តាមរយៈការដាក់ស្នើសុំឥណទានប្រាក់បៀវត្ស ព្រមទាំងសំណុំឯកសារផ្សេងទៀត ដោយលោក/លោកស្រី (តទៅនេះហៅថា "អ្នកខ្ចី") នៅក្នុងកម្មវិធីទូរសព្ទចល័តរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី មានការិយាល័យ ចុះបញ្ជីនៅផ្ទះលេខ ៦០ មហាវិថីព្រះមុនីវង្ស ភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ១២០២១១ ព្រះរាជាណាចក្រកម្ពុជា (តទៅនេះហៅថា "ធនាគារ") អ្នកខ្ចី សូមសន្យា ទទួលខុសត្រូវ និង យល់ព្រមចំពោះធនាគារ ដូចខាងក្រោម៖
១. ការយល់ព្រមរបស់អ្នកខ្ចី
១.១ អ្នកខ្ចីសូមបញ្ជាក់ថា អ្នកខ្ចី បានយល់ច្បាស់អំពីលក្ខខណ្ឌលម្អិតនៃផលិតផលឥណទានប្រាក់បៀវត្ស រួមមានកម្រិតឥណទានប្រាក់បៀវត្ស រយៈពេលឥណទាន អត្រាការប្រាក់ប្រចាំឆ្នាំ កម្រៃសេវា និងលក្ខខណ្ឌពាក់ព័ន្ធផ្សេងទៀត មុននឹងធ្វើការដាក់ពាក្យស្នើសុំឥណទានប្រាក់បៀវត្សនៅក្នុងកម្មវិធីទូរសព្ទចល័តរបស់ធនាគារ។
១.២ អ្នកខ្ចី បានអាន និង យល់ច្បាស់អំពីខ្លឹមសារទាំងស្រុងនៃពាក្យស្នើសុំឥណទានប្រាក់បៀវត្ស បញ្ញត្តិ និង លក្ខខណ្ឌទូទៅនៃឥណទានប្រាក់បៀវត្ស ព្រមទាំងសំណុំឯកសារផ្សេងទៀតទាក់ទងនឹងការស្នើសុំឥណទានប្រាក់បៀវត្ស (“ឯកសារឥណទាន”)។ បន្ទាប់ពីធនាគារបានអនុម័តលើឯកសារឥណទាន អ្នកខ្ចីយល់ព្រម និងឯកភាពថា ឯកសារឥណទានទាំងអស់ ត្រូវចាត់ទុកជាការព្រមព្រៀងរបស់អ្នកខ្ចី និងត្រូវបានបង្កើតជាកិច្ចសន្យាខ្ចីបរិភោគជាមួយធនាគារស្របតាម បញ្ញត្តិ និងលក្ខខណ្ឌទូទៅនៃឥណទានប្រាក់បៀវត្ស (តទៅនេះហៅថា “កិច្ចសន្យា”)។
១.៣ អ្នកខ្ចី យល់ព្រមឲ្យអ្នកតំណាង ឬ ម្ចាស់ក្រុមហ៊ុន/អង្គភាពដែលអ្នកខ្ចីកំពុងបម្រើការជាបុគ្គលិក ក្នុងការផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកខ្ចី ដោយរួមបញ្ចូលទាំងព័ត៌មាន មុខតំណែង ប្រាក់បៀវត្ស លិខិតលាឈប់ ក្រុមគ្រួសារ ប្តី ឬ ប្រពន្ធ លេខទំនាក់ទំនង និង អាស័យដ្ឋានជាដើម ទៅឲ្យធនាគារបាន ហើយធនាគារអាចនឹងប្រើប្រាស់ព័ត៌មានខាងលើដើម្បីធ្វើការទំនាក់ទំនងទៅកាន់សាច់ញាតិ ប្រសិនបើមិនអាចទាក់ទងអ្នកខ្ចីបាន ឬ មានករណីចាំបាច់ណាមួយដែលតម្រូវដោយធនាគារ។
១.៤ អ្នកខ្ចី យល់ព្រមឲ្យធនាគារ ប្រមូលព័ត៌មានឥណទានរបស់អ្នកខ្ចី ដែលមាននៅក្នុងពាក្យសុំខ្ចី សុំបន្ត ឬសុំពន្យារពេលឥណទាន និង មានព័ត៌មានដទៃទៀតដែលពាក់ព័ន្ធនឹងពាក្យស្នើសុំនេះ ព្រមទាំងបើកចំហព័ត៌មានក្នុងឯកសារឥណទាន ទៅឲ្យធនាគារជាតិនៃកម្ពុជា ក្រុមហ៊ុនពាក់ព័ន្ធរបស់ធនាគារ ទីប្រឹក្សារបស់ធនាគារ ដូចជាទីប្រឹក្សាច្បាប់ និង/ឬ អ្នកប្រឹក្សាផ្សេងទៀតរបស់ធនាគារ រូបវន្តបុគ្គល ឬ នីតិបុគ្គលណាមួយ ដែលមានសិទ្ធិស្របតាមច្បាប់ជាធរមាន ឬ តាមការតម្រូវរបស់ធនាគារជាតិនៃកម្ពុជា ឬ បុគ្គលដែលចាំបាច់ត្រូវការដឹង ដែលធនាគារគិតថាសមស្រប សម្រាប់គោលបំណងដូចមានចែង ក្នុងប្រការ ៨ នៃប្រកាសរបស់ធនាគារជាតិនៃកម្ពុជាស្ដីពីការចែករំលែកព័ត៌មានឥណទាន។ អ្នកខ្ចី យល់ព្រមថា អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន (ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី) អាគារ ជី.អាយ.អេ ថៅវើ (ជាន់ទី៣៩) វិថីសុភមង្គល ក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និង ធនាគារ ទទួលខុសត្រូវលើការប្រមូល ការដាក់ឱ្យដំណើរការ និងការចែករំលែកទិន្នន័យ។ អ្នកខ្ចីមានសិទ្ធិទទួលព័ត៌មាននិងទិន្នន័យរបស់ខ្លួន និងមានសិទ្ធិតវ៉ា ដើម្បីស្នើសុំកែតម្រូវ ឬលុបចោលទិន្នន័យទាំងនោះប្រសិនបើមានហេតុផលគ្រប់គ្រាន់ស្របតាមនីតិវិធី ដូចមានចែងក្នុងប្រកាសស្តីពី ការចែករំលែកព័ត៌មានឥណទាន និង/ឬក្រមប្រតិបត្តិ។ អ្នកខ្ចី យល់ព្រមថា រាល់សោហ៊ុយ និងចំណាយទាំងអស់ ដែលទាក់ទងនឹងការទាញយកព័ត៌មានឥណទានពីប្រព័ន្ធចែករំលែកព័ត៌មានឥណទានជាបន្ទុករបស់អ្នកខ្ចី។
