Back
វិធីសាស្រ្តសន្សំ  
រៀបចំផែនការសម្រាប់ អនាគតរបស់ខ្ញុំ  
គន្លឹះធ្វើដំណើរ  
សេវា​ផ្ទេរ​ប្រាក់  
សេវាធនាគារដោយខ្លួនឯង  
កម្មវិធីពិសេសថ្មីៗ  
កម្មវិធីពិសេស សម្រាប់ប័ណ្ណឥណទាន  
អត្រា និង ការបង់ប្រាក់  
សំណួរ ដែលសួរញឹកញាប់  
ទំនាក់ទំនងយើងខ្ញុំ  
មកកាន់ទីតាំងយើងខ្ញុំ  
គោលការណ៍ ស្តីពីការផ្តល់ តម្លៃដល់អតិថិជន ដោយស្មើភាពគ្នា  
របាយការណ៍ប្រចាំឆ្នាំ  
You're viewing:
សេវាកម្មបុគ្គល
Other Sites
logo
KH - ខ្មែរ

បញ្ញត្តិ និងលក្ខខណ្ឌខាងក្រោមនេះគឺសម្រាប់គ្រប់គ្រងគណនីរបស់អតិថិជនរបស់ធនាគារ ស៊ីអាយអិបប៊ី ភីអិលស៊ី (“ធនាគារ”)។

 

១. បញ្ញត្តិ និងលក្ខខណ្ឌទូទៅ

១.១ ការបើកប្រតិបត្តិការទូទៅ និងការបិទគណនីដាក់ប្រាក់បញ្ញើត្រូវស្ថិតនៅក្រោមបញ្ញត្តិ និងលក្ខខណ្ឌទាំងនេះ ហើយដែលអាចត្រូវបានបន្ថែមវិសោធនកម្មផ្លាស់ប្តូរ លុបចោល និងកែប្រែនៅពេលណាមួយ តាមឆន្ទានុសិទិ្ធរបស់ធនាគារ ដោយមាន ឬមិនមានការជូនដំណឹង ហើយអតិថិជនយល់ព្រមគោរពតាម និងបន្តអនុវត្តតាម​ បញ្ញត្តិ និងលក្ខខណ្ឌទាំងនេះ

វិសោធនកម្ម ការផ្លាស់ប្តូរ ការលុបចោលនិងការកែប្រែនៃបញ្ញត្តិ និងលក្ខខណ្ឌទាំងនេះ។

១.២ និយមន័យនៃគណនីដាក់ប្រាក់បញ្ញើត្រូវរាប់បញ្ជូលរាល់ទម្រង់គណនីប្រាក់បញ្ញើសន្សំ គណនីចរន្ត និងគណនីប្រាក់បញ្ញើមានកាលកំណត់ ដែលជាសេវាធនាគារកំពុងផ្តល់ ឬនឹងផ្តល់ជូនអតិថិជននាពេលអនាគត ។

១.៣ អតិថិជន (ម្ចាស់គណនី) ត្រូវផ្តល់ឯកសារស្តីពីអត្តសញ្ញាណ ឬការចុះបញ្ជីដែលមានសុពលភាព និងឯកសារផ្សេងទៀតតាមការទាមទាររបស់ធនាគារនៅពេលណាមួយ សម្រាប់ប្រតិបត្តិការគណនីដាក់ប្រាក់បញ្ញើ។ អតិថិជនត្រូវធានាថារាល់ឯកសារទាំងអស់ដែលបានផ្តល់ជូន ធនាគារត្រូវនៅមានសុពលភាពនៅគ្រប់ពេល។

១.៤ ការទទួលពាក្យសុំបើកគណនីប្រាក់បញ្ញើ ជាឆន្ទានុសិទិ្ធតែមួយគត់របស់ធនាគារ ដែលរក្សាសិទិ្ធក្នុងការបដិសេធពាក្យសុំបើកគណនីនោះ​ ដោយមិនចាំបាច់បង្ហាញអំពីមូលហេតុ ហើយសេចក្តីសម្រេចរបស់ធនាគារ គឺជាសេចក្តីសម្រេចចុងក្រោយ។

១.៥ តាមឆន្ទានុសិទិ្ធដាច់ខាតរបស់ខ្លួន ធនាគារអាចបិទគណនីដាក់ប្រាក់បញ្ញើ ដោយធ្វើការជូនដំណឹងជាលាយលក្ខណ៍អក្សរទៅម្ចាស់គណនីនោះអំពីការបិទគណនីនោះ ហើយធនាគារមិនចាំបាច់ផ្តល់នូវមូលហេតុណាមួយអំពីការបិទនោះទេ។ ម្ចាស់គណនីត្រូវបំពេញតាមលក្ខខណ្ឌចាំបាច់ផ្សេងៗដែលតម្រូវដោយធនាគារសម្រាប់ការបិទគណនីប្រាក់បញ្ញើនោះ ប្រសិនបើមាន។

១.៦ ធនាគាររក្សាសិទ្ធិក្នុងការគិតកម្រៃសេវា សោហ៊ុយ ឬប្រាក់ពិន័យណាមួយ ដែលនឹងត្រូវបង់ ជាប្រាក់ដុល្លារអាមេរិក ឬ​ប្រាក់រៀលដែលមានតម្លៃសមមូល។

១.៧ ការដាក់ និងការដកប្រាក់បញ្ញើ អន្តរសាខាត្រូវបានអនុញ្ញាត ​ប៉ុន្តែស្ថិតក្នុងលក្ខខណ្ឌនៃចំនួនទឹកប្រាក់ ចំនួននៃប្រតិបត្តិការ និងកម្រៃ (បើមាន) តាមការកំណត់របស់ ធនាគារ។

១.៨ អតិថិជនត្រូវមានរាល់សេចក្តីអនុម័តយល់ព្រមចាំបាច់នានាដែលច្បាប់តម្រូវ រួមទាំងការអនុញ្ញាតពី អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បើអាចអនុវត្តបាន សម្រាប់អនុញ្ញាតឱ្យអតិថិជនបើក រក្សា និងធ្វើប្រតិបត្តិការគណនីណាមួយនៅធនាគារ។ ធនាគារអាច ស្នើសុំឱ្យអតិថិជនផ្តល់ភស្តុតាងនៃសេចក្តីសម្រេចនោះនៅពេលណាក៏បាន ប៉ុន្តែធនាគារមិនមានកាតព្វកិច្ច បញ្ចាក់ និង/ឬផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវនៃសេចក្តីអនុម័តយល់ព្រមដែលបានទទួលនោះទេ។

១.៩ ធនាគាររក្សាសិទិ្ធក្នុងការស្នើសុំឱ្យអតិថិជនផ្តល់ព័ត៌មាន ឬឯកសារបន្ថែម ស្របតាមច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហរិញ្ញប្បទានភារវកម្ម និង/ឬ បទប្បញ្ញតិ្តប្រហាក់ប្រហែលនេះ ដែលអនុវត្ត នៅប្រទេសកម្ពុជា ហើយអតិថិជនត្រូវផ្តល់នូវព័ត៌មាន ឬឯកសារទាំងនោះភ្លាមៗទៅធនាគារ នៅពេលដែលមានការស្នើសុំ។

១.១០ អតិថិជនត្រូវ ជូនដំណឹងទៅធនាគារជាលាយលក្ខណ៍អក្សរក្នុងពេលឆាប់បំផុតដែលអាចធ្វើទៅបានអំពីការបញ្ជា ឬការផ្លាស់ប្តូរ ព័ត៌មាននៃកំណត់ត្រាផ្សេងៗដូចជាការផ្លាស់ប្តូរ ហត្ថលេខា/ហត្ថលេខី អាសយដ្ឋាន ឬ ព័ត៌មានផ្ទាល់ខ្លួន ឬក្រុមហ៊ុន។ល។ ធនាគារមិនទទួលខុសត្រូវចំពោះការខាតបង់ ការយឺតយ៉ាវ ឬ ការខកខានណាមួយដែលកើតឡើង ចំពោះម្ចាស់គណនី បណ្តាលមកពីការផ្លាស់ប្តូរព័ត៌មានខាងលើ ឬការបញ្ជាដោយមិនបានជូនដំណឹងឱ្យបានត្រឹមត្រូវមកធនាគារនោះទេ។

