលក្ខណ៍អក្សរទៅកាន់អតិថិជន។

១១.៣ រាល់ការទូទាត់ដោយអតិថិជនទៅធនាគារត្រូវធ្វើឡើងដោយឥតគិតថ្លៃ និងច្បាស់លាស់ និងដោយគ្មានការកាត់កង ពន្ធ ឬ អាករប្រហាក់ប្រហែលឡើយ។ អតិថិជនត្រូវបង់បន្ថែមពន្ធ ឬអាករលើចំនួនទឹកប្រាក់​ផ្សេងទៀតដែលត្រូវបង់ ហើយអតិថិជនយល់ព្រមទទួលខុសត្រូវផ្តល់​សំណងដល់ធនាគារលើការទូទាត់ ប្រសិនបើធនាគារត្រូវ​ប្រមូល និងធ្វើការទូទាត់ពន្ធ ឬអាករតាមច្បាប់តម្រូវ។

១១.៤ (ក) អតិថិជនយល់ព្រមថាធនាគារមានសិទ្ធិ (ប៉ុន្តែមិនមានកាតព្វកិច្ច) ដើម្បីប្តូររូបិយប័ណ្ណមួយទៅជារូបិយប័ណ្ណមួយផ្សេងទៀតតាមអត្រាប្តូរប្រាក់របស់ធនាគារ សម្រាប់កាលៈទេសៈណាក៏ដោយ ដោយមិនមានការជូនដំណឹងដល់អតិថិជន រួមទាំងនិង​មិនកម្រិតត្រឹម ករណីរួមមានដូចខាងក្រោម៖

(i) ការប្តូរចំនួនទឹកប្រាក់ណាមួយទៅជារូបិយប័ណ្ណផ្សេងទៀត នៅក្នុងគណនីណាមួយចំពោះឥណទានរបស់អ្នក ឬ ចំនួនទឹកប្រាក់ណាមួយដែលធនាគារត្រូវ​បង់​ទៅអ្នក សម្រាប់គោលបំណង​នៃការអនុវត្តតាមការបញ្ជា ការបញ្ចូលប្រាក់​ក្នុង​គណនីណាមួយ ឬការអនុវត្តសិទ្ធិរបស់ធនាគារក្រោមបញ្ញត្តិ និងលក្ខខណ្ឌនេះ។ ឬ

(ii) ការប្តូររូបិយប័ណ្ណលើចំនួនទឹកប្រាក់​ណាមួយធនាគារបានទទួល ជារូបិយប័ណ្ណណាមួយដូចនឹងរូបិយប័ណ្ណនៅក្នុង ឬ រូបិយប័ណ្ណដែលត្រូវទូទាត់ ករណីបើមាន (មិនថាជាទឹកប្រាក់​ដើម្បីបញ្ចូល​ទៅក្នុងគណនីណាមួយ ឬ ក្នុងការទូទាត់ទឹកប្រាក់​ជំពាក់ធនាគារ)។

(ខ) អតិថិជនយល់ព្រមថា អតិថិជននឹងទទួលខុសត្រូវ​ រាល់ការខាតបង់ ការចំណាយ (រាប់បញ្ចូលទាំងមិនកំណត់ត្រឹម កម្រៃជើងសារធម្មតា និង/ឬ ថ្លៃសេវាដែលបានកំណត់) និង ហានិភ័យដែលបណ្តាលមកពីការប្តូររូបិយប័ណ្ណ បរទេស។ អតិថិជនយល់ព្រម និងទទួលស្គាល់បន្ថែមទៀតថា ការប្តូររូបិយប័ណ្ណបរទេសណាមួយអាចនាំឱ្យអតិថិជនទទួលបាន មានចំនួនតិចជាងចំនួនប្រាក់ដែលបានដាក់បញ្ចូល​។

 

១២. ការយល់ព្រមសម្រាប់ការផ្តល់ព័ត៌មាន

១២.១ អតិថិជនផ្តល់សិទ្ធិដល់ធនាគារ ដោយគ្មានលក្ខខណ្ឌ និងមិនអាចតវ៉ាបាន និងយល់ព្រមក្នុងការផ្តល់ព័ត៌មានណាមួយ​របស់អតិថិជន និង គណនីរបស់ខ្លួន ទៅកាន់ក្រុមហ៊ុនមេ ឬក្រុមហ៊ុនដែលកាន់កាប់ចុងក្រោយរបស់ធនាគារ បុត្រសម្ព័ន្ធណាមួយរបស់ធនាគារ (រួមទាំងសាខា) ទៅកាន់ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរណាមួយ នគរបាល និងមន្ត្រីសាធារណៈដែលកំពុងធ្វើការស៊ើបអង្កេត សាខា ឬស្នាក់​ការ​កណ្តាលរបស់ធនាគារទាំងក្នុង ឬក្រៅប្រទេសកម្ពុជា សវនកររបស់ធនាគារ និងបុគ្គល ឬអង្គការណាមួយ មិនថានៅក្នុង ឬក្រៅប្រទេសកម្ពុជាដែលបានផ្តល់សេវាអេឡិចត្រូនិក ឬសេវាផ្សេងទៀតដល់ធនាគារ បុគ្គលណាមួយ ឬអង្គការមិនថានៅក្នុង ឬក្រៅប្រទេសកម្ពុជា ដែលធនាគារ​បានធ្វើ​ទំនាក់ទំនងក្នុងគោលបំណងអនុវត្ត ឬ ដើម្បីអនុវត្តសេវាកម្ម ឬមុខងារប្រតិបត្តិការរបស់ធនាគារ ដែលសេវាកម្ម ឬមុខងារប្រតិបត្តិការនោះត្រូវបានផ្តល់សេវាពីខាងក្រៅ បុគ្គលណាមួយដែលអនុញ្ញាតឱ្យផ្តល់ព័ត៌មាន ឬផ្តល់​ទៅបុគ្គលផ្សេងទៀត ឬស្ថាប័នផ្សេងទៀតដែលត្រូវដោយបទប្បញ្ញត្តិ ច្បាប់ ឬបទដ្ឋាននានា ដែលតម្រូវដោយនិយ័តករក្នុងស្រុក ឬក្រៅប្រទេស ឬអាជ្ញាធរពន្ធដារណាមួយដែលអ្នកជាប់បន្ទុកពន្ធ នៅក្នុងយុត្តាធិការណាមួយ/ឬយុត្តាធិការពាក់ព័ន្ធ។ ដោយមិនត្រូវប៉ះពាល់ដល់ចំនុចដែលបានរៀបរាប់ខាងលើ អតិថិជនអនុញ្ញាតបន្ថែមលើការផ្តល់ព័ត៌មានរបស់ខ្លួន ដូចខាងក្រោម៖

(ក) ទៅការិយាល័យឥណទាន ឬអង្គការ ឬសាជីវកម្មផ្សេងទៀត ឬសមាជិកណាមួយ ក្នុងគោលបំណងរួមបញ្ចូលទាំង​មិន​កម្រិតត្រឹម ការវាយតម្លៃលទ្ធភាពឥណទានរបស់អតិថិជន។ និង

(ខ) ពាក់ព័ន្ធនឹងការធ្វើអនុប្បទាន ការផ្ទេរ ឬ នវកម្មដោយធនាគារលើគណនីដូចបានចែងក្នុងប្រការ  ១៤.២។

១២.២ នៅពេលដែលធនាគារផ្តល់ឥណទានណាមួយដល់អតិថិជននៅពេលណា ឬ ធនាគារទទួលយក ឬទទួលខុសត្រូវចំពោះ​ភាគីទីបីតាមការស្នើសុំរបស់អតិថិជន អតិថិជនយល់ព្រមឱ្យធនាគារផ្តល់ព័ត៌មានទាក់ទងនឹងគណនី ឬ ព័ត៌មាន​ពា​ក់ព័ន្ធផ្សេងទៀតនៃគណនីទៅកាន់អ្នកធានា ឬបុគ្គលផ្សេងទៀតដែលទទួលខុសត្រូវ ឬផ្តល់ធានាលើគណនី​នេះ និង/ឬ បុគ្គលផ្សេងទៀតនៅពេលណាក៏បានដែលចាំបាច់ត្រូវផ្តល់ព័ត៌មាន ដើម្បីអនុវត្តដោយ​បង្ខំរបស់ធនាគារ​លើប្រាតិភោគ ដោយមិនមាន​ការជូនដំណឹងជាមុន ។

១២.៣ ការយល់ព្រមនេះនឹងបន្តរហូតដល់ការ​បញ្ចប់ការប្រើប្រាស់នៃគណនីណាមួយ ឬទាំងអស់ របស់អតិថិជន និង/ឬការបញ្ចប់ទំនាក់ទំនងរវាងអតិថិជន និងធនាគារដោយហេតុផលណាមួយ។

 

១៣. ការបិទគណនី និងគណនីនៅស្ងៀម ឬគ្មានសកម្មភាព

១៣.១ ធនាគារអាចបិទគណនីដោយមិនបង្ហាញពីហេតុផលណាមួយ ដោយមានការជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនក្នុងរយៈពេលសាមសិប (៣០) ថ្ងៃទៅអតិថិជន (ឬរយៈពេលណាមួយដែលធនាគារអាចកំណត់បាន)។

១៣.២ អតិថិជនអាចបិទគណនី និងបញ្ចប់សេវាកម្មធនាគារផ្សេងទៀត ដោយផ្តល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនយ៉ាងតិចសាមសិប (៣០) ថ្ងៃដល់ធនាគារ ការជូនដំណឹងបែបនេះត្រូវធ្វើឡើងដោយបុគ្គលដែលទទួលសិទ្ធិ ហើយ​អតិថិជនត្រូវចាត់វិធានការក្រោយការបញ្ចប់ណាមួយតាមការតម្រូវរបស់ធនាគារ។

១៣.៣ ប្រសិនបើអតិថិជនមានបំណងចង់បិទគណនីណាមួយ អតិថិជនត្រូវផ្តល់ការបញ្ជាជាលាយ​លក្ខណ៍​អក្សរដល់ធនាគារ ឬក្នុងទម្រង់ និង/ឬវិធីសាស្រ្តផ្សេងទៀតដែលបានព្រមព្រៀងដោយធនាគារនៅពេលមួយ និង​ត្រូវអនុវត្តតាមនីតិវិធីដែលធនាគារកំណត់ទៅតាមឆន្ទានុសិទ្ធិរបស់ខ្លួនតែមួយគត់ ព្រមទាំងបង់ចំនួនទឹកប្រាក់ដែលជំពាក់​ និង​ត្រូវបង់ឱ្យធនាគារ។

១៣.៤ នៅពេលបិទគណនី ដោយមិនប៉ះពាល់ដល់ប្រការ ១៨ ធនាគារនឹងរួចផុតពីការទទួលខុសត្រូវទាំងស្រុងរបស់ខ្លួន​ពីគណនីនោះបាន ដោយធ្វើការទូទាត់ទៅអតិថិជនតាមទម្រង់ណាមួយដែលធនាគារអាចកំណត់ ទៅតាមរូបិយប័ណ្ណ និង សមតុល្យនៃគណនីនោះ។