១.៥ អ្នកខ្ចី យល់ព្រមប្រគល់សិទិ្ធជូន ធនាគារ ដើម្បីប្រមូល និង ផ្តល់ព័ត៌មានក្នុងទម្រង់ណាមួយពាក់ព័ន្ធនឹងឥណទាន កិច្ចសន្យា និង/ឬ គណនីរបស់អ្នកខ្ចី ទៅដល់ធនាគារជាតិ នៃកម្ពុជា ក្រុមហ៊ុនពាក់ព័ន្ធរបស់ធនាគារ ទីប្រឹក្សាវិជ្ជាជីវៈរបស់ធនាគាររួមបញ្ចូលតែមិនកំណត់ត្រឹមសវនករ ទីប្រឹក្សាច្បាប់ ក្រុមហ៊ុនធានារ៉ាប់រងរបស់ធនាគារ និង/ឬ បុគ្គលណាមួយ ដែលមានសិទ្ធិស្របតាមច្បាប់ដែលធនាគារគិតថាសមស្រប។
២. លក្ខណៈវិនិច្ឆ័យទទួលបានឥណទាន
២.១ ឥណទានប្រាក់បៀវត្ស ផ្តល់ចំពោះបុគ្គលិកសញ្ជាតិខ្មែរទាំងទ្បាយណាដែលកំពុងបម្រើការនៅក្នុងក្រុមហ៊ុន/អង្គភាពដែលបើកប្រាក់បៀវត្សតាមរយៈធនាគារ តែប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ បុគ្គលិកតម្រូវឲ្យមានលក្ខណៈគ្រប់គ្រាន់សមស្របតាមលក្ខណៈវិនិច្ឆ័យ និង នីតិវិធីវាយឥណទានតម្លៃផ្ទៃក្នុងរបស់ធនាគារ។
២.២ ធនាគាររក្សាសិទ្ធិ ក្នុងការបដិសេដផ្តល់ឥណទានទៅអ្នកខ្ចី ដោយមិនចាំបាច់បង្ហាញ ឬ បកស្រាយអំពីហេតុផលនៃការបដិសេដទ្បើយ។
៣. កម្រិតឥណទាន រយៈពេលឥណទាន និង អត្រាការប្រាក់ប្រចាំឆ្នាំ
៣.១ លក្ខខណ្ឌលម្អិតនៃផលិតផលឥណទានប្រាក់បៀវត្ស រួមមានកម្រិតឥណទានប្រាក់បៀវត្ស រយៈពេលឥណទាន អត្រាការប្រាក់ប្រចាំឆ្នាំ កាលបរិច្ឆេទទូទាត់សង ប្រាក់បង់រំលស់ប្រចាំខែ កម្រៃសេវា និងលក្ខខណ្ឌពាក់ព័ន្ធផ្សេងទៀត ត្រូវបានផ្តល់ជូនដល់អ្នកខ្ចី មុនពេលដែលអ្នកខ្ចី ធ្វើការដាក់ពាក្យស្នើសុំឥណទានប្រាក់បៀវត្សនៅក្នុងកម្មវិធីទូរសព្ទចល័តរបស់ធនាគារ។
៣.២ អ្នកខ្ចី អាចចូលពិនិត្យមើលព័ត៌មានលម្អិតអំពីឥណទានប្រាក់បៀវត្សក្នុងកម្មវិធីទូរសព្ទចល័តរបស់ធនាគារ នៅពេលដែលធនាគារបានអនុម័តឥណទានរួច ដែលព័ត៌មានទាំងនោះរួមមានទឹកប្រាក់ជំពាក់ រយៈពេលឥណទាន កាលបរិច្ឆេទទូទាត់សង នៃឥណទានប្រាក់បៀវត្ស។
៤. ការធានាអះអាង និងការសន្យារបស់អ្នកខ្ចី
៤.១ មុននឹងដាក់ពាក្យស្នើសុំឥណទានប្រាក់បៀវត្ស និង ក្នុងអំឡុងពេលឥណទាន អ្នកខ្ចី ធានាអះអាងចំពោះធនាគារថា៖
៤.១.១ អ្នកខ្ចី ពិតជាបុគ្គលិកកំពុងបំរើការងារក្នុងក្រុមហ៊ុន/អង្គភាពដែលបើកប្រាក់បៀវត្សតាមរយៈធនាគារប្រាកដមែន។
៤.១.២ អ្នកខ្ចី ជាបុគ្គលិកដែលមានស្ថានភាពការងារស្ថេរភាព និង មិនមានបញ្ហាហិរញ្ញវត្ថុពាក់ពន្ធ័ជាមួយក្រុមហ៊ុន/អង្គភាពទ្បើយ។
៤.១.៣ អ្នកខ្ចី មិនមាន និងមិនទាន់ទទួលបាន ការជូនដំណឹងណាមួយ អំពីការបញ្ឈប់ការងារ ការចូលនិវត្តន៍ ការផ្លាស់ប្តូរតួនាទីទាបជាងមុន ការផ្លាស់ប្តូរទីកន្លែងការងារក្រៅប្រទេស និង សំរាកគ្មានប្រាក់បៀវត្សពីក្រុមហ៊ុន/អង្គភាពដែលខ្លួនកំពុងបម្រើការទេ។
៤.១.៤ អ្នកខ្ចី មានសិទ្ធិអំណាច និងសមត្ថភាពគ្រប់គ្រាន់ក្នុងការព្រមព្រៀង និងអនុវត្តកិច្ចសន្យានេះ។
៤.១.៥ រាល់ព័ត៌មានទាំងអស់ដែលអ្នកខ្ចីបានផ្តល់ជូនធនាគារ គឺពិតជាគ្រប់គ្រាន់ ត្រឹមត្រូវ ពិតប្រាកដ និងគ្មានការក្លែងបន្លំ។ អ្នកខ្ចី យល់ព្រមជូនដំណឹង ព្រមទាំងផ្តល់ព័ត៌មាននិង/ឬឯកសារបន្ថែមដល់ធនាគារភ្លាមៗ ឬតាមតម្រូវការរបស់ធនាគារ ប្រសិនបើព័ត៌មានដែលបានផ្តល់ជូនធនាគារមានការផ្លាស់ប្តូរ ឬធនាគារស្នើសុំ។