១.១១ ម្ចាស់គណនីដែលទទួលការប្រាក់ត្រូវជាប់កាតព្វកិច្ចពន្ធកាត់ទុក និង/ឬ អាករ តាមការកំណត់របស់រាជរដ្ឋាភិបាលកម្ពុជា និង/ឬ អាជ្ញាធរអាណាព្យាបាលណាមួយផ្សេងទៀតនៅពេលណាមួយ។

១.១២ គណនីណាមួយដែលមិនមានប្រតិបត្តិការរយៈពេលចាប់ពីដប់ពីរ (១២) ខែ ឡើងទៅ ត្រូវបានចាត់ទុកថាជា “គណនីអសកម្ម” ឬ “គណនីនៅស្ងៀម”។ ដើម្បីធ្វើឲ្យគណនីនៅស្ងៀម ឬគ្មានសកម្មភាព នេះមានដំណើរការឡើងវិញ អតិថិជនត្រូវធ្វើប្រតិបត្តិការលើគណនីនេះនៅសាខាដែលបានបើកគណនី ឬ សាខា ផ្សេងទៀតរបស់ធនាគារ។ គណនីអសកម្ម​ នឹងមិនត្រូវបានផ្តល់ជូននូវការប្រាក់ឡើយ។

១.១៣ ធនាគារអាចធ្វើការកាត់កងសមតុល្យឥណទានណាមួយ ឬ ទាំងអស់ ក្រោមគណនីណាមួយ រួមទាំងគណនីរួម និងគណនីប្រាក់បញ្ញើមានកាលកំណត់ដែលបានបើកនៅធនាគារ សម្រាប់ធ្វើការទូទាត់បំណុលណាមួយដែលម្ចាស់គណនីអាចមាននៅជំពាក់ ហើយមិនទាន់បានទូទាត់។

១.១៤ នៅមុនពេលដាក់ប្រាក់បញ្ញើ អតិថិជនត្រូវធានាថារាល់ព័ត៌មានចាំបាច់ដែលតម្រូវក្នុងប័ណ្ណដាក់ប្រាក់បញ្ញើ ឬ ទូទាត់ប្រាក់ត្រូវតែបំពេញឱ្យត្រឹមត្រូវ។ អតិថិជនត្រូវចុះហត្ថលេខាឱ្យបានត្រឹមត្រូវ និងពេញលេញចំពោះការកោសលុប ឬ ផ្លាស់ប្តូរព័ត៌មាននៅលើប័ណ្ណដាក់ប្រាក់បញ្ញើ ឬទូទាត់ប្រាក់។ រាល់ការដាក់ប្រាក់បញ្ញើ ត្រូវធ្វើឡើងដោយបំពេញទម្រង់ស្តង់ដាដែលធនាគារផ្តល់ជូន ហើយត្រូវបំពេញព័ត៌មានក្នុងទម្រង់នោះឱ្យបានត្រឹមត្រូវបំផុតតាមការណែនាំ។

១.១៥ ធនាគារសូមរក្សាសិទិ្ធធ្វើវិសោធនកម្ម ឬផ្លាស់ប្តូរព័ត៌មាននៅលើប័ណ្ណដាក់ប្រាក់បញ្ញើតាមការផ្តល់យោបល់ ក្នុងករណីដែលមានការភ័ន្តច្រឡំ ឬ ព័ត៌មានខុស។

១.១៦ ការដាក់ប្រាក់បញ្ញើណាមួយ ឬបញ្ចូលទៅក្នុងគណនីសម្រាប់បើកប្រាក់ ដោយមូលប្បទានបត្រ ប័ណ្ណផ្ទេរប្រៃណីយ៍ ប័ណ្ណទូទាត់សាច់ប្រាក់ រូបិយណត្តិ ប័ណ្ណសងតាមបញ្ជា ផលប័ត្រពាណិជ្ជកម្ម ឬ បញ្ជាទូទាត់ (ឧបករណ៍ទូទាត់សងប្រាក់) មានអានុភាពអនុវត្ត និងសុពលភាព តែក្នុងករណីដែលឧបករណ៍ទូទាត់សងប្រាក់នោះត្រូវបានផាត់ទាត់ និងទូទាត់យ៉ាងត្រឹមត្រូវប៉ុណ្ណោះ។ ក្នុងករណីដែលឧបករណ៍ទូទាត់សងប្រាក់នោះត្រូវបានបង្វិលមកវិញដោយមិនត្រូវបានទូទាត់ ធនាគារត្រូវមានសិទ្ធិកាត់ទឹកប្រាក់ពីគណនីនោះ និងគិតកម្រៃលើចំណាយណាមួយដែលអាចកើតមាន ពាក់ព័ន្ធនឹងការប្រមូលឧបករណ៍ទូទាត់សងប្រាក់នោះ។ ប័ណ្ណដាក់ប្រាក់បញ្ញើ ដែលធនាគារអាចចេញជូន ត្រូវចាត់ទុកជាមោឃៈ ជាស្វ័យប្រវត្តិ ដោយមិនតម្រូវឱ្យធនាគារជូនដំណឹងទៅម្ចាស់គណនីនោះទេ។

១.១៧ ឥណទាន ប័ណ្ណឥណទាន ឬ ការទូទាត់ផ្សេងទៀតដែលធនាគារអាចទទួលយកបាន ក្រោមទម្រង់ជាសាច់ប្រាក់ ឬ ជាមូលប្បទានបត្រ មិនប៉ះពាល់ដល់បណ្តឹងទាមទារសំណង ដែលកំពង់ធ្វើ ឬ មានបំណងនឹងធ្វើ ដើម្បីទាមទារចំនួនទឹកប្រាក់ដែលនៅសល់ទាំងស្រុងនោះទេ។

១.១៨ ការទាមទារ ឬ ការជូនដំណឹងទៅម្ចាស់គណនីដែលធនាគារធ្វើជាលាយលក្ខណ៍អក្សរ ហើយដែលបានផ្ញើរជូនទៅម្ចាស់គណនី ត្រូវចាត់ទុកថាបានផ្តល់ជូន ប្រសិនបើប្រគល់ជូនម្ចាស់គណនីដោយផ្ទាល់ ឬ បន្ទាប់ពីបានផ្ញើរជូនតាមប្រៃសណីយ៍ទៅអាសយដ្ឋានចុងក្រោយរបស់ម្ចាស់គណនីដែលបានដឹង និងបានប្រគល់ជូនធនាគារ។ 

១.១៩ រាល់គណនីដែលរក្សាទុក ឬ ប្រតិបត្តិការជាមួយធនាគារ និងរាល់ឯកសារទាំងអស់ដែលអតិថិជនមាន ដូចជាសៀវភៅសន្សំ ប័ណ្ណដាក់ប្រាក់បញ្ញើដែលចេញដោយធនាគារ មិនអាចត្រូវបានប្រើប្រាស់ដោយម្ចាស់គណនី ជាប្រាតិភោគក្នុងទម្រង់ណាមួយបានឡើយ ទោះបីជាចុះ ឬ មិនចុះបញ្ជី ដោយមិនមានការយល់ព្រមជាលាយលក្ខណ៍អក្សរពីធនាគារដែលមានឆន្ទានុសិទ្ធិយល់ព្រម ឬ មិនយល់ព្រម ហើយធនាគារមិនចាំបាច់ផ្តល់ហេតុផលពីការបដិសេធឡើយ។