១៣.៥ ដោយមិនត្រូវប៉ះពាល់ដល់ចំណុចទូទៅដែលបានរៀបរាប់ខាងលើ ធនាគារមានសិទ្ធិ (ដោយគ្មានការទាមទារ ឬការជូនដំណឹង) បិទគណនី និង/ឬ បញ្ចប់ទំនាក់ទំនងរវាងធនាគារជាមួយអ្នកភ្លាម នៅពេលមានព្រឹត្តិការណ៍ណាមួយខាងក្រោមកើតឡើង៖

(ក) ការខកខានរបស់អតិថិជនក្នុងការអនុលោមតាមប្រការណាមួយនៃបញ្ញត្តិ និងលក្ខខណ្ឌទាំងនេះ។

(ខ) មូលដ្ឋានណាមួយដែលបង្ហាញពីការក្ស័យធន ឬបណ្តឹងដាក់រំលាយក្រុមហ៊ុនប្រឆាំងអតិថិជន។

(គ) ការស្លាប់ វិកលចរិត ឬអសមត្ថភាពរបស់អតិថិជន។

(ឃ) ពាក្យស្នើសុំត្រូវបានធ្វើឡើងដោយភាគីណាមួយសម្រាប់ការតែងតាំងអ្នកទទួលរក្សា​ទ្រព្យសម្បត្តិ។

(ង) ការអនុវត្តកាតព្វកិច្ចណាមួយនៅក្រោមបញ្ញត្តិ និង លក្ខខណ្ឌទាំងនេះ ក្លាយជា​មិនស្របច្បាប់ ឬមិនអាចទៅរួច។

(ច) ប្រសិនបើសមតុល្យក្នុងគណនីធ្លាក់ចុះក្រោមកម្រិតអប្បបរមាដែលបានកំណត់នដោយធនាគារនានាពេលណាមួយ។

(ឆ) ធនាគារត្រូវបានជូនដំណឹង ឬបានដឹងអំពីការដាក់ទណ្ឌកម្ម តម្រូវការរបស់រដ្ឋាភិបាល ដីការតុលាការនៃយុត្តាធិការដែលពាក់ព័ន្ធ អាជ្ញាធរ​គ្រប់គ្រងការប្តូររូបិយបណ្ណ័បរទេស ការប្រឆាំងការសម្អាតប្រាក់​ ឬការតម្រូវទាក់ទង​នឹងការប្រឆាំងនឹងការសម្អាត​ប្រាក់​ ឬការប្រឆាំងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ និងបទប្បញ្ញត្តិផ្សេងទៀតដែលហាមឃាត់ ឬ នាំឱ្យ​មិនស្របច្បាប់បើនៅតែរក្សា​គណនី ឬបន្តឱ្យប្រើប្រាស់គណនីរបស់អ្នក។ ឬ

(ជ) ធនាគារសម្រេច ឬមានហេតុផលដើម្បីជឿថា គណនីនេះកំពុងត្រូវបានប្រើប្រាស់ដោយផ្ទាល់ ឬដោយប្រយោលសម្រាប់ ឬពាក់ព័ន្ធនឹងសកម្មភាព​មិនស្របច្បាប់ណាមួយ (រួមទាំងការសម្អាតប្រាក់​ ការផ្តល់ហិរញ្ញប្បទានភេរវកម្ម ការប្រាស្រ័យទាក់ទងជាមួយបុគ្គល ឬអង្គភាពដែលត្រូវបានទទួលទណ្ឌកម្ម (មិនថាជានាយក​ ឬភ្នាក់ងារ) និងឧក្រិដ្ឋកម្មពន្ធ) ។

១៣.៦ គណនីដែលគ្មានប្រតិបត្តិការក្នុងរយៈពេលដប់ពីរ (១២) ខែ ឬច្រើនជាងនេះ ត្រូវចាត់ទុកថាជា ”គណនីអសកម្ម”  ឬ “គណនីនៅស្ងៀម”។ គណនីអសកម្ម​ នឹងមិនត្រូវបានផ្តល់ជូននូវការប្រាក់ឡើយ។ ដើម្បីដំណើរការគណនីអសកម្ម ឬ គណនីនៅស្ងៀមឡើងវិញ ហត្ថលេខីដែលទទួលសិទ្ធិត្រូវអញ្ជើញទៅកាន់សាខាណាមួយរបស់ ធនាគារ ស៊ីអាយអិម​ប៊ី​​ ភីអិលស៊ី សម្រាប់ព័ត៌មានបន្ថែម។

១៣.៧ គណនីអសកម្ម​ ឬគណនីនៅស្ងៀម ​ដែលមិនដំណើរការ​ ឬគ្មានសកម្មភាពរយៈពេលដប់ (១០) ឆ្នាំជាប់ៗគ្នា គិតចាប់ពីកាលបរិច្ឆេទសកម្មភាពចុងក្រោយ នឹងត្រូវបិទដោយស្វ័យប្រវត្តិ ហើយធនាគារនឹងផ្ទេរសមតុល្យចុងក្រោយ ទៅកាន់ធនាគារជាតិនៃកម្ពុជា (NBC) ភ្ជាប់ជាមួយ​នឹងឯកសារគាំទ្រយោងតាមបទប្បញ្ញត្តិជាធរមាន​។

 

១៤. ការធ្វើអនុប្បទាន​/ការ​ផ្ទេរ

១៤.១ លើកលែងតែមានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពីធនាគារ និង ក្នុងលក្ខខណ្ឌដែលធនាគារកំណត់ អតិថិជនមិនត្រូវធ្វើអនុប្បទាន ផ្ទេរ ឬ ដាក់បន្ទុកទៅឱ្យតតិយជន ឬ បង្កើតជាប្រាតិភោគ ឬផលប្រយោជន៍ណាមួយឬ ធ្វើការចាត់ចែងផ្សេងទៀត ឬមានបំណងធ្វើដូច្នេះ លើប្រាក់បញ្ញើ ឬសមតុល្យណាមួយដែលមាននៅក្នុងគណនី ឬ ផ្នែកណាមួយនៃគណនីនោះឡើយ។

១៤.២ អតិថិជន ត្រូវយល់ព្រមដល់ធនាគារក្នុងធ្វើអនុប្បទាន ការផ្ទេរ ឬនវកម្ម (ទាក់ទងនឹងគណនី) ក្រោមបញ្ញត្តិ និងលក្ខខណ្ឌនេះ និងក្រោមកិច្ចព្រមព្រៀងផ្សេងទៀតរវាងអតិថិជន និងធនាគារ។ អតិថិជនយល់ព្រមបន្ថែមទៀតថា ធនាគារមានសិទ្ធិធ្វើអនុប្បទាន ឬ ផ្ទេរសិទ្ធិ មុខងារ ផលប្រយោជន៍ អត្ថប្រយោជន៍ កាតព្វកិច្ច និងការទទួលខុសត្រូវ ណាមួយ ឬ ទាំងអស់ នៅក្រោមបញ្ញត្តិ និងលក្ខខណ្ឌនេះ និងឬកិច្ចព្រមព្រៀងផ្សេងទៀតដែលពាក់ព័ន្ធ (រួមទាំងមិនកម្រិតត្រឹមការផ្ទេរអាជីវកម្ម ឬ ទ្រព្យ ការរួមបញ្ចូលគ្នា ការទិញយក ការបង្កើតឡើងវិញ ឬប្រតិបត្តិការរំលាយក្រុមហ៊ុនបញ្ចូលគ្នា ដែលពាក់ព័ន្ធនឹងធនាគារ) ទៅឱ្យអ្នកទទួលផ្ទេរ តាមឆន្ទានុសិទ្ធិតែមួយគត់របស់ខ្លួន ។

 

១៥. គណនីដកលើសសមតុល្យ 

១៥.១ អតិថិជនធានាថា​ គណនីមិនត្រូវដកលើសពីសមតុល្យនោះទេ ទោះជាបណ្ដោះអាសន្នក៏ដោយ លើកលែងតែមានការ​យល់​ព្រមពីធនាគារតាមឆន្ទានុសិទ្ធិតែមួយគត់​របស់​ខ្លួន ឬ តាមរយៈការព្រមព្រៀងជាមុនជាមួយធនាគារ ហើយការព្រមព្រៀងនេះ ត្រូវស្ថិតនៅក្រោមបញ្ញត្តិ និង​ លក្ខខណ្ឌនេះដែលអាចកំណត់ដោយធនាគារនៅពេលណាមួយ។

១៥.២ អតិថិជនត្រូវសងវិញតាមការទាមទារ រួមទាំងសមតុល្យដែលបានដកចេញណាមួយលើសពីសមតុល្យគណនី រួមទាំងការប្រាក់ និងកម្រៃសេវាពីធនាគារផ្សេងៗលើចំនួនសមតុល្យដែល​បានដកចេញនោះ។ ការប្រាក់ត្រូវគណនាតាមអត្រាកំណត់ដោយធនាគារនាពេលណាមួយ ហើយការប្រាក់នោះត្រូវគណនាជាប្រចាំថ្ងៃ និងគិតនៅចុងខែនីមួយៗ ឬពេលវេលាណាមួយតាមការកំណត់របស់ធនាគារនាពេលណាមួយ។

១៥.៣ ការប្រាក់ដែលមិនទាន់បានបង់ ត្រូវបញ្ចូលទៅក្នុងចំនួនប្រាក់ដើមដែលជំពាក់នៅចុងខែនីមួយៗ ហើយចំនួនសរុបនឹងក្លាយប្រាក់ដើមថ្មីដែលជំពាក់ដើម្បីយកមកគណនាការប្រាក់ជាបន្តបន្ទាប់។

១៥.៤ ធនាគាររក្សាសិទ្ធិក្នុងការដកប្រាក់ លើចំនួនទឹកប្រាក់​ដែល​បានដកលើស ពីគណនីផ្សេងទៀតរបស់អតិថិជន តាមឆន្ទានុសិទ្ធិរបស់ខ្លួនតែមួយគត់។

 

១៦. ប្រាតិភោគសម្រាប់ការទូទាត់សង

១៦.១ នៅពេលដែលធនាគារទទួលយក ឬ ទទួលបន្ទុក (មិនថារូបិយ ឬអរូបិយ ចម្បង ឬវត្ថុបញ្ចាំ រៀងខ្លួនឬរួមគ្នា) ចំពោះ ឬ តាមការស្នើសុំរបស់អតិថិជន និងបន្ទាប់ពីការចុះហត្ថលេខារបស់អតិថិជននូវរាល់ឯកសារ និង/ឬការចុះបញ្ជីសិទ្ធិ​ប្រាតិភោគដែលតម្រូវដោយធនាគារ នោះអតិថិជនយល់ព្រមដោយមិនកែប្រែ និងមិនអាចតវ៉ាបានថា មូលនិធិ ប្រាក់ ប្រាតិភោគ ឬ វត្ថុមានតម្លៃផ្សេងទៀតដែលដាក់ជាមួយធនាគារដែលជាកម្មសិទ្ធិរបស់អតិថិជន នឹងក្លាយជាប្រាតិភោគចំពោះធនាគារដោយស្វ័យប្រវត្តិ។ ធនាគារត្រូវជាម្ចាស់​បន្ទុកលើមូលនិធិ ប្រាក់ ប្រាតិភោគ ឬវត្ថុមានតម្លៃផ្សេងទៀត ឬផ្នែកណាមួយរបស់វត្ថុនោះ និងអាចបង្អាក់រាល់ការទូទាត់មូលប្បទានបត្រដោយអតិថិជន រហូតដល់ទំនួលខុសត្រូវទាំងនោះ ត្រូវបានរួចបន្ទុក។