៤.១.៦ អ្នកខ្ចី មិនមានជាប់ពាក់ព័ន្ធនឹងនីតិវិធីបណ្តឹង នីតិវិធីមជ្ឈត្តការ ឬ នីតិវិធីរដ្ឋបាល កំពុងមាន ផ្អាក ឬ ត្រូវបានគំរាមដើម្បីរារាំងការចុះកិច្ចសន្យា ការប្រើប្រាស់សិទ្ធិ និង/ឬ ការបំពេញ ឬ ការអនុវត្ត ឬ ការគោរពតាមកាតព្វកិច្ចណាមួយស្របតាមកិច្ចសន្យានេះ។
៤.១.៧ អ្នកខ្ចី មិនមានការបំពានលក្ខខណ្ឌបានកើតឡើង ឬ នឹងកើតឡើងដោយសារអ្នកខ្ចី នៅក្នុងកិច្ចសន្យានេះ។
៤.១.៨ អ្នកខ្ចី សន្យាថានឹងគោរពអោយបានត្រឹមត្រូវ និងទាន់ពេលវេលា រាល់បញ្ញត្តិ និងលក្ខខណ្ឌ ពាក់ព័ន្ធនឹងកិច្ចសន្យាការងារ និង ការគោរពនូវរាល់វិធាន បទប្បញ្ញត្តិ និង ច្បាប់ដែលអនុវត្តដែលទាក់ទង ដែលមិនកម្រិតត្រឹមច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជា។
៥. ការបញ្ចេញឥណទាន
៥.១ ធនាគារ អាចបញ្ចេញឥណទានឲ្យអ្នកខ្ចីបានលុះត្រាតែឯកសារឥណទាន ត្រូវបានអនុម័តដោយធនាគារ និង អ្នកខ្ចី បានបំពេញត្រឹមត្រូវនូវរាល់កាតព្វកិច្ច និង លក្ខខណ្ឌបញ្ចេញឥណទានដែលបានកំណត់ដោយធនាគារ។
៥.២ ធនាគារ អាចផ្អាក ឬ ចាត់ជាមោឃៈនូវឥណទានទាំងមូល ឬ ដោយផ្នែក ឬ បដិសេធមិនបញ្ចេញនូវសមតុល្យនៅសល់ នៅពេលដែលលក្ខខណ្ឌបញ្ចេញឥណទានមិនត្រូវបានបំពេញបានត្រឹមត្រូវ។
៦. ការទូទាត់សងឥណទាន
៦.១ អ្នកខ្ចីទូទាត់សងឥណទាន ជាប្រាក់បង់រំលស់ប្រចាំខែ ដែលមានចំនួនដូចមានកំណត់ក្នុងតារាងព័ត៌មានសង្ខេបស្នើសុំឥណទានប្រាក់បៀវត្សដែលអ្នកខ្ចីបានព្រមព្រៀងនៅក្នុងកម្មវិធីទូរសព្ទចល័តរបស់ធនាគារ។ ប្រាក់បង់រំលស់ ដូចមានកំណត់នៅក្នុងពាក្យស្នើសុំឥណទាន ត្រូវដល់កាលកំណត់ទូទាត់សង និងត្រូវទូទាត់សង នៅរៀងរាល់កាលបរិច្ឆេទបង់រំលស់ប្រចាំខែ នៃខែប្រតិទិននីមួយៗដែលអាចជា (ក) ថ្ងៃទី ១ (មួយ) នៃខែប្រតិទិននីមួយៗ ឬ (ខ) ថ្ងៃបើកប្រាក់បៀវត្សលើកទី១ ដែលត្រូវបានជ្រើសរើសដោយធនាគារ (“កាលបរិច្ឆេទបង់រំលស់”)។ ក្នុងករណីដែលការបញ្ចេញឥណទានត្រូវបានធ្វើឡើងចំកាលបរិច្ឆេទបង់រំលស់នៃខែប្រតិទិននោះ ការទូទាត់សងត្រូវធ្វើនៅកាលបរិច្ឆេទបង់រំលស់នៃខែប្រតិទិនបន្ទាប់។ ក្នុងករណីដែលការបញ្ចេញឥណទានត្រូវបានធ្វើឡើងមុនកាលបរិច្ឆេទបង់រំលស់នៃខែប្រតិទិននោះ ការទូទាត់សងត្រូវធ្វើនៅកាលបរិច្ឆេទទូទាត់សងនៃខែប្រតិទិននោះ ដោយត្រូវធ្វើការទូទាត់សម្រាប់តែការប្រាក់ប៉ុណ្ណោះ ដែលត្រូវទូទាត់សម្រាប់រយៈពេលរវាងកាលបរិច្ឆេទការបញ្ចេញឥណទាន និងកាលបរិច្ឆេទបង់រំលស់នៃខែប្រតិទិននោះ ។ ក្នុងករណីដែលការបញ្ចេញឥណទានត្រូវបានធ្វើឡើងក្រោយកាលបរិច្ឆេទបង់រំលស់នៃខែប្រតិទិននោះ ការទូទាត់សងត្រូវធ្វើនៅកាលបរិច្ឆេទទូទាត់សងនៃខែប្រតិទិនបន្ទាប់ ដោយត្រូវធ្វើការទូទាត់សម្រាប់តែការប្រាក់ប៉ុណ្ណោះ ដែលត្រូវទូទាត់សម្រាប់រយៈពេល រវាងកាលបរិច្ឆេទការបញ្ចេញឥណទាន និងកាលបរិច្ឆេទបង់រំលស់នៃខែប្រតិទិនបន្ទាប់។ អ្នកខ្ចីធ្វើការទូទាត់សង តាមរយៈការដាក់មូលនិធិក្នុងរូបិយវត្ថុនៃឥណទាន ទៅក្នុងគណនីឥណទាន ឬ គណនីប្រាក់បៀវត្សរបស់អ្នកខ្ចីដែលមានជាមួយធនាគារ ឬ គណនីផ្សេងទៀត ដែលអ្នកខ្ចីមានជាមួយធនាគារ ដែលនឹងត្រូវកាត់យកដោយធនាគារ។ ធនាគាររក្សាសិទ្ធិកែប្រែចំនួនទឹកប្រាក់នៃប្រាក់បង់រំលស់ ដោយយោងទៅលើការផ្លាស់ប្តូរអត្រាការប្រាក់ប្រចាំឆ្នាំ ឬ ហេតុផលផ្សេងទៀត ដែលនឹងអាចកំណត់ដោយធនាគារតាមឆន្ទានុសិទ្ធិតែមួយគត់របស់ខ្លួន។ រាល់អត្រាការប្រាក់ធម្មតា ឬ អត្រាការប្រាក់ក្នុងករណីបំពានលក្ខខណ្ឌ ត្រូវគណនាប្រចាំថ្ងៃ និង ៣៦០ (បីរយហុកសិប) ថ្ងៃក្នុងមួយឆ្នាំ ជាមូលដ្ឋាន។