១.២០ ការបិទគណនីណាមួយត្រូវធ្វើឡើងដោយមានវត្តមានម្ចាស់គណនីផ្ទាល់ តាមរយៈទម្រង់បែបបទជាលាយលក្ខណ៍អក្សរតាមតម្រូវការរបស់ធនាគារ។

១.២១ ការដកប្រាក់តាមម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (ATM) ត្រូវអនុលោមតាមបញ្ញត្តិ និងលក្ខខណ្ឌគ្រប់គ្រង​ប្រតិបត្តិការនៃកាតម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (ATM​ Card)។

១.២២ ក្នុងករណីគណនីប្រាក់បញ្ញើមានបុគ្គលពីរ ឬច្រើន (“គណនីរួម”) បញ្ញត្តិ​ និងលក្ខខណ្ឌទាំងនេះត្រូវអនុវត្តចំពោះម្ចាស់គណនីរួមទាំងអស់ដោយសាមគ្គីគ្នា។ ម្ចាស់គណនីរួមនីមួយៗត្រូវទទួលខុសត្រូវជាលក្ខណៈបុគ្គលចំពោះធនាគារ នូវចំនួនទឹកប្រាក់ទាំងស្រុងរបស់ម្ចាស់គណនីរួមទាំងអស់។ ក្នុងករណីដែលម្ចាស់គណនីរួមណាម្នាក់ទទួលមរណៈភាព ម្ចាស់គណនីរួមផ្សេងទៀត ជាអ្នកមានសិទ្ធិក្នុងការទទួលនូវប្រាក់ ការប្រាក់​ក្នុងគណនីរួមនោះ ដោយមានការយល់ព្រមជាមុនពីធនាគារ និងដោយអនុលោមតាមបញ្ញត្តិ និងលក្ខខណ្ឌទាំងនេះ ដើម្បីធ្វើការផ្ទេរពីគណនីរួមនោះ ទៅបុគ្គលណាម្នាក់ ឬ គណនីមួយទៀត ឬ បិទគណនី ឬ ដកសាច់ប្រាក់ចេញពីគណនីរួមនោះ ហើយដោយត្រូវទូទាត់ឱ្យអស់នូវចំនួនទឹកប្រាក់ដែលនៅជំពាក់ធនាគារ។

១.២៣ ម្ចាស់គណនីយល់ព្រមអនុញ្ញាតឱ្យធនាគារដកចំនួនទឹកប្រាក់ដែលបានផ្ទេរចូលគណនីរបស់ខ្លួនដោយមានការភាន់ច្រឡំ ឬ កំហុសដោយមិនចាំបាច់ទទួលបានការយល់ព្រមជាមុនពីម្ចាស់គណនីឡើយ។

១.២៤ គណនីអសកម្ម ឬ គណនី​នៅស្ងៀម ដែលគ្មានសកម្មភាព​រយៈពេល ១០ឆ្នាំជាប់ៗគ្នា រាប់​ចាប់ពីកាលបរិច្ឆេទប្រើប្រាស់ចុងក្រោយ នឹងត្រូវបិទ​ ហើយចំនួនទឹកប្រាក់ដែលមានក្នុងគណនីនឹងត្រូវផ្ទេរទៅកាន់ធនាគារ​ជាតិនៃកម្ពុជា ជាមួយនឹងឯកសារគាំទ្រដែលតម្រូវដោយធនាគារជាតិ នៃកម្ពុជា។                                                                                                                                 

២.  គណនីប្រាក់បញ្ញើសន្សំ

២.១ ធនាគារអាចតម្រូវឱ្យដាក់ចំនួនទឹកប្រាក់អប្បបរមាដំបូង សម្រាប់បើកគណនីប្រាក់បញ្ញើសន្សំ ហើយសមតុល្យអប្បបរមាត្រូវរក្សាទុកក្នុងគណីប្រាក់បញ្ញើសន្សំនៅគ្រប់ពេល។ ធនាគាររក្សាសិទិ្ធផ្លាស់ប្តូរលក្ខខណ្ឌតម្រូវសម្រាប់ ទឹកប្រាក់ដំបូង និងសមតុល្យអប្បបរមាដែលត្រូវរក្សាទុកក្នុងគណីប្រាក់បញ្ញើសន្សំ ដោយជូន ឬ មិនជូនដំណឹងជាមុន។

២.២ ការទូទាត់ការប្រាក់របស់គណនីប្រាក់បញ្ញើសន្សំ ត្រូវគណនាផ្អែកលើសមតុល្យដែលមានប្រចាំថ្ងៃ និងអត្រាការប្រាក់ធម្មតា ​ និងគោលនយោបាយរបស់ធនាគារ ហើយការប្រាក់នោះត្រូវបានបញ្ចូលទៅគណនីប្រាក់បញ្ញើសន្សំជាប្រចាំនៅថ្ងៃចុងក្រោយនៃខែជារៀងរាល់ខែ ឬ នៅកាលបរិច្ចេទផ្សេងដែលកំណត់ដោយធនាគារតាមឆន្ទានុសិទ្ធិរបស់ខ្លួន។

២.៣ រាល់ប្រាក់បញ្ញើ អាចដាក់ក្នុងគណនីប្រាក់បញ្ញើសន្សំដោយមាន ឬ មិនមានសៀវភៅប្រាក់បញ្ញើ ក្នុងលក្ខខណ្ឌដែលថាការដាក់ប្រាក់នេះត្រូវមានភ្ជាប់មកជាមួយនូវប័ណ្ណដាក់ប្រាក់បញ្ញើដែលបានបំពេញត្រឹមត្រូវ។

២.៤ ការដកប្រាក់បញ្ញើអាចធ្វើបានដោយម្ចាស់គណនីផ្ទាល់តែប៉ុណ្ណោះ ដោយម្ចាស់គណនីត្រូវផ្តល់ ឬ បង្ហាញមកធនាគារនូវឯកសារអត្តសញ្ញាណរបស់ម្ចាស់គណនី ឬសៀវភៅគណនីប្រាក់បញ្ញើសន្សំរបស់ម្ចាស់គណនី និងប័ណ្ណដកប្រាក់ដែលបានបំពេញត្រឹមត្រូវ និងឯកសារពាក់ព័ន្ធផ្សេងទៀត ដែលធនាគារអាចស្នើសុំ ដើម្បីផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ។ នៅពេលដែលម្ចាស់គណនីដកប្រាក់ទាំងអស់ពីគណនីប្រាក់បញ្ញើសន្សំ គណនីនោះត្រូវចាត់ទុកថាបានបិទ។

២.៥ រាល់ការដកប្រាក់ទាំងអស់ត្រូវអាស្រ័យលើក្រដាសរូបិយវត្ថុ ឬរូបិយបណ្ណដែលមាន តាមឆន្ទានុសិទ្ធិតែមួយគត់របស់ធនាគារ ហើយធនាគារមិនទទួលខុសត្រូវចំពោះម្ចាស់គណនី លើអត្រាប្តូរប្រាក់ របស់ធនាគារឡើយ។ ម្ចាស់គណនីត្រូវទទួលខុសត្រូវ រាល់ខូចខាត ឬការខាតបង់ផ្សេងៗដែល ទទួលរងទាក់ទងនឹងការប្តូរប្រាក់ ការទិញ ឬការលក់ប្រាក់ដែលធនាគារនឹងកំណត់ ហើយធនាគារមិនទទួលខុសត្រូវចំពោះម្ចាស់គណនីឡើយ។