១៦.២ អតិថិជន ធានាអះអាងថា​នឹង​មិនបង្កើតប្រាតិភោគ ឬដាក់ទ្រព្យ និង​ប្រាតិភោគបញ្ចាំ ទុក ដាក់​បន្ទុក ឬបញ្ចាំទ្រព្យនេះ​ ទៅធនាគារផ្សេងទៀតជាប្រាតិភោគសម្រាប់ធានាឥណទានណាមួយដែលផ្តល់ដល់អតិថិជន ក្នុងអំឡុងពេលនោះ អតិថិជនត្រូវជំពាក់បំណុលធនាគារ។

១៦.៣ ប្រាក់បញ្ញើ ឬផ្នែកណាមួយរបស់វាអាចមិនត្រូវបានចាត់ចែង ផ្ទេរ គិតប្រាក់ ឬជាប់ពាក់ព័ន្ធផ្សេងទៀត ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពីធនាគារ។

 

១៧. ការទូទាត់សង​ និង សិទ្ធិប្រាតិភោគ

ធនាគារ អាចទូទាត់សមតុល្យទាំងអស់ ឬណាមួយដែលមាន​នៅក្នុងគណនីណាមួយ រួមទាំងគណនីរួម និង គណនីបញ្ញើមានកាលកំណត់ដែលបានបើកជាមួយធនាគារ ដើម្បីសងបំណុលណាមួយរបស់អតិថិជន ដែលអាចមានជាមួយធនាគារ ហើយដល់ការកំណត់សង ប៉ុន្តែមិនទាន់បានទូទាត់សង។

 

១៨. ការលើកលែង និងការទទួលខុសត្រូវ

១៨.១ ទាំងធនាគារ ឬនិយោជិត អ្នកតំណាង ឬភ្នាក់ងារណាមួយរបស់ខ្លួន មិនទទួលខុសត្រូវចំពោះសកម្មភាព ឬការមិនអនុវត្ត លើកលែងតែករណីមានការធ្វេសប្រហែស ឬការខកខានដោយចេតនារបស់ធនាគារ នោះការទទួលខុសត្រូវរបស់ធនាគារមិនត្រូវលើសពីតម្លៃផ្សារវិនិយោគ ចំពោះការធ្វេសប្រហែសធ្ងន់ធ្ងរ ឬ ការខកខានដោយចេតនានេះឡើយ។

១៨.២ ដោយមិនកំណត់ត្រឹមចំណុចទូទៅដែលបានរៀបរាប់ខាងលើ ធនាគារ មិនទទួលខុសត្រូវ ឬ ជួលជុលសំណងចំពោះការចំណាយ ការបាត់បង់ ការខូចខាត ការទទួលខុសត្រូវ ឬផលវិបាកផ្សេងទៀតដែលទទួលរងដោយ ឬកើតឡើងចំពោះអតិថិជនដោយសារ៖

(ក) ការអនុវត្តដោយសុច្ចរិតតាមការបញ្ជា​របស់អតិថិជន។

(ខ) ប្រតិបត្តិការគណនីណាមួយ ត្រូវបានហាមឃាត់ ឬរងផលប៉ះពាល់ ដោយហេតុផលណាមួយដែលលើសពីការ​គ្រប់គ្រងរបស់ធនាគារ ។

(គ) ការបាត់បង់ ឬ ការខូចខាតដែលបណ្តាលមកពីការពន្យារពេល ឬការខកខាន ក្នុងការបញ្ជូន ឬ មធ្យោបាយទំនាក់ទំនងណាមួយ។

(ឃ) ប្រសិនបើទឹកប្រាក់ដែលបានបញ្ចូល ឬដកពីគណនី បានថយចុះដោយសារពន្ធ ការរំលោះ ឬ មិនអាចប្រើបានដោយសារការហាមឃាត់ (កើតឡើងដោយ​មូល​ហេតុណាក៏ដោយ) ក្នុងការប្តូរ ការបញ្ជា ការផ្ទេរដោយអចេតនា ការរំខាន ឬការដាក់កម្រិតដោយ​លក្ខណៈណាមួយ ការអនុវត្តអំណាចរបស់រដ្ឋាភិបាល ឬ យោធា សង្គ្រាម បាតុកម្ម ឬ មូលហេតុផ្សេងទៀតដែលលើសពីការគ្រប់គ្រងដោយសមហេតុផលរបស់ធនាគារ។​

(ង) កើតចេញពី ឬទាក់ទងនឹងការបាត់មូលប្បទានបត្រ។

(ច) កើតចេញពីការក្លែងបន្លំ ការធ្វេសប្រហែស ឬកង្វះសិទ្ធិអំណាចរបស់បុគ្គលម្នាក់​ លើកលែងកើតដោយសារធនាគារ និងនិយោជិតរបស់ធនាគារ។

(ឆ) កើតចេញពីការធ្វេសប្រហែស ការខកខាន ឬ ការប្រព្រឹត្តកំហុសរបស់អតិថិជន។

(ជ) ទង្វើ ឬ ការខកខានណាមួយ (រួមទាំងការធ្វេសប្រហែស ឬការប្រព្រឹត្តខុសដោយចេតនា) ឬ ការក្ស័យធន ឬការដាក់​ជម្រះបញ្ជីរបស់ភ្នាក់ងារណាមួយ អ្នកតែងតាំង អ្នកឆ្លើយឆ្លង ឬ សមភាគីដែលធនាគារបានប្រើប្រាស់។

(ឈ) កើតឡើងដោយសារធនាគារអនុវត្តសិទ្ធិណាមួយរបស់ខ្លួនក្រោមបញ្ញត្តិ និងលក្ខខណ្ឌទាំងនេះ។ និង

(ញ) កើតឡើងពីការពន្យារពេលណាមួយពីធនាគារ​ទាក់ទងនឹងដំណើរការអនុតវត្ត​សិទ្ធិប្រាតិភោគ នៅពេលរកឃើញការក្លែងបន្លំ ការសម្អាតប្រាក់ គោលបំណងប្រឆាំងហិរញ្ញប្បទានភេរវកម្ម ឬដើម្បីអនុវត្តតាមទណ្ឌកម្ម ការអនុវត្តច្បាប់ ឬបទប្បញ្ញត្តិណាមួយ។

១៨.៣ ធនាគារ មិនទទួលខុសត្រូវចំពោះការបាត់បង់ ការខូចខាត ឬការចំណាយដែលកើតឡើងចំពោះ ឬដោយសារអតិថិជន (មិនថាដោយសារការក្លែងបន្លំហត្ថលេខារបស់ហត្ថលេខី ការផ្លាស់ប្តូរសំណើដកប្រាក់ ឬ ហេតុផលផ្សេងទៀតក៏ដោយ) ដែលមិនមែនជាកំហុសធនាគារឡើយ។ ធនាគារ មិនទទួលខុសត្រូវចំពោះការទូទាត់លើមូលប្បទានបត្រដែលបានកែ និង/ឬ ក្លែងបន្លំ ដែលការកែប្រែ និង/ឬ ការក្លែងបន្លំនេះ អាចធ្វើបានដោយការប្រើប្រាស់ទឹកថ្នាំដែលអាចលុបបាន ប៊ិច ឬម៉ាស៊ីនអង្គុលីលេខ ឬឧបករណ៍ផ្សេងទៀតដែលមានមុខងារលុបភ្ជាប់មកជាមួយ ឬ ដោយការ​ប្រើប្រាស់ម៉ាស៊ីនសសេរមូលប្បទានបត្រ ឬ ម៉ាស៊ីនដែលអាចធ្វើការកែប្រែ និង/ឬ ការក្លែងបន្លំមិនអាចរកឃើញយ៉ាងងាយ ឬ នៅពេលដែលការផ្លាស់ប្តូរ និង/ឬ ការក្លែងបន្លំកើតឡើងដោយសារតែការធ្វេសប្រហែសរបស់អតិថិជន។ ប្រសិនបើធនាគារបានដកប្រាក់​ពីគណនីរបស់អតិថិជន ដោយផ្អែកលើសំណើដកប្រាក់ ឬសំណើក្នុងការទូទាត់ដែលហត្ថលេខារបស់អតិថិជន ឬហត្ថលេខាអ្នកទទួលសិទ្ធិត្រូវបានក្លែងបន្លំ នោះធនាគារមិនទទួលខុសត្រូវក្នុងការបង្វិលសងប្រាក់ ឬបង់ ឬទូទាត់សងទៅអតិថិជន លើចំនួនទឹកប្រាក់ដែលបានដកនោះទេ។

 

១៩. ការផ្អាកគណនី/សេវាកម្ម

១៩.១ ធនាគាររក្សាសិទ្ធិតាមឆន្ទានុសិទ្ធិតែមួយគត់របស់​ធនាគារ​ក្នុងការផ្អាក និង/ឬបង្កកប្រតិបត្តិការ និង/ឬបិទ និង/ឬបង្កកគណនីអតិថិជន និង/ឬ    សេវាកម្មណាមួយ ឬទាំងអស់នៅពេលនោះ និងសម្រាប់អំឡុងពេលណាមួយ នៅពេលធនាគារយល់ឃើញថាសាកសម រួមទាំងមិនកម្រិតត្រឹមស្ថានភាព ដូចខាងក្រោម៖

(ក) ធនាគារទទួលបានការបញ្ជាជាលាយលក្ខណ៍អក្សរពីម្ចាស់គណនី ឬហត្ថលេខីដែលទទួលការអនុញ្ញាតណាម្នាក់ ដើម្បីផ្អាកប្រតិបត្តិការ ទោះបីជាអ្នកទទួលសិទ្ធិលើគណនីតម្រូវឱ្យមានហត្ថលេខី ២ នាក់ ឬច្រើនជាងនេះក៏ដោយ។

(ខ) ធនាគារទទួលបានការបញ្ជាផ្ទុយគ្នា ពីភាគីហត្ថលេខីគណនី ឬអភិបាល ឬដៃគូណាម្នាក់របស់ម្ចាស់គណនី ទោះជាអភិបាល ឬដៃគូនោះ ជា ឬ មិនមែនជា​ហត្ថលេខីគណនីក៏ដោយ។

