ក្រុមហ៊ុនវីសា មិនផ្តល់ប័ណ្ណឥណទានផ្ទាល់ដល់អតិថិជននោះទេ។ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី គឺជាធនាគារចេញប័ណ្ណឥណទាន ហើយធ្វើការជាមួយក្រុមហ៊ុនវីសា ដើម្បីចេញប័ណ្ណជូនអតិថិជន។ ធនាគារដែលចេញប័ណ្ណឥណទាន និងធនាគារដែលទទួលប័ណ្ណឥណទាន អាចជាធនាគារតែមួយ ឬខុសគ្នា។ ធនាគារដែលចេញប័ណ្ណឥណទាន អាចធ្វើការជាមួយបណ្តាញទូទាត់ច្រើន ក្នុងពេលដំណាលគ្នា។
នៅពេលដែលប័ណ្ណវីសាស៊ីអាយអិមប៊ី ត្រូវបានគិតថ្លៃនៅតាមម៉ាស៊ីន POSនៅហាងណាមួយ ម៉ាស៊ីន POS របស់អាជីវករនឹងផ្ញើសារអេឡិចត្រូនិកតាមរយៈ VisaNet ទៅកាន់ប្រព័ន្ធរបស់ធនាគារ ស៊ីអាយអិមប៊ី ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យប័ណ្ណឥណទាន លេខកូដអ្នកប្រើប្រាស់ (PIN) និងសមតុល្យដែលអាចប្រើប្រាស់បាន។ ប្រសិនបើទិន្នន័យមានភាពត្រឹមត្រូវ និងសមតុល្យគ្រប់គ្រាន់អាចប្រើប្រាស់បាន ប្រព័ន្ធនឹងផ្តល់សិទ្ធិក្នុងការធ្វើប្រតិបត្តិការ ហើយម៉ាស៊ីន POS នឹងបោះពុម្ពបង្កាន់ដៃ ជាឯកសារយោង សម្រាប់ម្ចាស់ប័ណ្ណ។ ប្រតិបត្តិការដែលបានផ្ទៀងផ្ទាត់ដោយលេខកូដសម្ងាត់ (PIN) នឹងមិនតម្រូវឲ្យមានហត្ថលេខាទេ។ ដោយយោងលើហេតុផលសុវត្ថិភាព ក្រុមហ៊ុនវីសាមិនទទួលយកការឆូតដោយប្រើឆ្នូតម៉ាញេទិកទេ។