២.៦ ធនាគារមិនទទួលខុសត្រូវចំពោះការកត់ត្រាណាមួយ ឬចំនួនទឹកប្រាក់ដែលមិនមានក្នុងសៀវភៅគណនីប្រាក់បញ្ញើសន្សំ ដោយគ្មានហត្ថលេខារបស់បុគ្គលិកដែលមានសិទ្ធិរបស់ធនាគារ ឬ ការ​បញ្ជាក់ដោយបោះពុម្ពចេញពីម៉ាស៊ីនដកប្រាក់ធនាគារឡើយ។ ម្ចាស់គណនីត្រូវត្រួតពិនិត្យរាល់ការបញ្ចូលទិន្នន័យនៅក្នុងសៀវភៅគណនីប្រាក់បញ្ញើសន្សំ មុនពេលចាកចេញពីធនាគារ ហើយត្រូវជូនដំណឹងទៅធនាគារនៅមុនពេលចាកចេញអំពីកំហុសឆ្គង ភាពមិនត្រឹមត្រូវ ឬ ភាពមិនប្រក្រតីដែលមានក្នុងគណនី បើមិនដូច្នោះទេ រាល់ទិន្នន័យ និងកំណត់ត្រាដែលត្រូវបានបញ្ចូលក្នុងសៀវភៅគណនីប្រាក់បញ្ញើសន្សំ ត្រូវបានចាត់ទុកជាទិ​ន្នន័យចុងក្រោយ ត្រឹមត្រូវ និងមានសុពលភាព។

២.៧ ម្ចាស់គណនីត្រូវធ្វើការជូនដំណឹងជាលាយលក្ខណ៍អក្សរជាបន្ទាន់ទៅធនាគារ ក្នុងករណីសៀវភៅគណនីប្រាក់បញ្ញើសន្សំត្រូវ​បានលួច ឬបាត់បង់។ ធនាគារមិនទទួលខុសត្រូវចំពោះការខាតបង់ណាមួយ ដែលកើតមានដល់ម្ចាស់គណនី ប្រសិនបើបុគ្គលដែលគ្មានការអនុញ្ញាតទទួលបាននូវសៀវភៅគណនីប្រាក់បញ្ញើសន្សំ ហើយក្លែងបន្លំដកប្រាក់នូវចំនួនណាមួយ ដែលជាកម្មសិទ្ធិរបស់ម្ចាស់គណនី មុនពេលដែលធនាគារទទួលបានការជូនដំណឹងជាលាយលក្ខណ៍អក្សរពីការបាត់បង់សៀវភៅបញ្ញើសន្សំ។ ធនាគារ នឹងគិតកម្រៃសម្រាប់ការផ្តល់នូវសៀវភៅគណនីប្រាក់បញ្ញើសន្សំថ្មី ក្នុងលក្ខខណ្ឌដែលម្ចាស់គណនីបានចុះហត្ថលេខាត្រឹមត្រូវលើលិខិតធានាសំណង។

២.៨ ការផ្តល់សៀវភៅគណនីប្រាក់បញ្ញើសន្សំថ្មីនឹងត្រូវធ្វើនៅសាខាដែលបានបើកគណនីប្រាក់បញ្ញើសន្សំនោះតែប៉ុណ្ណោះ។

២.៩ ប្រសិនបើម្ចាស់គណនីមានបំណងចង់បិទគណនីប្រាក់បញ្ញើសន្សំរបស់គាត់ គាត់ត្រូវមានវត្តមានដោយផ្ទាល់នៅធនាគារ ដោយបង្ហាញនូវឯកសារបញ្ជាក់អត្តសញ្ញាណ សៀវភៅគណនីប្រាក់បញ្ញើសន្សំ និងបំពេញទម្រង់បែបបទស្នើសុំបិទគណនី។ ធនាគារមិនទទួលការបិទគណនីដោយអតិថិជនជូនដំណឹងតាមរយៈទូរសព្ទ អ៊ីម៉ែល ឬ ទម្រង់ផ្សេងទេ។

២.១០ កម្រៃសេវានឹងត្រូវគិតចំពោះគណនីប្រាក់បញ្ញើសន្សំ​ ដែលត្រូវបានស្នើសុំបិទក្នុងអំឡុងរយៈពេល ៦ (ប្រាំមួយ) ខែ ក្រោយពីកាលបរិច្ឆេទបើកគណនីនោះ។

 

៣. គណនីចរន្ត

៣.១ ធនាគារអាចតម្រូវឱ្យដាក់ចំនួនទឹកប្រាក់អប្បបរមាដំបូងសម្រាប់បើកគណនីចរន្តថ្មី ហើយសមតុល្យអប្បបរមាត្រូវរក្សាទុកក្នុងគណនីចរន្តសន្សំនៅគ្រប់ពេល។ គណនីចរន្តនេះគឺជាគណនីបញ្ញើដែលមិនទទួលបានការប្រាក់ទេ លើកលែងតែមានការចែងផ្សេងពីនេះ។ ការដាក់ប្រាក់បញ្ញើនីមួយៗត្រូវមានភ្ជាប់មកជាមួយនូវប័ណ្ណដាក់ប្រាក់បញ្ញើក្នុងទម្រង់ដូចដែលបានកំណត់។

៣.២ ពាក្យស្នើសុំសៀវភៅមូលប្បទានបត្រត្រូវធ្វើក្នុងទម្រង់ដែលធនាគារបានកំណត់។ ម្ចាស់គណនីត្រូវទទួលយកសៀវភៅមូលប្បទានបត្រដោយខ្លួនឯងផ្ទាល់នៅធនាគារ ឬផ្ញើរជូនទៅដល់អាសយដ្ឋានដែលបានផ្តល់ដោយម្ចាស់គណនី។​ ការស្នើសុំសៀវភៅមូលប្បទានបត្របន្ទាប់អាចធ្វើបានតាមរយៈការបំពេញទម្រង់ស្នើសុំដែលមានក្នុងសន្លឹកសៀវភៅមូលប្បទានបត្រ លុះត្រាតែគណនីអ្នកស្នើសុំត្រូវបានពិនិត្យត្រឹមត្រូវ។ ការទទួលយកសៀវភៅមូលប្បទានបត្រដោយតតិយជន អាចអនុញ្ញាតទៅបាន លុះត្រាតែមានការណែនាំជាលាយលក្ខណ៍អក្សរពីម្ចាស់គណនីប៉ុណ្ណោះ។

៣.៣ មូលប្បទានបត្រសម្រាប់​ប្រតិបត្តិការគណនីចរន្ត នឹងត្រូវផ្តល់ជូនដោយធនាគារ។ រាល់ការទូទាត់ មូលប្បទានបត្រនៅសាខាធនាគារដែលគណនីបានបើក អាចធ្វើទៅបាន ដោយប្រើប្រាស់ មូលប្បទានបត្រដែលធនាគារផ្តល់ឱ្យតែប៉ុណ្ណោះ។ ការប្រើប្រាស់ម៉ាស៊ីនវាយអក្សរដោយអេឡិចត្រូនិច អគ្គីសនី ​និងទឹកខ្មៅដែលអាចលុបបានសម្រាប់សរសេរលើ មូលប្បទានបត្រ គឺមិនត្រូវបានអនុញ្ញាតនោះទេ។ ធនាគារមិនទទួលខុសត្រូវចំពោះការខូចខាត ដែលបណ្តាលមកពីការប្រើប្រាស់ម៉ាស៊ីន វាយអក្សរដោយអេឡិចត្រូនិច អគ្គិសនី និងទឹកខ្មៅដែលអាចលុបបាននៅលើ មូលប្បទានបត្រឡើយ។

៣.៤ ម្ចាស់គណនីត្រូវរក្សាទុករាល់មូលប្បទានបត្រនៅក​ន្លែងដែលមានសុវត្ថិភាពគ្រប់ពេល។ ម្ចាស់គណនីត្រូវជូនដំណឹងទៅធនាគារដោយលាយលក្ខណ៍អក្សរជាបន្ទាន់ ប្រសិនបើ មូលប្បទានបត្រណាមួយបានបាត់។ ធនាគារមិនទទួលខុសត្រូវក្នុងការខាតបង់ ឬ ខូចខាតកើតមានឡើងដល់ម្ចាស់គណនី ដែលបណ្តាលមកពីការដកប្រាក់ដោយក្លែងបន្លំណាមួយ ឬ ដោយភាពធ្វេសប្រហែសរបស់ម្ចាស់គណនីមុនពេលធនាគារទទួលបានការជូនដំណឹងជាលាយលក្ខណ៍អក្សរពីការបាត់ មូលប្បទានបត្រឡើយ។