(គ) (ក្នុងករណីគណនីក្រុមហ៊ុន) ធនាគារត្រូវបានជូនដំណឹង ឬដឹងអំពីជម្លោះណាមួយរវាងអភិបាលក្រុមហ៊ុន និង/ឬហត្ថលេខីដែលទទួលសិទ្ធិចំពោះគណនី។

(ឃ) ធនាគារត្រូវបានជូនដំណឹង ឬដឹងអំពីបណ្តឹង ការស្នើសុំ ឬដំណោះស្រាយ ឬការតែងតាំងអ្នកទទួលរក្សាទ្រព្យសម្បត្តិ ឬអ្នកគ្រប់គ្រងទ្រព្យសម្បត្តិតែងតាំងដោយតុលាការ ដើម្បីប្រកាសថាអ្នកក្ស័យធន ឬជម្រះបញ្ជី ឬ រំលាយ។

(ង) ធនាគារត្រូវបានជូនដំណឹង​អំពីបញ្ជា​​រឹបអូស (garnishee) សមតុល្យគណនីរបស់អ្នក។

(ច) ធនាគារត្រូវបានជូនដំណឹង ឬបានដឹងអំពីករណីណាមួយដែលមានចែងក្នុងប្រការ  ១៣.៥។ ឬ

(ឆ) ធនាគារត្រូវបានជូនដំណឹងពីអាជ្ញាធររដ្ឋាភិបាល ឬស្ថាប័ននីតិប្រតិបត្តិផ្សេងទៀត។

១៩.២ ធនាគារមិនទទួលខុសត្រូវចំពោះការបាត់បង់ ការខូចខាត ការចំណាយ ឬ ការរអាក់រអួលណាមួយ រួមទាំងការខូចខាតដោយផ្ទាល់ ដោយប្រយោល ដោយចៃដន្យ ដោយពិសេស ផលវិបាក ការដាក់ទណ្ឌកម្ម ឬ ការបាត់បង់សេដ្ឋកិច្ច ការបាត់បង់ប្រាក់ចំណូល ឬប្រាក់ចំណេញ ការបាត់បង់ប្រាក់សន្សំដែលរំពឹងទុក ឬ អាជីវកម្មដែលទទួលរង ឬកើតឡើងដោយអ្នក​ ឬបុគ្គលណាម្នាក់ ដោយសារធនាគារ​បាន​ផ្អាកប្រតិបត្តិការ និង/ឬបិទគណនីរបស់អ្នក និង/ឬ សេវាកម្មណាមួយ ឬទាំងអស់ ឬអនុវត្តសិទ្ធិណាមួយនៅក្រោមបញ្ញត្តិ និងលក្ខខណ្ឌទាំងនេះ ឬ ភាពអសមត្ថភាពរបស់អ្នកក្នុងការចូលប្រើសេវាកម្មណាមួយដែលបានផ្តល់ឱ្យអ្នក ទោះបីជាធនាគារបានណែនាំ ឬបានប្រាក់​ពីលទ្ធភាពដែលនឹង​អាចបាត់បង់ ឬ ការខូចខាត ដែលការខាតបង់ ឬការបាត់បង់ទាំងអស់នេះត្រូវបានបដិសេធយ៉ាងច្បាស់លាស់ក៏ដោយ។

 

២០. សំណង

២០.១ អតិថិជនត្រូវផ្តល់ពីសំណងដល់ធនាគារ មន្ត្រី និយោជិត អ្នកទទួលសិទ្ធិ និង ភ្នាក់ងាររបស់ខ្លួន លើសំណងខូចខាតពេញលេញជាមូលដ្ឋាន កើតចេញពីការទាមទារ សំណងខូចខាត នីតិវិធីតុលាការ​ បណ្តឹង ដំណើរការនីតិវិធី បទបញ្ជា ការខាតបង់ (ដោយផ្ទាល់ ឬជាផលវិបាក) ការខូចខាត កម្រៃ និង ការចំណាយ (រាប់បញ្ចូលទាំងកាតព្វកិច្ច​ពន្ធ ពន្ធ និងអាករ និង ថ្លៃសេវាផ្លូវច្បាប់សំណងខូចខាតពេញលេញជាមូលដ្ឋាន) និង ទំនួលខុសត្រូវ​ផ្សេងទៀតគ្រប់រូបភាព ឬ តាមរបៀបណាមួយក៏ដោយដែលកើតឡើង ដែលធ្វើឱ្យធនាគារត្រូវ​រក្សារ ឬទទួលរងដោយផ្ទាល់ ឬដោយប្រយោលនៅពេលអនុវត្ត ប្រតិបត្តិតាម ឬអនុវត្តដោយ​បង្ខំលើបញ្ញត្តិ និងលក្ខខណ្ឌទាំងនេះ ឬក្នុងកិច្ចព្រមព្រៀងផ្សេងទៀត រួមទាំងនិង​មិន​កម្រិត​ត្រឹម៖

(ក) ប្រតិបត្តិការគណនីណាមួយរបស់អតិថិជន។

(ខ) ការផ្តល់សេវា និង/ឬផលិតផលណាមួយដោយធនាគារដល់អតិថិជន។

(គ) ធនាគារធ្វើ​​​តាមការបញ្ជា​ដកប្រាក់ និង/ឬ ការបញ្ជា​ទូទាត់ណាមួយរបស់អតិថិជន។

(ឃ) ដោយហេតុផលថាធនាគារដើរតួជាធនាគារភ្នាក់ងារ​ប្រមូល បានយោងលើ ឬធានាលើបិដិ្ឋលេខ ឬឯកសារ ទូទាត់ប្រាក់មូលប្បទានបត្រ វិក្កយបត្រ លិខិតសន្យា រូបិយាណត្តិ ឬឧបករណ៍អាចជួញដូរបានផ្សេងទៀតដែលផ្តល់ដោយអតិថិជនសម្រាប់ទូទាត់ និងគ្រប់ករណីទាំងអស់ ហើយការយោង ឬ ការធានាដោយធនាគារនេះ ត្រូវ​ចាត់ទុកថា​បានអនុវត្ត​តាមសំណើរជាក់​លាក់​របស់អតិថិជន។

(ង) ធនាគារបានទទួល យោងលើ និងឈប់ធ្វើសកម្មភាពតាម​ការបញ្ជាដែល​បាន​ផ្តល់​ ឬបានអះអាងថា​បានផ្តល់ឱ្យពីអតិថិជន ឬ បុគ្គលណាម្នាក់​ដែលអះអាងថាជា​មេធាវីរបស់អតិថិជន ដោយមិនគិតពីកាលៈទេសៈដែលចេញការបញ្ជា​នោះ ឬ ប្រភេទប្រតិបត្តិការ និង​ទោះបីជាមានកំហុស ការយល់ច្រឡំ ការក្លែងបន្លំ ឬកង្វះភាពច្បាស់លាស់ក្នុងការផ្តល់ឱ្យ ទទួលបាន ឬ ខ្លឹមសារនៃការបញ្ជា រួមទាំងនៅពេលធនាគារជឿជាក់ដោយស្មោះត្រង់ថាការបញ្ជា​ ឬព័ត៌មានដែលផ្តល់ឱ្យធ្វើឡើងលើសសិទ្ធិអំណាចរបស់អតិថិជន ឬ នៅពេលដែលធនាគារជឿថាការធ្វើតាមការបញ្ជាបែបនេះនឹងនាំឱ្យមានការបំពានកាតព្វកិច្ច ឬ ច្បាប់ណាមួយអនុវត្តចំពោះធនាគារ និង ជាធរមានដែលនាំឱ្យមាន​ការ​ពិន័យ។

(ច) ការខកខានរបស់អតិថិជនក្នុងការទូទាត់ ឬ សងទៅធនាគារតាមតម្រូវការលើចំនួនទឹកប្រាក់​ដែលជំពាក់ ធនាគារ (រួមទាំងការប្រាក់ទាំងអស់ដែលបង្គរ)។

(ឆ) ការបំពានរបស់អតិថិជនលើប្រការណាមួយ ឬ​ ច្រើនលើបញ្ញត្តិ និង​លក្ខខណ្ឌនេះ។

(ជ) ការអនុវត្តដោយបង្ខំដោយធនាគារ (រួមទាំងសិទ្ធិនៃការលក់ ការទូទាត់ ការទូទាត់ឡើងវិញ ឬការអនុវត្តដោយ​បង្ខំលើដំណើរនីតិវិធី) ក្រោម ឬពាក់ព័ន្ធបញ្ញត្តិ និង លក្ខខណ្ឌនេះ និង/ឬគណនីនេះ។

(ឈ) ធនាគារប្រើប្រព័ន្ធ ឬមធ្យោបាយទំនាក់ទំនង ឬការបញ្ជូនណាមួយ ​ក្នុងការអនុវត្តការបញ្ជារបស់អតិថិជន ដែលនាំឱ្យបាត់បង់ ពន្យារពេល ខូច​ទ្រង់ទ្រាយ ឬស្ទួនការបញ្ជានេះ។

(ញ) រាល់ការបាត់ លួច ឬការក្លែងបន្លំ សៀវភៅមូលប្បទានបត្រ មូលប្បទានបត្រ សៀវភៅគណនី កាត ប័ណ្ណ​ប្រាក់បញ្ញើមានកាលកំណត់ លេខអត្តសញ្ញាណផ្ទាល់ខ្លួន ឬការជូនដំណឹង ឬលេខកូដសំគាល់ផ្សេងទៀតដែលទាក់ទងនឹងគណនី និងការចេញជាថ្មី ឬការ​ជំនួសមកវិញនូវឯកសារ​ខាងលើ​ណាមួយដោយធនាគារ។

(ដ) ការផ្លាស់ប្តូរច្បាប់ជាធរមាន បទប្បញ្ញត្តិ ឬសារាចររបស់រដ្ឋាភិបាលណាមួយទាក់ទងនឹងប្រការណាមួយនៃបញ្ញត្តិ និង លក្ខខណ្ឌនេះ ឬកិច្ចព្រមព្រៀងផ្សេងទៀតរវាងធនាគារ និងអតិថិជន។

(ឋ) សកម្មភាព ឬការសម្រេចចិត្តណាមួយដែលធ្វើឡើងដោយធនាគារសម្រាប់គោលបំណងនៃការអនុលោមតាម ឬដែលធនាគារយល់ថាចាំបាច់ ឬគួរចាំបាច់ ទាក់ទងនឹងការដាក់ទណ្ឌកម្មណាមួយ តម្រូវការរបស់រដ្ឋាភិបាល ដីការបស់តុលាការនៃយុត្តាធិការពាក់ព័ន្ធ អាជ្ញាធរគ្រប់គ្រងលើការប្តូររូបិយបណ្ណ័បរទេស ការតម្រូវទាក់ទងនឹងការប្រឆាំងនឹងការសម្អាតប្រាក់​ ឬការប្រឆាំងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ និងបទប្បញ្ញត្តិផ្សេងទៀត។ និង