៦.២ ក្នុងករណីដែលទឹកប្រាក់ណាមួយដែលបង់ទៅឲ្យ ឬ ដែលទទួលបាន ដោយធនាគារមានចំនួនតិចជាងចំនួនទឹកប្រាក់ជំពាក់ ធនាគារមានសិទ្ធិយកទឹកប្រាក់បង់ ឬ ទទួលបាននោះទៅទូទាត់តាមលំដាប់៖ (១) ទឹកប្រាក់ជំពាក់ផ្សេងទៀតក្រៅពីប្រាក់ដើមនិងការប្រាក់ (២) ការប្រាក់ និង (៣) ប្រាក់ដើម ហើយអ្នកខ្ចីត្រូវទូទាត់សងប្រាក់ដែលនៅសល់ទាំងអស់ នៅខែប្រតិទិនចុងក្រោយនៃរយៈពេលឥណទាន ទៅធនាគារក្នុងពេលតែមួយលើក (Balloon Payment)។
៦.៣ អ្នកខ្ចីអាចទូទាត់សងឥណទានមុនកាលកំណត់បាន បន្ទាប់ពីផុតរយៈពេល ៣ (បី) ខែ គិតពីកាលបរិច្ឆេទនៃការបញ្ចេញឥណទានទាំងមូលរួច ដោយអនុញ្ញាតតែការទូទាត់សងទាំងស្រុងប៉ុណ្ណោះ។ ក្នុងករណីនេះ អ្នកខ្ចីត្រូវបង់សោហ៊ុយសងមុនកាលកំណត់ស្មើនឹង ១% (មួយភាគរយ) នៃសមតុល្យឥណទានដែលនៅសល់ ឬយ៉ាងតិច ១០ (ដប់) ដុល្លារអាមេរិក តាមចំនួនណាមួយខ្ពស់ជាង។ ការទូទាត់សងឥណទានមុនកំណត់ដោយផ្នែក មិនត្រូវបានអនុញ្ញាតនោះទេ។
៦.៤ រាល់ការទូទាត់ដោយអ្នកខ្ចី ទោះបីជាទឹកប្រាក់ដើម ការប្រាក់ ថ្លៃសេវា ប្រាក់ពិន័យ ឬ ទឹកប្រាក់ណាមួយផ្សេងទៀត ត្រូវធ្វើក្នុងចំនួនទឹកប្រាក់ពេញលេញ ដោយមិនមានការកាត់កង ឬ កាត់ទុកណាមួយនោះទេ ។
៦.៥ រាល់ចំនួនទឹកប្រាក់ណាមួយ ដែលដាក់តម្កល់នៅក្នុងគណនីណាមួយរបស់អ្នកខ្ចី អាចត្រូវបានដាក់បញ្ចូលគ្នា ឬ សរុបរួមគ្នា និងទូទាត់ជាមួយបំណុលរបស់អ្នកខ្ចី តាមឆន្ទានុសិទ្ធិតែមួយគត់របស់ធនាគារ។ អ្នកខ្ចីយល់ព្រម និងទទួលស្គាល់ថា នៅគ្រប់ពេលវេលាទាំងអស់ ធនាគារមានសិទ្ធិតាមឆន្ទានុសិទ្ធិតែមួយគត់របស់ខ្លួន ដោយមិនចាំបាច់ធ្វើការជូនដំណឹងជាមុនទៅអ្នកខ្ចី និងទទួលការសម្រេចពីអ្នកខ្ចី ក្នុងការកាត់យកប្រាក់ពីគណនីរបស់អ្នកខ្ចី ដើម្បីធ្វើការទូទាត់សងបំណុល។ ប្រសិនបើមិនមានការយល់ព្រមជាលាយលក្ខណ៍អក្សរពីធនាគារនោះទេ អ្នកខ្ចីមិនត្រូវដាក់ធានា ដាក់បញ្ចាំ ឬ ដាក់បន្ទុកផ្សេងទៀត អនុប្បទាន ឬ ផ្តល់ឲ្យតតិយជននូវសិទ្ធិលើ ឬ សិទ្ធិប្រឆាំងនឹងគណនីរបស់អ្នកខ្ចី ចំនួនទឹកប្រាក់ទាំងអស់ ឬ ដោយផ្នែក ដែលមានក្នុងគណនីរបស់អ្នកខ្ចីនោះទេ លើកលែងតែការធ្វើនោះចំពោះធនាគារ។ អ្នកខ្ចីយល់ដឹង ទទួលស្គាល់ និងយល់ព្រមថាសិទ្ធិរបស់ធនាគារដែលមានលើទឹកប្រាក់ក្នុងគណនីរបស់អ្នកខ្ចីបង្កើតបានជាសិទ្ធិឃាត់ទុកលើទឹកប្រាក់នោះ ហើយដូច្នេះធនាគារអាចអនុវត្តសិទ្ធិរបស់ខ្លួនដោយសេរី ហើយអ្នកខ្ចី ត្រូវធានាជួសជុលការខូចខាតដោយពេញលេញ និងដោយគ្មានលក្ខខណ្ឌ ចំពោះការរំខានណាមួយ ឬ ការរំលោភណាមួយដែលធនាគារបានទទួលរង ។ ធនាគារមិនទទួលខុសត្រូវចំពោះអ្នកខ្ចី និង/ឬ តតិយជន ទោះបីក្នុងវិធីបែបណាក៏ដោយ ចំពោះលទ្ធផលដែលបណ្តាលមកពីការអនុវត្តសិទ្ធិរបស់ខ្លួន ដោយរាប់បញ្ចូលតែមិនកំណត់ត្រឹមតែ (ក) ការទូទាត់ដែលបណ្តាលឲ្យទឹកប្រាក់ក្នុងគណនីរបស់អ្នកខ្ចី ដែលមាននៅធនាគារមិនមានមូលធន ឬ មានមូលធនមិនគ្រប់គ្រាន់ និង (ខ) មូលប្បទានបត្រ និង / ឬ ឧបករណ៍ផ្សេងទៀត ដែលត្រូវបានយកទៅបង្ហាញដើម្បីទូទាត់ពីធនាគារទាក់ទងនឹងគណនីណាមួយរបស់អ្នកខ្ចីនោះមិនអាចទូទាត់បាន ឬ បញ្ចូនត្រលប់មកវិញ ទោះបីជាមានការកំណត់សម្គាល់បែបណាក៏ដោយ ដែលធ្វើឡើងដោយធនាគារ។