៣.៥ ប្រសិ​នបើម្ចាស់គណនីចេញមូលប្បទានបត្រចំនួនច្រើន ឬ ការបញ្ជាឱ្យទូទាត់ចំនួនច្រើនចេញពីគណនីចរន្ត ហើយចំនួនទឹកប្រាក់បូកសរុបបញ្ចូលគ្នានៃ មូលប្បទានបត្រ ឬ ការបញ្ជាឱ្យទូទាត់នោះលើសសមតុល្យដែលមានក្នុងគណនី ឬ ការព្រមព្រៀងមុនជាមួយធនាគារ ធនាគារមានសិទ្ធិប្រើប្រាស់មូលនិធិដែលមានសម្រាប់ទូទាត់ មូលប្បទានបត្រ ឬ ការបញ្ជាឱ្យទូទាត់ចំពោះមូលប្បទាន័ត្រណាដែលយកមកបង្ហាញស្នើសុំទូទាត់មុន ដោយមិនគិតអំពីកាលបរិចេ្ឆទ ចុះលើមូលប្បទានបត្រ ឬ ការបញ្ជាទូទាត់ឡើយ។

៣.៦ ការទូទាត់មូលប្បទានបត្រជាសាច់ប្រាក់នៅអន្តរសាខាដោយម្ចាស់គណនីចរន្តជារូបវន្តបុគ្គល ត្រូវបានអនុញ្ញាត ប្រសិនបើគណនីនោះមានសមតុល្យគ្រប់គ្រាន់ក្នុងការដក និងបង់កម្រៃសេវាផ្សេងៗសំរាប់ការទូទាត់ដែលធនាគារកំណត់។

៣.៧ ការជូនដំណឹងអំពីគោលបំណងបញ្ឃប់ការទូទាត់មូលប្បទានបត្រ ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរក្នុងទម្រង់បែបបទ និងខ្លឹមសារដែលធនាគារបានកំណត់ ហើយលិខិតជូនដំណឹងនេះត្រូវរួមមានព័ត៌មានលម្អិតដូចជា លេខមូលប្បទានបត្រ លេខគណនី ចំនួនទឹកប្រាក់ ឈ្មោះអ្នកដែលត្រូវទូទាត់ និងកាលបរិច្ឆេទ។ ធនាគារនឹងកត់ត្រា ឬ ជូនដំណឹងទៅអតិថិជនចំពោះការទប់ស្កាត់ទូទាត់មូលប្បទានបត្រក្នុងគណនីចរន្ត បន្ទាប់ពីបានទទួលនូវការជូនដំណឹងឱ្យបញ្ឈប់ការទូទាត់ជា លាយលក្ខណ៍អក្សរពីម្ចាស់គណនីប៉ុណ្ណោះ។ ធនាគារមិនទទួលខុសត្រូវ ឬសងចំពោះការខូចខាតរបស់ម្ចាស់គណនី ដែលបណ្តាលមកពីការធ្វេសប្រហែសណាមួយ ការមិនទទួលបានលិខិតជូនដំណឹង ឬ ការគ្រប់គ្រងរបស់ធនាគារក្នុងការបញ្ឈប់ការទូទាត់នោះទេ។ ធនាគារមិនទទួលយកនូវរាល់ការបញ្ជារឱ្យបញ្ឈប់ការទូទាត់មូលប្បទានបត្រដែលផ្តល់ដំណឹងមកធនាគារដោយផ្ទាល់មាត់ តាមទូរសព្ទ តេឡិច ឬ តេឡេក្រាមឡើយ លើកលែងតែមានការបញ្ជារឱ្យបញ្ឈប់ការទូទាត់នោះត្រូវបានធ្វើឡើងជាលាយលក្ខណ៍អក្សរពីម្ចាស់គណនីភ្លាមៗក្រោយពេលបញ្ជាដោយផ្ទាល់មាត់។ ធនាគារមិនទទួលខុសត្រូវ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ សម្រាប់ការខាតបង់ដែលកើតមានចំពោះម្ចាស់គណនី ទាក់ទងនឹងការជូនដំណឹងបញ្ឈប់ការទូទាត់ដោយផ្ទាល់មាត់ ទូរសព្ទ តេឡិច ឬ តេឡេក្រាម ដែលគ្មានការបញ្ចាក់ជា លាយលក្ខណ៍អក្សរពីម្ចាស់គណនី។ ធនាគាររក្សារសិទិ្ធក្នុងការគិតកម្រៃសេវាដោយឆន្ទានុសិទ្ធិរបស់ខ្លួន ដើម្បីបញ្ឈប់ការទូទាត់នីមួយៗ និងរៀងរាល់លើក។

៣.៨ ធនាគារនឹងបញ្ជូនមូលប្បទានបត្រនោះទៅឱ្យអ្នកស្នើសុំទូទាត់វិញ ដោយផ្តល់ ឬ មិនចាំបាច់ផ្តល់មូលហេតុក្នុងករណីមូលប្បទានបត្រនោះមិនអាចទូទាត់បាន។ ធនាគារនឹងមិនទទួលខុសត្រូវចំពោះអ្នកចេញមូលប្បទានបត្រ អ្នកទទួល ឬ តតិយជនក្នុងករណីមូលប្បទានបត្រគ្មានសំវិធានធនឡើយ។ ធនាគាររក្សាសិទិ្ធក្នុងការពិន័យចំពោះមូលប្បទានបត្រគ្មានសំវិធានធន តាមឆន្ទានុសិទ្ធិតែមួយគត់របស់ខ្លួន។

៣.៩ ប្រតិបត្តិការដកប្រាក់អាចធ្វើទៅបានដោយអាស្រ័យលើលក្ខខណ្ឌ និងមូលនិធិក្នុងគណនីចរន្តនោះ។ ធនាគាររក្សាសិទ្ធិក្នុងការបិទគណនីចរន្ត និង/ឬ មូលប្បទានបត្រគ្មានសំវិធានធន ប្រសិនបើគណនីនោះមានសំវិធានធនមិនគ្រប់គ្រាន់ ហើយចេញមូលប្បទានបត្រ ដោយផ្អែកលើវិធានគ្រប់គ្រងមូលប្បទានបត្រគ្មានសំវិធានធន។

៣.១០ លើកលែងមានការកំណត់ផ្សេង ចំពោះវិធានរបស់ធនាគារដែលគ្រប់គ្រងសេវាធនាគារតាមប្រព័ន្ធអ៊ីនធើណេត របាយការណ៍គណនីនឹងត្រូវផ្តល់ជូនរៀងរាល់មួយខែម្តង ដែលម្ចាស់គណនីអាចមកទទួលយកនៅសាខា ដែលបានបើកគណនី លើកលែងតែមានការណែនាំផ្សេងដោយធនាគារ។ ម្ចាស់គណនីត្រូវត្រួតពិនិត្យមើលប្រតិបត្តិការដែលបានកត់ត្រានៅក្នុងរបាយការណ៍ និងជូនដំណឹងមកធនាគារវិញ ប្រសិនបើមានកំហុសណាមួយ ភាពមិនប្រក្រតី ភាពខុសគ្នា ការទាមទារ ឬ ការដកប្រាក់ដោយគ្មានការអនុញ្ញាតណាមួយ។ ប្រសិនបើធនាគារមិនបានទទួលនូវការជូនដំណឹងជាលាយលក្ខអក្សរ អំពីកំហុសឆ្គង ឬ ភាពមិនត្រឹមត្រូវទាក់ទងនឹងការដកប្រាក់ ឬ ដាក់ប្រាក់ដែលមានកត់ត្រានៅក្នុងរបាយការណ៍ ក្នុងអំឡុងពេល១៤ (ដប់បួន) ថ្ងៃ បន្ទាប់ពីថ្ងៃចុងក្រោយនៃខែ ដែលរបាយការណ៍នោះចេញ ធនាគារត្រូវ   សន្មត់ថាម្ចាស់គណនីយល់ព្រមនូវការកំណត់ត្រា ក្នុងរបាយការណ៍នោះថាមានភាពត្រឹមត្រូវទាំងប្រតិបត្តិការ និងកាលបរិច្ឆេទ។