(ឌ) ធនាគារបានយោងលើការប្រកាស និង/ឬការធានាអះអាងណាមួយ (រាប់បញ្ចូលទាំងមិន​កម្រិតត្រឹម ការប្រកាស ឬការធានាអះអាងណាមួយដែលទាក់ទងនឹងពន្ធ បទល្មើសធ្ងន់ធ្ងរ ឬ FATCA របស់សហរដ្ឋអាមេរិក) ដែលធ្វើឡើងដោយអតិថិជននៅក្នុងពាក្យស្នើសុំ​បើកគណនីណាមួយ លិខិតស្នើសុំ បញ្ញត្តិ និង​លក្ខខណ្ឌនេះ និង/ឬ ព័ត៌មាន និង/ឬឯកសារផ្សេងទៀតទាំងអស់ដែលបានដាក់ជូន ឬផ្តល់ដោយ ឬក្នុងនាមអតិថិជនមកកាន់ធនាគារ។

 

២១. ទំនាក់ទំនង

២១.១ អតិថិជនត្រូវផ្តល់ឱ្យធនាគារនូវការជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីការផ្លាស់ប្តូរព័ត៌មានណាមួយរបស់អតិថិជនដោយអនុលោមតាមបញ្ញត្តិ​ និង លក្ខខណ្ឌទាំងនេះ។

២១.២ រាល់សេចក្តីថ្លែងការណ៍ ការជូនព័ត៌មាន ការបញ្ជាក់ ការជូនដំណឹង ការទាមទារ និងការឆ្លើយឆ្លងផ្សេងទៀតទាំងអស់របស់ធនាគារក្រោមបញ្ញត្តិ និង​លក្ខខណ្ឌទាំងនេះ ('ការឆ្លើយឆ្លង') ត្រូវ​បញ្ជូនជូនអតិថិជនតាមរយៈ៖

(ក) (ករណីអតិថិជនជារូបវ័ន្តបុគ្គល) ការបញ្ជូនដោយផ្ទាល់ដៃចំពោះអតិថិជន (ឬ តំណាងផ្ទាល់ខ្លួនរបស់អតិថិជន) ឬ (ពេលដែលអតិថិជនជាក្រុមហ៊ុន ឬក្រុមហ៊ុនសហកម្មសិទ្ធិ) ជូនចំពោះមន្ត្រី ឬ ដៃគូរបស់អតិថិជនណាមួយ​   ផ្ទាល់។

(ខ) ដោយផ្ញើទៅកាន់អតិថិជន ឬទៅមន្ត្រី ឬទៅដៃគូរបស់អតិថិជនណាមួយ (ករណីបើមាន) តាមអាសយដ្ឋានចុងក្រោយរបស់អតិថិជនផ្តល់មកធនាគារ។ ឬ

(គ) ផ្ញើតាមរយៈសារអេឡិចត្រូនិច​ ទូរលេខ ឬទូរសារ តាមមធ្យោបាយដូចបានរៀបរាប់ខាងលើ ទៅកាន់អ៊ីមែល ទូរលេខ ឬទូរសាររបស់អតិថិជន ដែលមានចុងក្រោយជាមួយធនាគារ។ ការឆ្លើយឆ្លងត្រូវចាត់ទុកថាត្រូវបានទទួល​ នៅ​ថ្ងៃ​បានទទួល​ដោយ​ផ្ទាល់ដៃ​ ប្រសិនបើបញ្ជូនដោយផ្ទាល់ ឬនៅពេលផ្ញើរចេញតាមសារអេឡិចត្រូនិច​​ ទូរលេខ​ ឬទូរសារ ឬនៅថ្ងៃបន្ទាប់ពីការផ្ញើ ប្រសិនបើផ្ញើតាមប្រៃសណីយ៍។

២១.៣ អតិថិជនអនុញ្ញាត​ដោយគ្មានលក្ខខណ្ឌ និងយល់ព្រមឱ្យធនាគារ កត់ត្រា រាល់ទំនាក់ទំនង និង/ឬការបញ្ជាក់ណាមួយ រួមទាំងមិនកម្រិត​ត្រឹម​ការទំនាក់ទំនងតាមរយៈទូរសព្ទ ឬ ឧបករណ៍ទំនាក់ទំនងផ្សេងទៀតដែលកំណត់ដោយធនាគារនាពេលណាមួយតាម​ការយល់ឃើញថា​សមស្រប​ និង តាមឆន្ទានុសិទ្ធិ​របស់ខ្លួនតែមួយគត់​។

 

២២. ការលះបង់

ការខកខាន ឬការពន្យារពេលដោយធនាគារក្នុងការអនុវត្ត ឬការអនុវត្តដោយបង្ខំនូវសិទ្ធិ ឬជម្រើសណាមួយរបស់ធនាគារ ក្រោមបញ្ញត្តិ​ និង លក្ខខណ្ឌនេះ មិនចាត់ទុកជាការលះបង់ ការកម្រិត ការប៉ះពាល់ ឬការខូតខាតសិទ្ធិរបស់ធនាគារក្នុងការចាត់វិធានការ ឬអនុវត្តសិទ្ធិណាមួយរបស់ខ្លួនចំពោះអតិថិជននោះទេ ឬ ចាត់ទុកជា​ទំនួលខុសត្រូវរបស់ធនាគារចំពោះការបាត់បង់ ឬការខូចខាតណាមួយដែលកើតឡើងនោះដែរ។

 

២៣. ស្វ័យភាពនៃបញ្ញត្តិ​

ប្រសិនបើប្រការណាមួយ ឬច្រើននៅក្នុងបញ្ញត្តិ និងលក្ខខណ្ឌនេះ ត្រូវបានចាត់ទុកថាមិនត្រឹមត្រូវ មិនស្របច្បាប់ ឬមិនអាចអនុវត្តបាន ក្រោមច្បាប់ជាធរមានណាមួយ នោះសុពលភាព ភាពស្របច្បាប់ និងការអនុវត្តនៃប្រការដទៃទៀតក្នុងបញ្ញត្តិ និង​លក្ខខណ្ឌនេះ នឹងមិនប៉ះពាល់ និង​ខូចខាតឡើយ។

 

២៤. ប្រធានសក្តិ​

ធនាគារអាចផ្អាកប្រតិបត្តិការគណនី និង/ឬសេវាកម្មណាមួយ ឬទាំងអស់ ប្រសិនបើឥទ្ធិពលនៃប្រធានសក្តិ រួមមាន​មិនកម្រិតត្រឹម សង្គ្រាម សង្គ្រាមស៊ីវិល ការបះបោរ កុបកម្ម ការដកហូត ការបង្កក ការផ្អាក ឬការដាក់ការត្រួតពិនិត្យការផ្លាស់ប្តូរ ច្បាប់ បទប្បញ្ញត្តិ ឬការរឹតបន្តឹងផ្សេងទៀតដោយរដ្ឋាភិបាល (ទទួលស្គាល់ ឬមិន​ទទួលស្គាល់) ឬ អាជ្ញាធរផ្សេងទៀត ឬ បុគ្គលជាក់ស្តែងដែលគ្រប់គ្រងលើធនាគារ គ្រោះមហន្តរាយ ឬលក្ខខណ្ឌណាមួយ សកម្មភាពទាមទារបស់​បុគ្គលិក កុំព្យូទ័រមិនដំណើរការ ឬ ការបំផ្លិចបំផ្លាញ ឬហេតុផលផ្សេងទៀតណាមួយក៏ដោយ ដែលអាចធ្វើឱ្យកំណត់ត្រាអតិថិជនរបស់ធនាគារ គណនី ឬសេវាកម្មរបស់ធនាគារ​ ត្រូវ​បានបាត់ ឬមិនអាចចូលប្រើប្រាស់បាន​ ឬ បាន​រារាំងដល់​ការប្រើប្រាស់គណនី ឬសេវាកម្មទាំងនោះ។

 

២៥. ដីកា​បង្កក

២៥.១ រាល់សាច់ប្រាក់ សមតុល្យក្នុង​គណនី ទ្រព្យសម្បត្តិ ទ្រព្យ ដែលរក្សាទុក ឬរក្សានៅក្នុងគណនីក្រោមបញ្ញតិ និង លក្ខខណ្ឌនេះមិនអាចត្រូវ៖

(ក) ចាត់ចែង ទូទាត់ ផ្ទេរ ដក បិទ ដកចេញពីគណនី។ និង

(ខ) ធ្វើទំនាក់ទំនង ឬ ធ្វើប្រតិបត្តិការក្នុងលក្ខណៈណាមូយដោយអតិថិជន ('ការហាមឃាត់') ក្នុងករណីដែលធនាគារត្រូវបានជូនដំណឹង ឬ ទទួលបានដីកាចេញពីតុលាការក្នុងប្រទេសកម្ពុជា ឬប្រទេសផ្សេងទៀតដែលធនាគារមានប្រតិបត្តិការ​អាជីវកម្ម ('ដីការបស់តុលាការ') ដែលចែងពីលក្ខខណ្ឌតម្រូវ​ឱ្យអតិថិជន និង/ឬភ្នាក់ងារ និង/ឬបុគ្គលិករបស់ខ្លួន (មិនថាមាន ឬ​មិនមានឈ្មោះក្នុងដីការបស់តុលាការ) គោរពតាម​ក្នុងការហាមឃាត់មួយ ឬច្រើន។

២៥.២ ការហាមឃាត់នេះ ត្រូវ​បញ្ចប់បាន លុះត្រាតែធនាគារបាន​ទទួលដីការបស់តុលាការបន្ថែមទៀងក្នុងការបញ្ចប់ ឬលុបចោលការហាមឃាត់នោះ។

២៥.៣ រាល់ឯកសារ ឧបករណ៍អាចជួញដូរបាន មូលប្បទានបត្រ សំណើ និងការបញ្ជា ករណីបើអាច ត្រូវបានផ្តល់​សម្រាប់ការទូទាត់ ការដកប្រាក់ ការលើក ផ្ទេរ ការដកចេញ ឬការអនុវត្តកក្នុង​ទម្រង់ប្រតិបត្តិការណាមួយ ឬប្រតិបត្តិការផ្សេងទៀតក្នុងគណនី នឹងត្រូវបដិសេធ និងប្រគល់ត្រលប់វិញដោយធនាគារ ក្នុងអំឡុងពេលរង់ចាំការបញ្ឈប់ការហាមឃាត់។

 

២៦. ការអនុញ្ញាតយល់ព្រមសម្រាប់ការត្រួតពិនិត្យឥណទាន

អតិថិជនបញ្ជាក់ថាធនាគារត្រូវបានអនុញ្ញាតឱ្យផ្ទៀងផ្ទាត់ និង/ឬធ្វើការត្រួតពិនិត្យណាមួយ និង/ឬទទួលបានព័ត៌មាន និង/ឬការបញ្ជាក់ណាមួយ អំពី      អតិថិជន និង/ឬបុគ្គល រូបវន្តបុគ្គលណាម្នាក់ និង/ឬអង្គភាពណាមួយ ជាមួយ ឬ ពីភ្នាក់ងារឥណទាន និង/ឬទីភ្នាក់ងារផ្សេងទៀត និង/ឬ ពីស្ថាប័នហិរញ្ញវត្ថុណាមួយ ដែលធនាគារចាត់ទុកថាសមស្រមសម្រាប់គោលបំណងណាមួយ។