៦.៦ ធនាគារ អាចកែប្រែការអត្រាការប្រាក់ប្រចាំឆ្នាំ នៅពេលណាមួយនាពេលអនាគតតាមឆន្ទានុសិទ្ធិរបស់ខ្លួន ដែលរួមមានទាំងការផ្លាស់ប្តូរអត្រា វិធី និងរបៀប ក្នុងការគណនា (ការប្រាក់ត្រូវគណនាប្រចាំថ្ងៃ និង៣៦០ថ្ងៃ ក្នុងមួយឆ្នាំ ជាមូលដ្ឋាន តាមរបៀបជាការប្រាក់សមាស) និងពេលវេលាទូទាត់នៃការប្រាក់/សោហ៊ុយ និងចំណាយ/កម្រៃសេវាផ្សេងៗ ក្នុងកម្រិត ដែលអនុញ្ញាតដោយច្បាប់។
៦.៧ ប្រសិនបើមានករណីបំពានលក្ខខណ្ឌកើតឡើង ធនាគារមានសិទ្ធិអនុវត្តអត្រាការប្រាក់ក្នុងករណីបំពានលក្ខខណ្ឌក្នុងកម្រិតអតិបរមា ២៧% (ម្ភៃប្រាំពីរភាគរយ) ក្នុងមួយឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃការកើតឡើងនូវករណីបំពានលក្ខខណ្ឌរហូតដល់ពេលដែលករណីបំពានលក្ខខណ្ឌនោះត្រូវបានដោះស្រាយទាំងស្រុង ក្នុងលក្ខណៈដែលទទួលយល់ព្រមដោយធនាគារ។ ក្នុងករណីបំពានលក្ខខណ្ឌដែលជាការខកខានក្នុងការទូទាត់សងប្រាក់រំលស់ និង/ឬ ប្រាក់ជំពាក់ណាមួយនៅកាលបរិច្ឆេទកំណត់សង ធនាគារមានសិទ្ធិអនុវត្តអត្រាការប្រាក់ពិន័យ លើទឹកប្រាក់រំលស់ ឬទឹកប្រាក់ដែលខកខាន ស្មើនឹងអត្រាការប្រាក់ប្រចាំឆ្នាំ បូកកម្រិតអប្បបរមា ៣% (បីភាគរយ) គិតចាប់ពីពេលដល់កំណត់ត្រូវសងរហូតដល់ពេលដែលធនាគារទទួលបានការទូទាត់គ្រប់ចំនួន។ ក្នុងករណី អ្នកខ្ចីមិនបានទូទាត់ប្រាក់បង់រំលស់ និង/ឬ ការប្រាក់ចំនួន ៣ (បី) ខែជាប់ៗគ្នា ធនាគារតាមឆន្ទានុសិទ្ធិរបស់ខ្លួនមានសិទ្ធិបង្កើនការប្រាក់ប្រចាំឆ្នាំបន្ថែម ក្នុងកម្រិតអប្បបរមា ២% (ពីភាគរយ) ក្នុងមួយឆ្នាំ។
៦.៨ ឥណទានត្រូវស្ថិតក្រោមការពិនិត្យឡើងវិញ តាមកាលកំណត់ណាមួយដែលបានសម្រេច និងធ្វើដោយឆន្ទានុសិទ្ធិរបស់ធនាគារតែមួយគត់។ នៅពេលពិនិត្យឡើងវិញ ប្រសិនបើធនាគាររកឃើញថាមានករណីបំពានលក្ខខណ្ឌ ឬ អាចនឹងមានករណីបំពានលក្ខខណ្ឌកើតមានឡើង ដូចមានកំណត់ក្នុងកិច្ចសន្យានេះ ធនាគារអាចតម្រូវឲ្យអ្នកខ្ចីទូទាត់សងឥណទានមកវិញភ្លាមៗ ឬ ធ្វើការកែប្រែបញ្ញត្តិ និង លក្ខខណ្ឌនៃឥណទាន ដោយរាប់បញ្ចូលទាំងការកែប្រែរចនាសម្ព័ន្ធឥណទាន ឬ កំណត់ឲ្យមានប្រាតិភោគ បន្ថែម។
៧. ករណីបំពានលក្ខខណ្ឌ
ករណីបំពានលក្ខខណ្ឌមានន័យថា ជាការបំពាន ឬ ការខកខានក្នុងការបំពេញកាតព្វកិច្ចណាមួយដោយអ្នកខ្ចីដូចខាងក្រោមនេះ ៖
៧.១ អ្នកខ្ចី មិនមែន/លែងជាបុគ្គលិកកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុន/អង្គភាព ដែលបើកប្រាក់បៀវត្សតាមរយៈធនាគារ ឬមានការផ្លាស់ប្តូរណាមួយដែលប៉ះពាល់ដល់ការទូទាត់ប្រាក់បៀវត្សតាមរយៈធនាគារ ឬ
៧.២ អ្នកខ្ចី ស្ថិតក្រោមស្ថានភាពណាមួយដូចជា ការជូនដំណឹងអំពីការបញ្ឈប់ការងារ ការចូលនិវត្តន៍ ការបន្ថយតួនាទី ឬប្រាក់បៀវត្ស ការផ្លាស់ប្តូរទីតាំងការងារទៅក្រៅប្រទេស ឬសម្រាកគ្មានប្រាក់បៀវត្ស ឬស្ថានភាពផ្សេងទៀត ដែលអាចប៉ះពាល់ដល់សមត្ថភាពក្នុងការបង់សងឥណទាន ឬ
៧.៣ ឥណទានមិនត្រូវបានប្រើប្រាស់ក្នុងគោលបំណងដូចបានកំណត់នៅក្នុងឯកសារឥណទាន នៃកិច្ចសន្យានេះ ឬ
៧.៤ មានការបំពានបញ្ញត្តិ និង/ឬ លក្ខខណ្ឌណាមួយដូចមានចែងក្នុងកិច្ចសន្យានេះ ឬ
៧.៥ បញ្ញត្តិណាមួយនៃកិច្ចសន្យានេះ ក្លាយទៅជាមិនស្របច្បាប់ ឬ គ្មានសុពលភាព ឬ មិនអាចអនុវត្តបានតាមវិធីណាមួយ ឬ
៧.៦ ព័ត៌មានណាមួយ ដែលផ្តល់ដោយអ្នកខ្ចី នៅក្នុងឯកសារឥណទាន មានភាពមិនពិត ឬលែងត្រឹមត្រូវ ឬ នឹងមិនអាចត្រឹមត្រូវ ក្នុងករណីណាមួយ ឬ