៣.១១ ធនាគាររក្សាសិទ្ធិក្នុងការកំណត់កម្រៃសេវាពាក់កណ្តាលឆ្នាំម្តង ព្រមទាំងកម្រៃសេវាសម្រាប់ការផ្តល់សៀវភៅមូលប្បទានបត្រ និងការបិទគណនីចរន្ត។

៣.១២ ការបិទគណនីចរន្តត្រូវធ្វើឡើងដោយម្ចាស់គណនីជាលាយលក្ខណ៍អក្សរតាមទម្រង់បែបបទពីធនាគារ។ ធនាគារមិនទទួលយកការជូនដំណឹងអំពីការបិទគណនីចរន្ត ដោយផ្ទាល់មាត់ តាមទូរសព្ទ តេឡិច អ៊ីម៉ែល ឬ តេឡេក្រាម។ រាល់មូលប្បទានបត្រដែលនៅសល់ទាំងអស់គឺជាកម្មសិទ្ធិរបស់ធនាគារ ក្រោយពេលបិទគណនីចរន្ត។ មូលប្បទានបត្រដែលមិនទាន់ប្រើប្រាស់ទាំងអស់ត្រូវបញ្ជូនមកធនាគារវិញភ្លាម។

 

៤. គណនីប្រាក់បញ្ញើមានកាលកំណត់

៤.១ ធនាគារត្រូវបញ្ជាក់អំពីចំនួនទឹកប្រាក់អប្បបរមាសម្រាប់បញ្ញើមានកាលកំណត់ និងរយៈពេលតម្កល់ប្រាក់ ព្រមទាំងរក្សាសិទិ្ធក្នុងការផ្លាស់ប្តូរចំនួនទឹកប្រាក់អប្បបរមានៃប្រាក់បញ្ញើ និងរយៈពេលតម្កល់នៅពេលណាមួយនាពេលអនាគត តាមឆន្ទានុសិទិ្ធតែមួយគត់របស់ធនាគារ។

៤.២ ការដាក់ប្រាក់បញ្ញើមានកាលកំណត់ត្រូវបានបញ្ជាក់ដោយប័ណ្ណដាក់ប្រាក់បញ្ញើដែលមានហត្ថលេខាបញ្ជាក់របស់បុគ្គលិកធនាគារ ហើយប័ណ្ណនោះមិនមែនជាឯកសារបញ្ជាក់កម្មសិទិ្ធនោះទេ។

៤.៣ ការប្រាក់របស់គណនីបញ្ញើមានកាលកំណត់គឺស្ថិតនៅក្នុងអត្រាដែលបានឯកភាពគ្នារវាងធនាគារ និងម្ចាស់គណនី នឹងត្រូវទូទាត់ជូនម្ចាស់គណនី ស្របតាមការអនុវត្តរបស់ធនាគារជាធរមាន។

៤.៤ ការដកប្រាក់ផ្នែកណាមួយ មុនកាលកំណត់នឹងត្រូវចាត់ទុកជាការដកប្រាក់មុនការិយបរិច្ឆេទដកប្រាក់។

៤.៥ ការដកប្រាក់បញ្ញើមានកាលកំណត់អាចធ្វើបានតែនៅសាខាធនាគារដែលបានរក្សាទុកបញ្ញើមានកាលកំណត់ប៉ុណ្ណោះ។ ត្រូវធ្វើការជូនដំណឹងក្នុងរយៈពេល ៣១ (សាមសិបមួយ) ថ្ងៃមុនចំពោះប្រាក់បញ្ញើមានកាលកំណត់សម្រាប់រយៈពេល ៣ ខែ ឬ លើសពីនេះ។

៤.៦ ធនាគារមិនធ្វើការទូទាត់ការប្រាក់ ចំពោះរាល់ការដកប្រាក់មុនកាលកំណត់ ហើយដកមុនរយៈពេល ៣ (បី) ខែក្រោយពេលដាក់ប្រាក់បញ្ញើឡើយ។ ការទូទាត់ការប្រាក់នឹងត្រូវបានទូទាត់តាមឆន្ទានុសិទ្ធិតែមួយគត់របស់ធនាគារដោយផ្អែកលើប្រាក់បញ្ញើមានកាលកំណត់សម្រាប់រយៈពេលយ៉ាងតិចបំផុត ៦ ខែ និង ១២ ខែ ហើយបានបំពេញចំនួនខែនៃបញ្ញើនោះ។

៤.៧ ការដកប្រាក់បញ្ញើមានកាលកំណត់មុនរយៈពេលកំណត់ នោះគណនីនឹងត្រូវបានបិទ។

៤.៨ រាល់ប្រាក់បញ្ញើមានកាលកំណត់ដែលដល់កាលបរិច្ឆេទកំណត់មិនបានដក ត្រូវបន្តជាថ្មីដោយស្វ័យប្រវត្តិ ដោយផ្អែកតាមរយៈពេលកំណត់ និងអត្រាការប្រាក់ដែលធនាគារកំណត់ នៅពេលបន្តជាថ្មីនោះ លើកលែងតែមានការកំណត់ផ្សេងក្នុងពាក្យស្នើសុំបើកគណនីប្រាក់បញ្ញើមានកាលកំណត់។

 

៥. គណនីរួម

៥.១ នៅពេលដែលគណនីមួយមានបុគ្គលពីរនាក់ ឬច្រើនជាងនេះ (“គណនីរួម”) បញ្ញត្តិ និងលក្ខខណ្ឌទាំងនេះត្រូវអនុវត្តចំពោះគ្រ​ប់ម្ចាស់គណនីរួមដោយសាមគ្គីគ្នា។ ម្ចាស់គណនីរួមនីមួយៗត្រូវទទួលខុសត្រូវរៀងៗខ្លួន លើចំនួនទឹកប្រាក់ទាំងអស់ សម្រាប់ការធ្វើប្រតិបត្តិការណាមួយដែលពាក់ព័ន្ធនឹងគណនីរួម។ ចំពោះសំណើបន្ថែម ឬ ការផ្លាស់ប្តូរម្ចាស់គណនីរួមណាម្នាក់ ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ និងចុះហត្ថលេខាត្រឹមត្រូវដោយម្ចាស់គណនីទាំងអស់។ លិខិតស្នើសុំនេះត្រូវបញ្ជាក់អំពីមូលហេតុ និងសមតុល្យនៃគណនីរហូតមកទល់កាលបរិច្ឆេទស្នើសុំ។

៥.២ លក្ខខណ្ឌនៃប្រតិបត្តិការសម្រាប់គណនីរួមអាចធ្វើតាមទម្រង់ណាមួយដូចខាងក្រោម៖

-​ ម្ចាស់គណនីរួមណាម្នាក់ក៏បាន

- ម្ចាស់គណនីរួមទាំងអស់ ឬ

- ម្ចាស់គណនីពីរនាក់ ឬ ម្ចាស់គណនីច្រើនជាងនេះ ក្នុងចំណោមម្ចាស់គណនីរួមទាំងអស់

ទម្រង់នៃប្រតិបត្តិការដែលបានជ្រើសរើសត្រូវបានកត់ត្រានៅក្នុងទម្រង់បែបបទដែលធនាគារកំណត់។