 

២៧. វិសោធនកម្មបញ្ញត្តិ និងលក្ខខណ្ឌ

២៧.១ ធនាគាររក្សាសិទ្ធិក្នុងការបន្ថែម ឬ កែប្រែប្រការណាមួយនៃបញ្ញត្តិ និងលក្ខខណ្ឌនេះនៅពេលណាមួយ និង​ផ្តល់​ការជូនដំណឹងជូនអតិថិជនជាមុនយ៉ាងហោចណាស់ សាមសិប (៣0) ថ្ងៃ មុនការកែប្រែប្រួលណាមួយដែលទាក់ទងនឹងថ្លៃសេវា និងកម្រៃសេវា ព្រមទាំងទំនួលខុសត្រូវ​ និង កាតព្វកិច្ចរបស់អតិថិជន មុននឹងការបន្ថែម ឬ ការកែប្រែនោះមានប្រសិទ្ធិភាពអនុវត្ត។ កាតព្វកិច្ចក្នុងការផ្តល់ការជូនដំណឹងជាមុនដល់អតិថិជន មិនត្រូវបានអនុវត្តទេ ប្រសិនបើការកែប្រែបន្ថែម ឬ ការកែប្រែតម្រូវឱ្យមានប្រសិទ្ធិភាពភ្លាម ឬ ប្រសិន​បើ​វាសក្តិសមនឹង​មិនចាំបាច់​ជូនដំណឹងជាមុន និង​ត្រូវបានអនុញ្ញាតទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។​

២៧.២ វិសោធនកម្មទាំងអស់នឹងមាន​ប្រសិទ្ធភាព និង​ចងភ្ជាប់​លោក/លោកស្រី ចាប់ពីកាលបរិច្ឆេទដែលបញ្ជាក់នៅក្នុងលិខិតជូនដំណឹងរបស់ធនាគារ​។ ការជូនដំណឹងជាមុនអាច ត្រូវបានផ្តល់ជូនអតិថិជនដោយលិខិតជូនដំណឹងពីការកែប្រែ ឬ ការ​ចេញសំណុំ​បញ្ញត្តិ និង​ លក្ខខណ្ឌដែលបានកែប្រែនៅសាខាធនាគារ ឬ របោះផ្សាយក្នុងគេហទំព័ររបស់ធនាគារ​ កាសែត ឬប្រព័ន្ធផ្សព្វផ្សាយណាមួយ។ បន្ទាប់ពីការចេញ ឬបោះផ្សាយនេះ ធនាគារ​ចាត់ទុកថាអ្នកទទួល​បានការជូនដំណឹងអំពីកែប្រែបញ្ញត្តិ និង​លក្ខខណ្ឌនេះហើយ។

២៧.៣ ប្រសិនបើអតិថិជនមិនទទួលយកការន្ថែម និង/ឬការកែប្រែបញ្ញត្តិ និង លក្ខខណ្ឌនេះទេ អតិថិជនត្រូវបញ្ឈប់ការធ្វើប្រតិបត្តិការភ្លាម និងបិទគណនីជាមួយធនាគារ​បាន​។ ប្រសិនបើអតិថិជនធ្វើប្រតិបត្តិការគណនី បន្ទាប់ពីការជូនដំណឹងនេះ ធនាគារចាត់ទុកថា អតិថិជនបានយល់ព្រមលើការបន្ថែម និង/ឬការកែប្រែផ្លាស់ប្តូរនេះដោយឯកឯង។

 

 

២៨. សិទ្ធិភាគីទីបី

បុគ្គល ដែលមិនមែនជាភាគីនៃកិច្ចព្រមព្រៀងណាមួយដែលគ្រប់គ្រងដោយបញ្ញត្តិ និងលក្ខខណ្ឌនេះ មិនមានសិទ្ធិទាមទារអនុវត្ត ឬ ទទួលយកអត្ថប្រយោជន៍ពីប្រការ​នៃបញ្ញត្តិ និង​លក្ខខណ្ឌនេះឡើយ។ ទោះបីជាមានកំណត់​ក្នុង​ប្រការ​ណាមួយនៃបញ្ញត្តិ និង​ លក្ខខណ្ឌនេះក៏ដោយ ការយល់ព្រមពីភាគីទីបីណាមួយ មិនតម្រូវឱ្យមានដើម្បីការកែប្រែ (រួមទាំងការលើកលែង ឬ ទំនួលខុសត្រូវដែលបានព្រមព្រៀងណាមួយ) ឬ ដើម្បីបញ្ចប់បញ្ញត្តិ និង លក្ខខណ្ឌណាមួយឡើយ។

 

២៩. ការប្រើប្រាស់សេវាពីខាងក្រៅ (Outsourcing)

ធនាគារមានសិទ្ធិក្នុងការប្រើប្រាស់​សេវាពីខាងក្រៅ ឬ ធ្វើកិច្ចសន្យាបន្តផ្នែកណាមួយនៃប្រតិបត្តិការរបស់ធនាគារទៅឱ្យភាគីទីបី (រួមទាំងភាគីដែលផ្តល់សេវា​នៅក្រៅប្រទេសកម្ពុជា) តាមលក្ខខណ្ឌដែលធនាគារយល់ឃើញថាសមស្របតាមឆន្ទានុសិទ្ធិ​របស់ខ្លួនតែមួយគត់។ ប្រតិបត្តិការនេះ ត្រូវរួមបញ្ចូលទាំងមិន​កម្រិតត្រឹម ប្រតិបត្តិការលើការទូទាត់មូលប្បទានបត្រ ការបង្កើត ការថែរក្សា និងការរក្សាទុកឯកសារ និងកំណត់ត្រា ការផលិតកាតនិងការផ្ញើចេញ និង ការផ្ញើចេញឧបករណ៍សុវត្ថិភាព និងលេខកូដអត្តសញ្ញាណអ្នកប្រើប្រាស់។

 

៣០. ពន្ធ

៣០.១ អ្នកនឹងទទួលខុសត្រូវចំពោះកាតព្វកិច្ច​សារពើពន្ធរបស់អ្នក ហើយធានាថាអ្នក និងគណនីរបស់អ្នក ត្រូវគោរពតាមច្បាប់ពន្ធដារស្ដីពីសារពើពន្ធនៃយុត្តាធិការពាក់ព័ន្ធដែលអ្នកស្នាក់នៅ មានទីលំនៅ ឬជាបុគ្គលជាប់ពន្ធ។

៣០.២ អ្នកទទួលស្គាល់ថា ធនាគារមិនផ្តល់ការប្រឹក្សាផ្នែកពន្ធ និងយល់ព្រមថាអ្នកគួរស្នើសុំប្រឹក្សា​យោបល់ពីអ្នកជំនាញពន្ធដារនៅក្នុងយុត្តាធិការពន្ធរបស់អ្នកដែលស្នាក់នៅ។

៣០.៣ អ្នកយល់ព្រមផ្តល់ភ្លាមនូវច្បាប់ចម្លងនៃឯកសារពាក់ព័ន្ធណាមួយ (រួមទាំងឯកសារបន្ថែម ឬឯកសារដទៃផ្សេងទៀត) តាមការរបស់ធនាគារ។ នៅពេលណាដែលតម្រូវដោយនិយតករក្នុងស្រុក ឬក្រៅប្រទេស ឬអាជ្ញាធរពន្ធដារ អ្នកបានយល់ដឹង និងយល់ព្រមថា ធនាគារអាចទាមទាឱ្យ​ ផ្តល់​ឯកសារ និង/ឬទម្រង់បែបបទបន្ថែមពីអ្នក ដែលអ្នក ឬ បុគ្គលតំណាងសិទ្ធិ និង/ឬអភិបាល​របស់​អ្នក (ប្រសិនបើមាន) ត្រូវ​ចុះហត្ថលេខា និង/ឬ ម្ចាស់ភាគហ៊ុន ម្ចាស់ភាគហ៊ុនចុងក្រោយ និង/ឬអភិបាល​របស់អ្នក (ក្នុងករណីដែលអាចអនុវត្តបាន) ត្រូវស្ថិតនៅក្រោមការតម្រូវរបស់យុត្តាធិការពាក់ព័ន្ធនោះ ។

៣០.៤ អ្នកធានា​ថាអ្នកមិនមានចេតនាប្រព្រឹត្ត ឬ ត្រូវបានផ្តន្ទាទោសពីឧក្រិដ្ឋកម្មពន្ធធ្ងន់ធ្ងរណាមួយ ហើយធានាថា​អ្នកមិន ប្រព្រឹត្តដោយចេតនា រឺត្រូវ​បាន​ផ្តន្ទាទោសពីឧក្រិដ្ឋកម្មពន្ធធ្ងន់ធ្ងរណាមួយឡើយ។

 

៣១. ច្បាប់ស្តីពការ​អនុលោមតាមច្បាប់ពន្ធលើគណនីបរទេសរបស់សហរដ្ឋអាមេរិក (FATCA)

៣១.១ អ្នក ត្រូវគោរពតាមកាតព្វកិច្ចរាយការណ៍ FATCA កាត់ទុក និងតម្រូវការផ្សេងទៀតណាមួយ (រួមទាំងការផ្តល់ឯកសារផ្សេងៗដែលចាំបាច់) ដែលធនាគារចាត់ទុកថាចាំបាច់ ឬ ចង់បានទាក់ទងនឹង FATCA នៅពេលណាមួយ (រួមទាំងការកែប្រែ ឬការអនុវត្តឡើងវិញបទបញ្ញតិដែលកំពុងមានជាធរមាន) ហើយធនាគារមានសិទ្ធិក្នុងការកាត់ទុក និងទូទាត់ពីគណនីរបស់អ្នក តាមតម្រូវការរបស់និយ័តករក្នុងស្រុក ឬក្រៅប្រទេស ដែលតម្រូវដោយនិយ័តករ ឬអាជ្ញាធរពន្ធដារ យោងតាមច្បាប់ជាធរមាន បទប្បញ្ញត្តិ គោលការណ៍ណែនាំ និង / ឬកិច្ចព្រមព្រៀងជាមួយនិយ័តករ ឬអាជ្ញាធរ ឬសារាចរណែនាំដែលអាចអនុវត្តបាន។

៣១.២ ទោះបីជាមានកំណត់ក្នុង​បញ្ញត្តិ និង​ លក្ខខណ្ឌនេះក៏ដោយ អ្នកត្រូវតែជូនដំណឹងមកធនាគារក្នុងរយៈពេល ៣០ ថ្ងៃនៃថ្ងៃប្រតិទិននៃការកែប្រែនូវ​ព័ត៌មានរបស់អ្នក និងផ្តល់ឯកសារ ឬព័ត៌មានទាំងអស់តាមការស្នើសុំពីធនាគារក្នុង​រយៈពេលមិនលើសពី ៣០ ថ្ងៃគិតចាប់ពីកាលបរិច្ឆេទនៃការស្នើសុំ។