៧.៧ ច្បាប់ណាមួយត្រូវបានចូលជាធរមាន ដែលមានបំណងធ្វើឲ្យបញ្ញត្តិនៃកិច្ចសន្យានេះ លែងមានប្រសិទ្ធភាព ឬលែងមាន សុពលភាព ឬដែលរារាំងអ្នកខ្ចី ក្នុងការបំពេញកាតព្វកិច្ច ដែលមានចែងក្នុងកិច្ចសន្យានេះ ឬ
៧.៨ តាមការកំណត់របស់ធនាគារ ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកខ្ចីមានការផ្លាស់ប្តូរ និងប៉ះពាល់ដល់លទ្ធភាពរបស់អ្នកខ្ចី ក្នុងការទូទាត់សងឲ្យបានទាន់ពេលកំណត់សងមកដល់ ឬ
៧.៩ ប្រសិនបើអ្នកខ្ចី ទទួលទណ្ឌកម្មតាមផ្លូវច្បាប់ ឬ ក្លាយជាវិកលចរិត ឬ ទទួលមរណភាព ឬ
៧.១០ ប្រសិនបើអ្នកខ្ចី បំពានកាតព្វកិច្ចសងប្រាក់ណាមួយ ក្នុងការទូទាត់បំណុល ដោយរួមបញ្ចូលទាំងរាល់ឥណទាន/កម្ចី ដែលបានខ្ចីពីធនាគារ ម្ចាស់បំណុល ឬ តតិយជនណាមួយ ឬ នៅពេលដែលមានការបំពានលក្ខខណ្ឌនៃកិច្ចសន្យាណាមួយដែលពាក់ព័ន្ធនឹងបំណុលនោះ បើទោះបីជាមាន ឬ គ្មានវិធានការ ឬ បណ្ដឹង ពីធនាគារ ឬ ម្ចាស់បំណុល ឬ តតិយ ជនណាមួយលើការបំពាននោះក៏ដោយ ឬ
៧.១១ ប្រសិនបើធនាគារ ទទួលបានដំណឹងពីធនាគារជាតិ នៃកម្ពុជា ឬ ពីបុគ្គល ឬ សមត្ថកិច្ចណាមួយ ដែលតម្រូវដោយធនាគារជាតិ នៃកម្ពុជា ឬ ទទួលបាននូវការជូនដំណឹងផ្សេងពីនេះថា អ្នកខ្ចី ត្រូវបានបញ្ចូលក្នុងបញ្ជី «ខ្មៅ» ដែលបញ្ជីនោះត្រូវបាន ធ្វើឡើងស្របតាមច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេវរកម្ម និងចេញដោយធនាគារជាតិ នៃកម្ពុជា ឬ ដោយបុគ្គល ឬ សមត្ថកិច្ចណាមួយ តាមការតម្រូវដោយធនាគារជាតិ នៃកម្ពុជា នាពេលណាមួយ ឬ
៧.១២ ប្រសិនបើការផ្លាស់ប្តូរនៃបទប្បញ្ញត្តិច្បាប់ ធ្វើឲ្យឥណទាន ឬ ផ្នែកណាមួយនៃឥណទាន ដែលផ្តល់ដោយធនាគារមិនអាចបន្តទៀតបាន ឬ ក្លាយទៅជាមិនស្របច្បាប់ ឬ ប្រសិនបើ អ្នកខ្ចីទទួលរងផលប៉ះពាល់ ដោយការផ្លាស់ប្តូរនៃកាលៈទេសៈណាមួយ ដែលតាមយោបល់របស់ធនាគារ ការផ្លាស់ប្តូរទាំងនេះនឹងបង្កផលប៉ះពាល់ដល់សមត្ថភាពរបស់អ្នកខ្ចី ក្នុងការបំពេញកាតព្វកិច្ច ស្របតាមលក្ខខណ្ឌ ដូចមានចែងក្នុងកិច្ចសន្យានេះ។
៨. សិទ្ធិរបស់ធនាគារ
៨.១ ធនាគាររក្សាសិទ្ធិ ក្នុងការកែប្រែបញ្ញត្តិ និង លក្ខខណ្ឌឥណទាននេះដោយមិនតម្រូវឲ្យមានការជូនដំណឹងជាមុនទៅកាន់អ្នកខ្ចីទ្បើយ ដោយគ្រាន់តែផ្សព្វផ្សាយតាមមធ្យោបាយសមស្របណាមួយ ដែលធនាគារកំណត់។
៨.២ ធនាគារ អាចនៅពេលណាមួយ តាមឆន្ទានុសិទ្ធិរបស់ខ្លួន កែប្រែបញ្ញត្តិ និង លក្ខខណ្ឌឥណទាននេះ និង/ឬ កែប្រែ ឬ ការរៀបចំរចនាសម្ព័ន្ធជាថ្មី ឬ ការផ្លាស់ប្តូរឥណទាន នៅពេលណាមួយដែលធនាគារចាត់ទុកថាសមស្រប ហើយអ្នកខ្ចី យល់ព្រមដោយឥតលក្ខខណ្ឌចំពោះ ការកែប្រែលក្ខខណ្ឌនោះ។
៨.៣ ក្នុងករណីដែលមានករណីបំពានលក្ខខណ្ឌដូចរៀបរាប់ខាងលើកើតឡើងនោះ៖
៨.៣.១ ធនាគារ អាចតម្រូវថា ឥណទានដល់ពេលកំណត់ទូទាត់សងភ្លាម និងត្រូវទូទាត់សងទាំងអស់ ឬ ភាគខ្លះ ព្រមជាមួយនឹងការប្រាក់បង្គរ/កម្រៃជើងសារ និងចំនួនទឹកប្រាក់ដែលត្រូវទូទាត់បានដទៃទៀត តាមកិច្ចសន្យាខ្ចីបរិភោគ។ ការខកខានណាមួយក្នុងការទូទាត់ចំនួនទឹកប្រាក់ត្រូវកំណត់ទូទាត់សងនឹងត្រូវគិតតាមអត្រាការប្រាក់ ក្នុងករណីបំពានលក្ខខណ្ឌលើចំនួននោះ រហូតដល់ការទូទាត់នូវទឹកប្រាក់នោះទាំងមូលត្រូវបានទូទាត់គ្រប់ចំនួន។
៨.៣.២ ធនាគារ មានសិទ្ធិអនុវត្តវិធានការកែតម្រូវមួយផ្នែក ឬ ទាំងអស់ ស្របតាមកិច្ចសន្យានេះ ឬ តាមច្បាប់ ឬ ផ្សេងពីនេះ ហើយធនាគារ មានសិទ្ធិអនុវត្តនូវវិធានការទាំងនោះក្នុងពេលព្រមគ្នា ឬ បន្តបន្ទាប់គ្នា។