៥.៣ បន្ទាប់ពីគណនីរួមត្រូវបានបើក លក្ខខណ្ឌប្រតិបត្តិការនៃគណនីរួម អាចផ្លាស់ប្តូរលុះត្រាតែមានការយល់ព្រមពីម្ចាស់គណនីរួមទាំងអស់នោះ។ ធនាគារមិនមានកាតព្វកិច្ចធ្វើការកែប្រែណាមួយលើគណនីរួមតាមការបញ្ជា/ណែនាំពីម្ចាស់គណនីរួមណាម្នាក់ ឬ ខ្លះៗនោះទេ។ ការបិទគណនីរួមនេះ ត្រូវមានការយល់ព្រមពីម្ចាស់គណនីទាំងអស់។

៥.៤ ករណីដែលម្ចាស់គណនីរួមណាម្នាក់ទទួលមរណៈភាព ក្ស័យធន ឬ មានបញ្ហាស្មារតី សមតុល្យឥណទានក្នុងគណនីរួមនោះអាចត្រូវបានទូទាត់ទៅម្ចាស់គណនីរួមដែលនៅរស់ ស្របតាម (ប្រសិនបើតម្រូវ) ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ។

 

៦. សំណងការខូចខាត

៦.១ ម្ចាស់គណនីយល់ព្រមដោយគ្មានលក្ខខណ្ឌ និងគ្មានការកែប្រែ ក្នុងការធានាសងដល់ធនាគារ ចំពោះរាល់ការទាមទារ ការស្នើសុំ បណ្តឹង ការទទួលខុសត្រូវ ការខូចខាត ការចំណាយ ការខាតបង់ និងសោយហ៊ុយគ្រប់ប្រភេទដែលធនាគារអាចទទួលរងទាក់ទងនឹងឥណទានធនាគារណាមួយ ឬ ប្រាក់កម្ចី ឬ ការផ្គត់ផ្គង់ ការផ្តល់   សេវាធនាគារណាមួយសម្រាប់ម្ចាស់គណនី ចំពោះមូលប្បទានបត្រ ឬ ឧបករណ៍ទូទាត់ផ្សេងណាមួយរបស់ម្ចាស់គណនី ឬ គណនីណាមួយរបស់ម្ចាស់គណនី (​បំណុល​របស់ធនាគារ) និងត្រូវទូទាត់ទៅធនាគារតាមការស្នើសុំ នូវចំនួនទឹកប្រាក់ទាំងអស់ដែលធនាគារទាមទារ ឬ ធនាគារអាចទូទាត់ ឬ ទទួលខុសត្រូវទូទាត់ ដោយមូលហេតុ ឬ មានភាពពាក់ព័ន្ធនឹងបំណុលរបស់ធនាគារ។

៦.២ ធនាគារអាចទូទាត់ភ្លាមៗនូវទឹកប្រាក់ណាមួយ និង ទាំងអស់ដែលបានទាមទារ ឬ ដែលធនាគារត្រូវទូទាត់ ទាក់ទងនឹងបំណុលរបស់ធនាគារ ដោយមិនចាំបាច់មានសំអាងណាមួយ ឬ ការសម្រេចពីម្ចាស់គណនីឡើយ ហើយធនាគារមិនមានកាតព្វកិច្ចសួរបញ្ចាក់ថាតើការទាមទារណាមួយត្រូវបានធ្វើឡើងដោយត្រឹមត្រូវ ឬ អត់នោះទេ ទោះបីជាម្ចាស់គណនីបានជំទាស់លើសុពលភាពនៃការទាមទារក៏ដោយ ហើយម្ចាស់គណនីត្រូវយល់ព្រមលើការទាមទារមកលើធនាគារ និងការទូទាត់ដែលធនាគារបានធ្វើ ថានឹងចងកាតព្វកិច្ចម្ចាស់គណនី។ ចំនួនទឹកប្រាក់ដែលធនាគារបានទូទាត់ត្រូវកាត់ចេញពីគណនីប្រាក់បញ្ញើណាមួយ ដោយរួមទាំងគណនីរួម និងគណនីប្រាក់បញ្ញើមានកាលកំណត់ដែលម្ចាស់គណនីមាននៅធនាគារ។

៦.៣ ម្ចាស់គណនីយល់ព្រម និងអនុញ្ញាតឱ្យធនាគារចែកចាយទៅបុគ្គលណាក៏ដោយ ទំាងក្នុង និងក្រៅប្រទេសកម្ពុជា រួមទាំងតែមិនកំណត់ត្រឹម ក្រុមហ៊ុននៅក្នុងគ្រុបរបស់ធនាគារ ព្រមទាំងក្រុមហ៊ុនក្នុងគ្រុបស៊ីអាយអឹមប៊ីគ្រុបហ៊ូលឌឹងប៊ឺហាត (CIMB Group Holdings Berhad) ដែលជាក្រុមហ៊ុនហ៊ូលឌីងតែមួលគត់របស់ធនាគារ (ក្រុមហ៊ុនគ្រុប) ​ទោះបីជាក្រុមហ៊ុនគ្រុបនោះស្ថិតនៅក្នុង ការធ្វើសកម្មភាពអាជីវកម្ម ចុះបញ្ជី ឬ បានបង្កើតឡើងនៅក្នុង និងក្រៅប្រទេសកម្ពុជាក៏ដោយ នូវព័ត៌មានណាមួយដែលទាក់ទងទៅនឹងម្ចាស់គណនី អាជីវកម្មរបស់ម្ចាស់គណនី និង/ឬ គណនីធនាគាររបស់ម្ចាស់គណនីសម្រាប់គោលបំណងខាងលើនេះ បើធនាគារយល់ឃើញថាសមស្រប ឬ ត្រឹមត្រូវ។ ការចែកចាយព័ត៌មានទៅក្រុមហ៊ុនគ្រុប ដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយ ការលក់ ការប្រគល់ ការចែកចាយនូវផលិតផល និងសេវាហិរញ្ញវត្ថុត្រូវធ្វើឡើងសម្រាប់សម្រួលប្រតិបត្តិការ អាជីវកម្ម និងការលក់ផលិតផលច្រើនប្រភេទបញ្ចូលគ្នា និងគោលបំណងផ្សេងទៀតរបស់ធនាគារ និង/ឬក្រុមហ៊ុនគ្រុប។

 

៧. បញ្ញត្តិ និងលក្ខខណ្ឌផ្សេងទៀត

៧.១ សិទ្ធិរបស់ធនាគារក្រោមបញ្ញត្តិ និងលក្ខខណ្ឌទាំងនេះ គឺជាសិទ្ធិរបស់ធនាគារដែលបន្ថែមលើសិទ្ធិផ្សេងទៀតដែលធនាគារមាន។  ប្រសិនបើបញ្ញត្តិ និងលក្ខខណ្ឌណាមួយ ឬ បញ្ញត្តិនៃកិច្ចព្រមព្រៀងណាមួយជាមួយម្ចាស់គណនី ខុស ច្បាប់ ឬ មិនអាចអនុវត្តបាន បញ្ញត្តិ និងលក្ខខណ្ឌដែលខុសច្បាប់ ឬ មិនអាចអនុវត្តបានទាំងនោះ មិនប៉ះពាល់ដល់បញ្ញត្តិ និងលក្ខខណ្ឌផ្សេងៗទៀតឡើយ។

៧.២ ធនាគារមានសិទ្ធិឃាត់ទុកជាប្រាតិភោគ នូវទ្រព្យសម្បត្តិ ប្រាក់ ឬ ទ្រព្យរបស់ម្ចាស់គណនី ឬ ទ្រព្យដែលបានដាក់ឱ្យធនាគារកាន់កាប់ ឬ គ្រប់គ្រងដើម្បីថែរក្សាទុក ឬ ផ្សេងពីនេះបាន។