៣១.៣ ធនាគារ រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់​ខ្លួនតែមួយគត់ ​ក្នុងការ​បង្កក/ផ្អាក/បិទគណនី ឬ ប្រតិបត្តិការរបស់អ្នក ​ ឬទំនាក់ទំនងជាមួយធនាគារ ឬ ធ្វើសកម្មភាពផ្សេងទៀតដែលធនាគារចាត់ទុកថាសមរម្យនៅពេលណាមួយ ប្រសិនបើអ្នកមិនគោរពតាមកាតព្វកិច្ចរបស់អ្នកកំណត់ក្នុងប្រការ ៣១.១ និង/ឬប្រការ ៣១.២ ខាងលើ។

 

៣២. ច្បាប់ជាធរមាន និងយុត្តាធិការ

បញ្ញត្តិ និង លក្ខខណ្ឌទាំងនេះ ត្រូវគ្រប់គ្រង និងបកស្រាយគ្រប់ទិដ្ឋភាពទាំងអស់ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែ​ក្នុងការអនុវត្តបញ្ញត្តិ និង​លក្ខខណ្ឌនេះ ធនាគារមានសេរីភាពក្នុងការដាក់​ផ្តួចផ្តើមបណ្តឹង ឬដំណើរការនីតិវិធី ឬសកម្មភាពណាមួយប្រឆាំងនឹងអតិថិជនក្នុងប្រទេសកម្ពុជា ឬ នៅកន្លែងផ្សេងទៀតតាមធនាគារថាសមស្រប ហើយអតិថិជនយល់ព្រមថា នៅពេលណាដែលបណ្តឹង ឬដំណើរការនីតិវិធី​ធ្វើ​ឡើង​ក្នុងប្រទេសកម្ពុជា​ អតិថិជនត្រូវដាក់ជូនយុត្តាធិការនៃតុលាការនៃព្រះរាជាណាចក្រកម្ពុជា​គ្រប់បញ្ហាដែលទាក់ទងនឹងកាតព្វកិច្ច និងទំនួលខុសត្រូវ​របស់អតិថិជន ដែលកើតឡើងក្រោម បញ្ញត្តិ និង​លក្ខខណ្ឌនេះ។

 

III. លក្ខខណ្ឌបន្ថែមសម្រាប់គណនីជាក់លាក់

៣៣. គណនីចរន្ត

៣៣.១ ធនាគារអាចតម្រូវឱ្យដាក់ទឹកប្រាក់ដំបូងដើម្បីបើកគណនីចរន្តថ្មី និងត្រូវ​មានសមតុល្យអប្បបរមារក្សាក្នុងគណនីចរន្តនោះ។ គណនីចរន្តនេះ គឺជាគណនីបញ្ញើដែលមិនទទួលបានការប្រាក់ទេ លើកលែងតែមានការចែងផ្សេងពីនេះ។ ការដាក់ប្រាក់បញ្ញើនីមួយៗត្រូវមានភ្ជាប់មកជាមួយនូវប័ណ្ណដាក់ប្រាក់បញ្ញើក្នុងទម្រង់ដែលបានកំណត់។

៣៣.២ ពាក្យស្នើសុំសៀវភៅមូលប្បទានបត្រ ត្រូវជាលាយលក្ខណ៍អក្សរ ឬ ក្នុងទម្រង់ដែលធនាគារបានកំណត់។ សៀវភៅមូលប្បទានបត្រ នឹងត្រូវ​ផ្ញើជូនទៅអាសយដ្ឋានរបស់ម្ចាស់គណនីដែលផ្តល់​មក​ធនាគារ ករណីដែល​រាល់​ព័ត៌មានតម្រូវទាំងអស់​បានបំពេញ និង​ប្រមូល​ដោយផ្ទាល់​​ដោយធនាគារ​។​ ការស្នើសុំសៀវភៅមូលប្បទានបត្របន្ទាប់អាចធ្វើបានតាមរយៈការពិនិត្យសន្លឹកមូលប្បទានបត្រដែលនៅសល់នៅក្នុងសៀវភៅមូលប្បទានបត្រ និង ដំណើការគណនី​អ្នកស្នើសុំ។ តតិយជនអាចទទួលយកសៀវភៅមូលប្បទានបត្របាន បើមានអាចការបញ្ជាជាលាយលក្ខណ៍អក្សរពីម្ចាស់គណនី។

៣៣.៣ មូលប្បទានបត្រសម្រាប់​ប្រតិបត្តិការគណនីចរន្ត នឹងត្រូវផ្តល់ជូនដោយធនាគារ។ រាល់ការទូទាត់មូលប្បទានបត្រនៅសាខាធនាគារដែលគណនីបានបើក អាចធ្វើទៅបាន តាមរយៈការប្រើប្រាស់មូលប្បទានបត្រដែលធនាគារផ្តល់ឱ្យតែប៉ុណ្ណោះ។ ការប្រើប្រាស់ម៉ាស៊ីនវាយអក្សរអេឡិចត្រូនិច/អគ្គីសនី ​និង ទឹកប៊ិចដែលអាចលុបបាន មិនអនុញ្ញាតប្រើដើម្បីសរសេរលើមូលប្បទានបត្របានឡើយ។ ធនាគារមិនទទួលខុសត្រូវចំពោះការបាត់បង់ ដែលបណ្តាលមកពីការប្រើប្រាស់ម៉ាស៊ីនវាយអក្សរអេឡិចត្រូនិច/អគ្គិសនី និងទឹកប៊ិចដែលអាចលុបបានឡើយ។

៣៣.៤ ប្រសិ​នបើម្ចាស់គណនីចេញមូលប្បទានបត្រមួយចំនួន ឬ ចេញការបញ្ជាឱ្យទូទាត់មួយចំនួន ពីគណនីចរន្ត ហើយចំនួនទឹកប្រាក់បូកសរុបបញ្ចូលគ្នាលើមូលប្បទានបត្រទាំងអស់ ឬ ការបញ្ជាឱ្យទូទាត់ទាំងអស់ មានចំនួនលើសសមតុល្យដែលមានក្នុងគណនី ឬ ចំនួនដែលបានព្រមព្រៀងមុនជាមួយធនាគារ ធនាគារមានសិទ្ធិប្រើប្រាស់មូលនិធិដែលមានសម្រាប់ទូទាត់មូលប្បទានបត្រ ឬ ការបញ្ជាឱ្យទូទាត់ដែលស្នើសុំទូទាត់មកធនាគារមុនគេ ដោយមិនគិតអំពីកាលបរិចេ្ឆទ ចុះលើមូលប្បទានបត្រ ឬ ការបញ្ជាទូទាត់នោះឡើយ។

៣៣.៥ ការទូទាត់មូលប្បទានបត្រជាសាច់ប្រាក់នៅអន្តរសាខាដោយម្ចាស់គណនីចរន្តជារូបវន្តបុគ្គល ត្រូវបានអនុញ្ញាត ប្រសិនបើគណនីនោះមានសមតុល្យគ្រប់គ្រាន់សម្រាប់ការទូទាត់ និងសម្រាប់បង់កម្រៃសេវាផ្សេងៗដែលកំណត់ដោយធនាគារ។

៣៣.៦ ការជូនដំណឹងអំពីការបញ្ឃប់ការទូទាត់មូលប្បទានបត្រ ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរក្នុងទម្រង់បែបបទ និង ខ្លឹមសារដែលកំណត់ដោយធនាគារ ហើយលិខិតជូនដំណឹងនេះត្រូវបញ្ចូល​ព័ត៌មានលម្អិតដូចជា លេខមូលប្បទានបត្រ លេខគណនី ចំនួនទឹកប្រាក់ ឈ្មោះអ្នកដែលត្រូវទូទាត់ និងកាលបរិច្ឆេទ។ ធនាគារនឹងកត់ត្រា ឬ ជូនដំណឹងទៅអតិថិជនចំពោះការទប់ស្កាត់ទូទាត់មូលប្បទានបត្រក្នុងគណនីចរន្ត បន្ទាប់ពីទទួលបានការជូនដំណឹងឱ្យបញ្ឈប់ការទូទាត់ជាលាយលក្ខណ៍អក្សរពីម្ចាស់គណនីប៉ុណ្ណោះ។ ធនាគារមិនទទួលខុសត្រូវ​ចំពោះការបាត់បង់របស់ម្ចាស់គណនី ដែលបណ្តាលមកពីការខាកខានជូនដំណឹង ឬ មិនបានទទួលបានលិខិតជូនដំណឹងមកធនាគារក្នុងការបញ្ឈប់ការទូទាត់នោះទេ។ ធនាគារ មិនទទួលយកនូវរាល់ការបញ្ជាឱ្យបញ្ឈប់ការទូទាត់មូលប្បទានបត្រដែលផ្តល់ មកធនាគារដោយផ្ទាល់មាត់ តាមរយៈទូរសព្ទ ទូរសារ (telex) ឬ តេឡេក្រាមឡើយ លើកលែងតែការបញ្ជានោះ ត្រូវបានធ្វើឡើងជាលាយលក្ខណ៍អក្សរពីម្ចាស់គណនីភ្លាម បន្ទាប់ពីផ្តល់​ការបញ្ជាខាងលើនេះ។ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ ធនាគារមិនទទួលខុសត្រូវលើការខាតបង់កើតឡើងចំពោះម្ចាស់គណនី ទាក់ទងនឹងការបញ្ជាបញ្ឈប់ការទូទាត់មូលប្បទានបត្រធ្វើឡើងដោយផ្ទាល់មាត់ ទូរសព័្ទ ទូរសារ (telex) ឬ តេឡេក្រាហ្វិក​ឡើយ។ ធនាគាររក្សាសិទិ្ធក្នុងការគិតកម្រៃសេវាចំពោះរាល់ការបញ្ឈប់ការទូទាត់ និងរៀងរាល់លើក តាមឆន្ទានុសិទ្ធិរបស់ខ្លួនតែមួយគត់នៅពេលណាមួយ ។

៣៣.៧ នៅពេលដែលមូលប្បទានបត្រចេញដោយគ្មានទឹកប្រាក់​គ្រប់គ្រាន់ ធនាគារ នឹងបញ្ជូន (មិនមាន​កាតព្វកិច្ច​) មូលប្បទានបត្រទៅឱ្យអ្នកស្នើសុំទូទាត់វិញដោយផ្តល់ ឬ មិនចាំបាច់ផ្តល់មូលហេតុបាន។ ធនាគារនឹងមិនទទួលខុសត្រូវចំពោះអ្នកចេញមូលប្បទានបត្រ អ្នកទទួល ឬ តតិយជន ក្នុងករណីមូលប្បទានបត្រគ្មានទឹកប្រាក់គ្រប់គ្រាន់ឡើយ។ ធនាគារ រក្សាសិទិ្ធក្នុងការពិន័យចំពោះមូលប្បទានបត្រចេញដោយគ្មានទឹកប្រាក់គ្រប់គ្រាន់ តាមឆន្ទានុសិទ្ធិតែមួយគត់របស់ខ្លួននៅពេលណាមួយ ។​