៨.៤ ធនាគារ នឹងមិនទទួលខុសត្រូវចំពោះការខាតបង់ ឬ ខូចខាតណាមួយដែលអ្នកខ្ចី ទទួលរងបណ្តាលមកពីការអនុវត្តសិទ្ធិអំណាចដែលផ្តល់ទៅធនាគារ តាមរយៈកិច្ចសន្យានេះ និងគ្មានបញ្ញត្តិណាមួយនៃកិច្ចសន្យានេះតម្រូវឱ្យធនាគារ សងការ ខាតបង់ ឬ ខូចខាត ទាំងស្រុង ឬ ផ្នែកខ្លះ ទោះបីជាធនាគារ បានដឹងជាមុនអំពីលទ្ធភាពនៃការខាតបង់នោះក៏ដោយ ហើយរាល់ការខាតបង់ទាំងនោះត្រូវបានប្រកាសថាមិនអាចទាមទារបានទេ។
៩. សំណងថ្លៃសេវា សោហ៊ុយ និងចំណាយ
៩.១ អ្នកខ្ចី ត្រូវសងតាមករណីនីមួយៗ ដោយមានសំណងពេញលេញ តាមការទាមទាររបស់ធនាគារ៖
ក. រាល់ថ្លៃសេវា សោហ៊ុយ និងចំណាយ រួមបញ្ចូលទាំងថ្លៃសេវាកម្មផ្នែកច្បាប់ ដែលកើតឡើងទាក់ទងនឹងការចរចា ការរៀបចំ ឬ ការបំពេញកិច្ចសន្យានេះ និងឯកសារពាក់ព័ន្ធណាមួយ និង
ខ. រាល់ថ្លៃសេវា សោហ៊ុយ និងចំណាយ រួមបញ្ចូលទាំងថ្លៃសេវាកម្មផ្នែកច្បាប់ ដែលកើតឡើងទាក់ទងនឹងការកែប្រែ ការយល់ព្រម ឬការអនុញ្ញាតណាមួយ ទាក់ទិននឹងកិច្ចសន្យានេះ ឬឯកសារពាក់ព័ន្ធណាមួយ ឬ ទាក់ទងជាមួយការរក្សា ឬ ការអនុវត្តសិទ្ធិរបស់ធនាគារតាមកិច្ចសន្យានេះ ឬ ឯកសារពាក់ព័ន្ធណាមួយនោះ។
៩.២ អ្នកខ្ចីត្រូវទូទាត់សងពេញលេញមកធនាគារចំពោះការចំណាយ ការខាតបង់ ការខូចខាត ឬ ការទទួលខុសត្រូវណាមួយ ដែលធនាគារទទួលរងបណ្តាលមកពីការកើតឡើងនូវករណីបំពានលក្ខខណ្ឌ ឬ ផ្សេងពីនេះដែលទាក់ទងនឹងកិច្ចសន្យានេះ ។ សំណងនោះត្រូវគិតរួមទាំងការប្រាក់ កម្រៃជើងសារ ថ្លៃសេវា សោហ៊ុយ ការខាតបង់ ការពិន័យ ការចំណាយ ថ្លៃសេវាកម្មផ្នែកច្បាប់ណាមួយ ឬ ប្រាក់ជំពាក់ណាមួយផ្សេងទៀតក៏ដោយ ដែលធនាគារត្រូវទូទាត់បណ្តាលមកពី ឬ ជាបន្ទុកលើឥណទានណាមួយ។
៩.៣ អ្នកខ្ចី ត្រូវបង់ពន្ធទាំងអស់ដែលមានលើកិច្ចសន្យានេះ នាពេលអនាគត និងត្រូវទូទាត់សងទាំងអស់ មកធនាគារវិញ នូវការខាតបង់ ឬ បំណុលណាមួយដែលកើតឡើងចំពោះធនាគារបណ្តាលមកពីការពន្យារពេល ឬការខកខានរបស់អ្នកខ្ចី ក្នុងការទូទាត់ពន្ធទាំងនោះ។
១០. បញ្ហាដទៃទៀត
១០.១ រាល់ការជូនដំណឹង ការទាមទារ ឬ ការទាក់ទងគ្នាដទៃទៀតដែលតម្រូវ ឬ អនុញ្ញាតឲ្យផ្តល់ ឬ ធ្វើក្រោមកិច្ចសន្យានេះ ត្រូវធ្វើជាលាយលក្ខណ៍អក្សរ ហើយផ្តល់ដោយផ្ទាល់ដៃ និង/ឬ បញ្ជូនតាមអ្នករត់សំបុត្រ និង/ឬ តាមលិខិត អនុសិដ្ឋ និង/ឬ តាមទូរសារ ទៅអ្នកទទួលតាមអាសយដ្ឋាន ឬ ក្នុងទម្រង់ជាសេចក្តីជូនដំណឹងដែលបង្ហាញនៅលើអេក្រង់កម្មវិធីទូរសព្ទចល័តរបស់ធនាគារករណីមានការជូនដំណឹងពីធនាគារទៅអ្នកខ្ចី។ ការជូនដំណឹង ការទាមទារ ឬ ការទាក់ទងគ្នាណាមួយ ត្រូវចាត់ទុកថាបានផ្ញើត្រឹមត្រូវ (ក) ប្រសិនបើបញ្ជូនដោយផ្ទាល់ដៃ (ខ) នៅពេលដែលម៉ាស៊ីនទូរសាររបស់អ្នកផ្ញើចេញជារបាយការណ៍បញ្ជាក់ថាការបញ្ជូនធ្វើឡើងដោយជោគជ័យបន្ទាប់ពីការបញ្ជូនចប់ភ្លាមប្រសិនបើផ្តល់ ឬ ផ្ញើតាមទូរសារ និង (គ) ៣ (បី) ថ្ងៃបន្ទាប់ពីការផ្ញើ ប្រសិនបើផ្ញើតាមប្រៃសណីយ៍ទៅអាសយដ្ឋានចុងក្រោយដែលបានដឹង (ឃ) នៅពេលចូលដំណើរការកម្មវិធីទូរសព្ទចល័តរបស់ធនាគារដោយអ្នកខ្ចី។ រាល់ការជូនដំណឹង ឬ ការទាក់ទងគ្នា ឬ ពាក់ព័ន្ធនឹងកិច្ចសន្យានេះ ត្រូវធ្វើជាភាសាខ្មែរ និង ភាសាអង់គ្លេស។
១០.២ ធនាគារ និង អ្នកខ្ចី (តទៅនេះហៅថា «ភាគីទាំងពីរ») ព្រមព្រៀងថាកិច្ចសន្យានេះមានប្រសិទ្ធភាពអនុវត្ត ចាប់ពីថ្ងៃ ដែលធនាគារអនុម័តលើឯកសារឥណទានរបស់អ្នកខ្ចី ពុំគិតទៅដល់កាលបរិច្ឆេទផ្សេងៗដែលភាគីទាំងពីរអនុវត្តកិច្ចសន្យានេះរៀងៗខ្លួន។