៧.៣ ការព្រមព្រៀងពន្យារពេល ឬ ការខកខាន ឬ ការពន្យារពេលណាមួយរបស់ធនាគារ ក្នុងការអនុវត្តសិទិ្ធ អំណាច ឬ ការទាមទារជួសជុលការខូចខាត ឬ ការអនុវត្តផ្នែកណាមួយនៃសិទ្ធិ អំណាចណាមួយ មិនត្រូវបានចាត់ទុកជាការបោះបង់ចោលសិទ្ធិ អំណាច ឬ ការទាមទារជួសជុលការខូចខាតនោះឡើយ ឬ មិនត្រូវបានចាត់ទុកជាការផ្អាកការអនុវត្តសិទ្ធិ អំណាចនោះទេ។ សិទិ្ធ អំណាច និងការទាមទារជួសជុលការខូចខាតផ្សេងៗរបស់ធនាគារ ត្រូវតែនៅមានអានុភាព និងបន្តអនុវត្តដោយពេញលេញ រហូតដល់សិទិ្ធអំណាចទាំងនោះត្រូវបានបោះបង់ចោលដោយជាក់លាក់ ជាលាយលក្ខណ៍អក្សរដែលបានចុះហត្ថលេខាដោយធនាគារ។

៧.៤ ក្នុងករណីដែលបំណុលកើតឡើងដល់ធនាគារនៅពេលណាមួយ ម្ចាស់គណនីយល់ព្រមបោះបង់នូវសិទ្ធិទាមទារណាមួយរបស់ខ្លួន (អភ័យឯកសិទិ្ធ) ចំពោះទ្រព្យសម្បត្តិ ទ្រព្យសកម្ម ឬ  ទ្រព្យអសកម្ម ផ្អែកតាមការអនុវត្តច្បាប់ ឬ នីតិវិធី ផ្សេងៗ ឬ សាលក្រមតុលាការ ឬ សេចក្តីសម្រេចមជ្ឈត្តករ។

៧.៥ ប្រសិនបើការទូទាត់ណាមួយដែលម្ចាស់គណនីជំពាក់ធនាគារ ត្រូវជាប់ពន្ធកាត់ទុក ឬ កាត់កង នោះម្ចាស់គណនី ត្រូវបង់ទៅធនាគារ នូវចំនួនប្រាក់បន្ថែមលើចំនួនប្រាក់កាត់ទុក ឬ កាត់កងនោះ ដើម្បីឱ្យប្រាកដថា ធនាគារបានទទួលនូវចំនួនប្រាក់ទូទាត់ដែលជំពាក់នោះ។ ធនាគារមានសិទិ្ធរក្សាទុកចំនួនទឹកប្រាក់ស្មើនឹងចំនួនទឹកប្រាក់ដែលម្ចាស់គណនីជំពាក់ធនាគារតែម្តង ដោយមិនបញ្ជូលចំនួនទឹកប្រាក់ត្រូវកាត់ទុក និងកាត់កងនោះទេ។

៧.៦ បំណុលរបស់ម្ចាស់គណនីចំពោះធនាគារ នឹងមិនត្រូវបានប៉ះពាល់ដោយសារការផ្លាស់ប្តូរការបង្កើត ឬ លក្ខន្តិកៈផ្លូវច្បាប់របស់ម្ចាស់គណនីទេ ហើយបំណុលទាំងនោះនឹងនៅចងកាតព្វកិច្ចអ្នកបន្តសិទ្ធិពីអ្នកតំណាងរបស់ម្ចាស់គណនីនោះផងដែរ។

៧.៧ ម្ចាស់គណនីមិនត្រូវផ្ទេរ ឬ ធ្វើអនុប្បទានសិទ្ធិ ឬ កាតព្វកិច្ចផ្សេងៗដែលទំនាក់ទំនងនឹងគណនីណាមួយ ឬ កិច្ចព្រមព្រៀងផ្សេងណាមួយ ឬ ប្រតិបត្តិការដែលបានធ្វើឡើងដោយ និង រវាងម្ចាស់គណនី និងធនាគារចំពោះភាគីណាមួយផ្សេងទៀត ដោយគ្មានការយល់ព្រមលាយលក្ខណ៍អក្សរពីធនាគារបានឡើយ។ ធនាគារមានឆន្ទានុសិទ្ធិក្នុងការយល់ព្រមដោយមិនចាំបាច់ផ្តល់នូវមូលហេតុចំពោះការបដិសេធនោះឡើយ។

៧.៨ ករណីមានភាពមិនស្របគ្នា រវាងបញ្ញត្តិ និងលក្ខខណ្ឌជាភាសាអង់គ្លេស និងភាសាខ្មែរ ឯកសារជាភាសាអង់គ្លេសត្រូវយកជាគោល។

៧.៩ លើកលែងតែមានការព្រមព្រៀងជាពិសេសដោយឡែករវាងធនាគារ និងម្ចាស់គណនី បញ្ញត្តិ និងលក្ខខណ្ឌទាំងនេះត្រូវបានគ្រប់គ្រងដោយច្បាប់ និងបទប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា។ ម្ចាស់គណនីត្រូវយល់ព្រមដោយគ្មានលក្ខខណ្ឌថា ក្នុងករណីមានវិវាទដែលកើតឡើងពាក់ព័ន្ធនឹងបញ្ញត្តិ និងលក្ខខណ្ឌទាំងនេះ ឬ កិច្ចព្រមព្រៀងផ្សេងទៀតណាមួយរវាងធនាគារ និងម្ចាស់គណនី ឬ ពាក់ព័ន្ធនឹងបញ្ហាពាណិជ្ជកម្ម ឬ ហិរញ្ញវត្ថុផ្សេងទៀតណាមួយរវាងធនាគារ និងម្ចាស់គណនី វិវាទនោះត្រូវបញ្ជូល និងដោះស្រាយដោយតុលាការកម្ពុជា តាមជម្រើសតែមួយគត់របស់ធនាគារ។ សេចក្ដីសម្រេចណាមួយរបស់តុលាការត្រូវតែជាសេចក្តីសម្រេចចងកាតព្វកិច្ច និងចុងក្រោយ។ ការចំណាយផ្សេងៗរួមទាំងការចំណាយពាក់ព័ន្ធកិច្ចការច្បាប់លើការដោះស្រាយវិវាទ ត្រូវតែជាបន្ទុករបស់ម្ចាស់គណនី។

៧.១០ ម្ចាស់គណនីទទួលខុសត្រូវចំពោះភាពត្រឹមត្រូវនូវរាល់ព័ត៌មានដែលបានផ្តល់ឱ្យធនាគារ។ ធនាគារមិនទទួលខុសត្រូវចំពោះផលវិបាកនានាដែលកើតមានឡើងពីការភាន់ច្រឡំ និង/ឬព័ត៌មានមិនត្រឹមត្រូវដែលម្ចាស់គណនីផ្តល់ឱ្យធនាគារឡើយ។

 

ខ្ញុំ/យើងខ្ញុំ ទទួលស្គាល់ថា ខ្ញុំ/យើងខ្ញុំបានទទួល និងបានអាននូវរាល់បញត្តិ និងលក្ខខណ្ឌគ្រប់គ្រងរាល់ប្រតិបត្តិការគណនីដាក់ប្រាក់បញ្ញើដែលចេញដោយ ធនាគារ
ស៊ីអាយអិមប៊ី ភីអិលស៊ី​ និង សូមធ្វើការ​បញ្ជាក់ពីការ​ព្រមព្រៀងរបស់ខ្ញុំ/យើងខ្ញុំចំពោះបញ្ញត្តិ​ និងលក្ខខណ្ឌគ្រប់គ្រងប្រតិបត្តិការគណនីដាក់ប្រាក់បញ្ញើនេះ។