៣៣.៨ ការដកប្រាក់ពីគណនីចរន្តអាចធ្វើទៅបាន លុះត្រាមានគណនីនោះមាន​ទឹកប្រាក់គ្រប់គ្រាន់​។ ធនាគាររក្សាសិទិ្ធក្នុងការបិទគណនី​​​ និង/ឬ​ បដិសេដមិនទូទាត់មូលប្បទានបត្រ ប្រសិនបើគណនីនោះ ត្រូវ​បានចុះក្នុងបញ្ជី ឬ​ចំណាត់ថ្នាក់ជាគណនីមានមូលប្បទានបត្រគ្មានទឹកប្រាក់គ្រប់គ្រាន់ ស្របតាមបញ្ញតិដែលគ្រប់គ្រងមូលប្បទានបត្រគ្មាន​ទឹកប្រាក់​មិនគ្រប់គ្រាន់​របស់ធនាគារ។

៣៣.៩ ធនាគាររក្សាសិទ្ធិក្នុងការកំណត់កម្រៃសេវារៀងរាល់ពាក់កណ្តាលឆ្នាំម្តង ព្រមទាំងកំណត់កម្រៃសេវាក្នុងការផ្តល់សៀវភៅមូលប្បទានបត្រ និងការបិទគណនីចរន្ត។

៣៣.១០ ការបិទគណនីចរន្តត្រូវធ្វើឡើងតាមរយៈការជូនដំណឹងជាលាយលក្ខណ៍អក្សរ ហើយធនាគារមិនទទួលយកការបញ្ជា​ដែល​បញ្ជូនដោយផ្ទាល់មាត់ តាមទូរសព្ទ ទូរសារ (telex) សារអេឡិច​ត្រូនិច​ ឬ តេឡេក្រាមឡើយ។ រាល់មូលប្បទានបត្រដែលនៅសល់ទាំងអស់ គឺជាកម្មសិទ្ធិរបស់ធនាគារ ក្រោយពេលបិទគណនីចរន្ត មូលប្បទានបត្រដែលមិនទាន់ប្រើប្រាស់ទាំងអស់ត្រូវបញ្ជូនមកធនាគារវិញភ្លាម។

 

៣៤ គណនីបញ្ញើមានកាលកំណត់

៣៤.១ ធនាគារត្រូវកំណត់ចំនួនទឹកប្រាក់អប្បបរមាសម្រាប់ដាក់បញ្ញើ និង រយៈពេលបញ្ញើប្រាក់ ព្រមទាំងរក្សាសិទិ្ធក្នុងការកែប្រែចំនួនទឹកប្រាក់អប្បបរមាសម្រាប់ដាក់បញ្ញើ និង រយៈពេលបញ្ញើ នៅពេលណាមួយ តាមឆន្ទានុសិទិ្ធតែមួយគត់របស់ធនាគារ។

៣៤.២ ការដាក់ប្រាក់បញ្ញើមានកាលកំណត់ ត្រូវបានបញ្ជាក់ដោយប័ណ្ណដាក់ប្រាក់បញ្ញើដែលមានហត្ថលេខាបញ្ជាក់របស់បុគ្គលិកធនាគារដែល​ទទួល​បាន​សិទ្ធិ​ចុះ​ហត្ថ​លេខា​ ហើយប័ណ្ណនោះមិនមែនជាឯកសារបញ្ជាក់កម្មសិទិ្ធនោះទេ។

៣៤.៣ ការប្រាក់ក្នុងអត្រាកំណត់ដោយការឯកភាពរវាងធនាគារ និងម្ចាស់គណនី នឹងត្រូវទូទាត់ជូនម្ចាស់គណនី ស្របតាមការអនុវត្តធម្មតារបស់ធនាគារ។

៣៤.៤ ការដកប្រាក់ដោយផ្នែក មុនកាលកំណត់បញ្ញើ នឹងត្រូវចាត់ទុកជាការដកប្រាក់មុនការិយបរិច្ឆេទដកប្រាក់។

៣៤.៥ ការដកប្រាក់បញ្ញើមានកាលកំណត់ អាចធ្វើបានតែនៅសាខាធនាគារដែលបានរក្សាទុកបញ្ញើមានកាលកំណត់ប៉ុណ្ណោះ។ ចំពោះការដកប្រាក់បញ្ញើមានកាលកំណត់រយៈពេល ៣ ខែ ឬ លើសពីនេះ ត្រូវមានការជូនដំណឹងជាមុនក្នុងរយៈពេល ៣១ (សាមសិបមួយ) ថ្ងៃ ។

៣៤.៦ ធនាគារ មិនធ្វើការទូទាត់ការប្រាក់ ចំពោះរាល់ការដកប្រាក់មុនកាលកំណត់  មុនរយៈពេល ៣(បី) ខែក្រោយពេលដាក់ប្រាក់បញ្ញើឡើយ។ ការទូទាត់ការប្រាក់ នឹងត្រូវបានទូទាត់តាមឆន្ទានុសិទ្ធិតែមួយគត់របស់ធនាគារ ដោយផ្អែកលើចំនួនខែដែលបានប្រាក់បញ្ញើ ចំពោះប្រាក់​បញ្ញើដែលបានដាក់​សម្រាប់រយៈពេលយ៉ាងតិចបំផុត ៦ ខែ និង១២ ខែ នោះ។

៣៤.៧ គណនីបញ្ញើមានកាលកំណត់នឹងត្រូវបានបិទ ប្រសិនបើមាន​ការដកប្រាក់បញ្ញើមុនរយៈពេលកំណត់ ។

៣៤.៨ រាល់ប្រាក់បញ្ញើមានកាលកំណត់ ដែលមិនបានដកនៅពេលដល់ការិយបរិច្ឆេទកំណត់ នឹងត្រូវបន្តជាថ្មីដោយស្វ័យប្រវត្តិសម្រាប់រយៈពេលដដែល និង ក្នុងអត្រាការប្រាក់ដែលធនាគារកំណត់នៅពេលបន្តជាថ្មី លើកលែងតែមានការកំណត់ផ្សេងក្នុងពាក្យស្នើសុំបើកគណនីប្រាក់បញ្ញើមានកាលកំណត់។

 

៣៥ គណនីចរន្តរូបិយប័ណ្ណបរទេស ('FCCA') និង គណនីបញ្ញើមានកាលកំណត់រូបិយប័ណ្ណបរទេស ('FCFD')

៣៥.១ ការដាក់ប្រាក់ និង ដកប្រាក់ជារូបិយប័ណ្ណបរទេស អាចធ្វើបានអាស្រ័យ​លើ​ការ​មាន​រូបិយប័ណ្ណបរទេស​នោះ​​ និងការជូនដំណឹងទាន់ពេល​វេលា​មកកាន់ធនាគារ។

៣៥.២ អ្នកបានដឹងពីហានិភ័យដែលពាក់ព័ន្ធនៃអត្រាប្តូរប្រាក់ ក្នុង​គណនីប្រាក់បញ្ញើរូបិយប័ណ្ណបរទេស និង គណនីរូបិយ ប័ណ្ណបរទេស ។ ជាពិសេស អ្នកត្រូវបានណែនាំថា៖

(ក) ប្រាក់ចំណូលលើប្រាក់បញ្ញើជារូបិយប័ណ្ណបរទេស គឺអាស្រ័យលើអត្រាប្តូរប្រាក់នៅពេលដល់ការិយបរិច្ឆេទកំណត់ ឬនៅពេលដកប្រាក់ ទៅតាមករណីនីមួយ។ និង

(ខ) ការផ្លាស់ប្តូរអត្រាប្តូរប្រាក់មកវិញ​ អាចធ្វើឱ្យបាត់បង់ការប្រាក់ទាំងស្រុង និងកាត់បន្ថយចំនួនប្រាក់ដើម។

៣៥.៣ ធនាគារ មិនទទួលខុសត្រូវ ចំពោះការថយចុះតម្លៃមូលនិធិដោយសារសារពើពន្ធ ឬការប្រែប្រួលតម្លៃរូបិយប័ណ្ណ ឬការរំលោះ ឬមិនមានមូលនិធិសម្រាប់ដកនៅពេលណា ឬនៅការិយបរិច្ឆេទ ករណីបើមាន បណ្តាលមកពីការរឹតបន្តឹងលើការប្តូរ ការស្នើសុំ ការផ្ទេរដោយអចេតនា ការបង្អាក់ ឬការរឹតបន្តឹងសកម្មភាពណាមួយ ការអនុវត្តអំណាចរបស់រដ្ឋាភិបាល ឬយោធា សង្រ្គាម កូដកម្ម​ ឬ មូលហេតុផ្សេងទៀតដែលហួសពីការគ្រប់គ្រងរបស់ធនាគារ។ លើស​ពី​នេះ​ទៀត:

(ក) ប្រសិនបើប្រទេសដើមដែលចេញរូបិយប័ណ្ណបានដាក់កម្រិតឱ្យចេញប្រើប្រាស់ ឥណទាន ឬផ្ទេរមូលនិធិនោះធនាគារ​មិនមានកាតព្វកិច្ចបង់ប្រាក់ឱ្យអ្នកនូវមូលនិធិចូលក្នុងគណនីនោះទេ ទោះបីជាតាមវិធីទូទាត់ ឬសាច់ប្រាក់ជារូបិយប័ណ្ណដែលពាក់ព័ន្ធ ឬរូបិយប័ណ្ណផ្សេងទៀតក៏ដោយ។

៣៥.៤ អ្នកទទួលស្គាល់ថា អនុសាសន៍ ឬ ព័ត៌មានណាមួយដែលផ្តល់ជូនអ្នកពីធនាគារទាក់ទងនឹងអត្រាប្តូររូបិយប័ណ្ណ បរទេស និង ឥរិយាបថអត្រា (trends) អាចមានភាពមិនត្រឹមត្រូវ មិនពេញលេញ ឬមិនបានផ្ទៀងផ្ទាត់ ហើយ ធនាគារ មិនធ្វើការអះអាង ទទួលខុសត្រូវ ឬ ធានាណាមួយ និងធនាគារ​ មិនទទួលខុសត្រូវចំពោះភាពត្រឹមត្រូវ ឬពេញលេញនៃអនុសាសន៍ ឬ ព័ត៌មានណាមួយឡើយ។

៣៥.៥ អ្នកយល់ព្រមថា ហានិភ័យ និងការចំណាយទាំងអស់ដែលកើតចេញពីការប្តូររូបិយប័ណ្ណមួយទៅរូបិយប័ណ្ណមួយទៀត នឹងត្រូវទទួលខុសត្រូវដោយអ្នកផ្ទាល់ ហើយការចំណាយនោះ ​នឹងត្រូវបានដកចេញ​ពីគណនីអ្នក។