១០.៣ ពាក្យស្នើសុំ និងបញ្ញត្តិ និងលក្ខខណ្ឌទូទៅ នៃឥណទាននេះ បង្កើតបានជាការព្រមព្រៀង និងការយល់ដឹងទាំងមូល រវាងភាគីទាំងអស់ ទាក់ទងនឹងកម្មវត្ថុនៃកិច្ចសន្យានេះ និងត្រូវជំនួស និងកែប្រែការព្រមព្រៀង ការសន្យា ឬ ការអះអាងពីមុនៗ ទាក់ទងនឹងកម្មវត្ថុនោះ។
១០.៤ អ្នកខ្ចីអាចធ្វើការស្នើសុំកែប្រែបញ្ញត្តិ និង/ឬ លក្ខខណ្ឌ នៃឥណទានដូចមានកំណត់ក្នុងកិច្ចសន្យានេះលុះត្រាតែមានការយល់ព្រមជាមុនពីធនាគារ ដោយឡែកធនាគារមានសិទ្ធិកែប្រែបញ្ញត្តិ និង/ឬ លក្ខខណ្ឌ នៃឥណទាននេះ ដោយមានការជូនដំណឹងទៅអ្នកខ្ចី។ ដើម្បីជៀសវាងការភាន់ច្រឡំ បញ្ញត្តិនេះមិនហាមឃាត់ធនាគារ ក្នុងការអនុវត្តសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ប្រចាំឆ្នាំ ឬ អត្រាការប្រាក់ ក្នុងករណីបំពានលក្ខខណ្ឌឡើយ ។
១០.៥ នៅពេលណាមួយធនាគារអាចផ្ទេរ និង/ឬ ធ្វើអនុប្បទានសិទ្ធិ ផលប្រយោជន៍ និង/ឬ កាតព្វកិច្ច ក្រោមកិច្ចសន្យានេះ ទៅបុគ្គលណាមួយដោយមាន ឬ គ្មានការយល់ព្រមពី អ្នកខ្ចីឡើយ។ ទោះជាយ៉ាងណាក៏ដោយ ភាគីទាំងអស់ព្រមព្រៀងថាសិទ្ធិអត្ថប្រយោជន៍ កាតព្វកិច្ច និង/ឬ ការប្រាក់ ក្រោមកិច្ចសន្យានេះ មិនត្រូវបានធ្វើអនុប្បទានកម្ម ឬផ្ទេរដោយអ្នកខ្ចី ទោះដោយវិធីណាក៏ដោយ លើកលែងតែមានការយល់ព្រមជាលាយលក្ខណ៍អក្សរ ពីធនាគារ។
១០.៦ កិច្ចសន្យានេះត្រូវចងកាតព្វកិច្ចចំពោះទាយាទ អ្នកតំណាងផ្ទាល់ខ្លួន អ្នកទទួលសិទ្ធិ និងអ្នកស្នងសិទ្ធិរបស់អ្នកខ្ចី និងអ្នកស្នងសិទ្ធិ និងអ្នកទទួលសិទ្ធិរបស់ធនាគារ។
១០.៧ កិច្ចសន្យានេះធ្វើឡើងជាភាសាខ្មែរចំនួន ១ (មួយ) ច្បាប់ តាមប្រព័ន្ធអេឡិចត្រូនិកដែលមានក្នុងកម្មវិធីទូរសព្ទចល័តរបស់ធនាគារ ។
១០.៨ ច្បាប់ការដោះស្រាយជម្លោះ និងយុត្តាធិការ
ក. កិច្ចសន្យានេះ ត្រូវបានគ្រប់គ្រង និងបកស្រាយស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ខ. ភាគីទាំងអស់ខំប្រឹងប្រែងដោះស្រាយការខ្វែងគំនិត ឬ ភាពមិនចុះសម្រុងគ្នា ទាក់ទងនឹងការបកស្រាយ និងការអនុវត្តនៃកិច្ចសន្យានេះដោយភាពយោគយល់គ្នា និងក្រៅផ្លូវតុលាការ។ ក្នុងករណីមានការជំទាស់ ឬបណ្តឹងតវ៉ាពាក់ព័ន្ធនឹងឥណទាននេះ អ្នកខ្ចី និង/ឬ អ្នកដាក់បញ្ចាំ អាចទាក់ទងមកធនាគារ តាមរយៈលេខទូរសព្ទ +៨៥៥ ២៣ ៩៨៨ ៣៨៨ ឬមកក្រុមការងារដោះស្រាយបណ្តឹងអតិថិជនរបស់សមាគមធនាគារនៅកម្ពុជាតាមរយៈលេខទូរសព្ទ (០២៣ ២៣៨ ៧៦០/០៩២ ៧៧១ ៨៨១) ឬ មកក្រុមការងារដោះស្រាយបណ្តឹងអតិថិជនរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាតាមរយៈលេខទូរសព្ទ (0១៥ ៣៦៥ ២២២)។ ក្នុងករណីដែលភាគីទាំងអស់មិនអាចឈានទៅដល់ដំណោះស្រាយក្រៅផ្លូវតុលាការបាន ជម្លោះនឹងត្រូវបញ្ជូនទៅតុលាការមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។
១០.៩ បើសិនជាអាចធ្វើបាន រាល់បញ្ញត្តិនានានៃកិច្ចសន្យានេះត្រូវបកស្រាយទៅតាមលទ្ធភាពដែលអាចឲ្យវាមានសុពលភាព និងប្រសិទ្ធភាពស្របតាមបញ្ញត្តិច្បាប់ដែលមានជាធរមាន។ ប៉ុន្តែក្នុងករណីដែលបញ្ញត្តិណាមួយនៃកិច្ចសន្យានេះមិនអាចអនុវត្តបាន ឬ គ្មានសុពលភាព ស្របតាមច្បាប់ជាធរមាន អសុពលភាព ឬ ភាពគ្មានប្រសិទ្ធភាពនៃបញ្ញត្តិនោះ មិនប៉ះពាល់ដល់បញ្ញត្តិដទៃទៀត នៃកិច្ចសន្យានេះឡើយ ហើយបញ្ញត្តិដទៃទៀត នៅតែបន្តអនុវត្ត និងមានសុពលភាពពេញលេញ រវាងគូភាគីនៃកិច្ចសន្យានេះ។